អានតួអត្ថបទ
កម្ពុជា សង្គម

កម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពី៦ប្រទេសចូលកម្ពុជាវិញបាន តែត្រូវមានលិខិតបញ្ជាក់ថាគ្មានកូវីដ១៩

ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ REUTERS - STRINGER

រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​ចោល​នូវ​បម្រាម​ហាម​ជន​បរទេស​មក​ពី​៦ប្រទេស គឺ​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក មិន​ឱ្យ​ចូល​មក​កម្ពុជា​ហើយ​។ ជន​បរទេស​ទាំង​៦​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​ដាក់​បម្រាម​មិន​ឱ្យ​ចូល​មក​កម្ពុជា​កាល​ពី​ថ្ងៃទី១៤ និង ១៥ ខែ​មីនា​កន្លង​ទៅ​។ នៅ​រសៀល​ថ្ងៃទី២០ ខែឧសភា​នេះ ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​ថា ពួក​គេ​អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន តែ​ត្រូវ​មាន​លិខិត​បញ្ជាក់​សុខ​ភាព​ថា​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​សាម៉ី​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

វិញ្ញាបនបត្របញ្ជាក់សុខភាពថាគ្មានជំងឺកូវីដ១៩ គឺជាលក្ខខណ្ឌចាំបាច់ជាអាទិភាពដែលក្រសួងសុខាភិបាល​តម្រូវឱ្យមានសម្រាប់ជនបរទេសទាំងអស់ និងជនជាតិខ្មែរដែលចូលមកកាន់ប្រទេសកម្ពុជា។ សម្រាប់ជនបរទេសក្រៅពីវិញ្ញាបនបត្របញ្ជាក់សុខភាពនេះ ក្រសួងសុខាភិបាលក៏បានតម្រូវឱ្យពួកគេត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗទៀតដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីលើលក្ខខណ្ឌទាំងនេះ ក្រសួងសុខាភិបាលក៏តម្រូវឱ្យទាំងជនបរទេស និងជនជាតិខ្មែរមកពីក្រៅប្រទេស ត្រូវទៅធ្វើតេស្តរកជំងឺកូវីដ១៩តាមការរៀបចំរបស់ក្រសួងថែមទៀតផង។ ក្នុងករណីរកឃើញថា អ្នកដំណើរណាម្នាក់ ឬ ច្រើនមានផ្ទុកជំងឺកូវីដ១៩ គឺរាល់អ្នករួមដំណើរជាមួយផ្សេងទៀតទាំងអស់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ចំណែក ក្នុងករណីអ្នកដំណើរទាំងអស់ពិនិត្យរកមិនឃើញជំងឺកូវីដ១៩វិញ គឺពួកគេត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរ​មូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

ជាការកត់សម្គាល់ ការសម្រេចដកបម្រាមចូលប្រទេសលើជនបរទេសទាំង៦ប្រទេស និងវិធានការចំពោះការចូលមកប្រទេសកម្ពុជានេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រសួងសុខាភិបាលបានប្រាប់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យអនុញ្ញាតបើកសារមន្ទីរនានាឡើងវិញបានចាប់ពីខែមិថុនាខាងមុខនេះតទៅ ដើម្បីឱ្យភ្ញៀវជាតិ និង អន្តរជាតិបានចូលទស្សនា។ ប៉ុន្តែ ត្រូវគោរពតាមវិធានការពារការឆ្លងជំងឺកូវីដ១៩។

វិធានការពារនេះ គឺក្រសួងសុខាភិបាលតម្រូវឱ្យមានរៀបចំការស្កេនកម្តៅភ្ញៀវមុនអនុញ្ញាតឱ្យចូលទស្សនាក្នុងសារមន្ទីរ ត្រូវមានប្រើអាល់កុល ឬ ជែលលាងដៃ និង ត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល ទាំងភ្ញៀវ ទាំងអ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅសារមន្ទីរ។ មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលក៏បានណែនាំទៀតថា មិនត្រូវអនុញ្ញាតឱ្យភ្ញៀវ ឬ បុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬ សង្ស័យចូលទស្សនាសារមន្ទីរឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ