អានតួអត្ថបទ
កម្ពុជា សង្គម

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា សកម្មភាពទេសចរណ៍កម្ពុជានឹងមានសកម្មភាពឡើងវិញក្នុងរយៈពេល៦ខែទៀត

ភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនកុះករ ធ្លាប់មកទស្សនាសម្រស់ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនកុះករ ធ្លាប់មកទស្សនាសម្រស់ប្រាសាទអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា © Internet

ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​រំពឹង​ថា ទេសចរណ៍​កម្ពុជា នឹង​មាន​សកម្មភាព​ឡើង​វិញ ក្នុង​រយៈ​ពេល​៦ខែ​ទៀត។ ក្តី​រំពឹង​នេះ គឺ​បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា ទើប​តែ​បាន​សម្រេច​និរាករណ៍​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​ជន​បរទេស​មក​ពី៦​ប្រទេស មិន​ឱ្យ​ចូល​មក​កម្ពុជា​វិញ និង​ស្រប​ពេល​ដែល​ក្រសួង​ទេស​ចរណ៍ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់ ឲ្យ​យក​ឱកាស​កូវីដ ១៩​នេះ កែ​លម្អ​គុណ​ភាព ដើម្បី​ត្រៀម​ខ្លួន ក្រោយ​ពី​ចប់​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ បើតាមអ្នកជំនាញ ក្នុងរយៈពេលមួយខែចុងក្រោយនេះ គឺស្ទើតែគ្មានភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជានោះទេ។ យ៉ាងណាក្តី លោក អាង គឹមអៀង អ្នកជំនាញផ្នែកទេសចរណ៍ជើងចាស់ម្នាក់បានរំពឹងថា វិស័យទេសចរណ៍កម្ពុជា នឹងមានសកម្មភាពឡើងវិញ ក្នុងរយៈពេលយ៉ាងយ៉ូ០៦ខែទៀត។ ប៉ុន្តែ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាវិញបានព្យាករណ៍ថា យ៉ាងហោចណាស់ គេត្រូវការពេលវេលាពី៣ទៅ៤ឆ្នាំ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ឲ្យវិលមករកប្រក្រតីភាពឡើងវិញបាន។

ក្តីរំពឹងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចនិរាករណ៍បម្រាមហាមឃាត់ការធ្វើដំណើររបស់ជនបរទេសមកពី៦ប្រទេស ចាប់ពីថ្ងៃទី ២០ ឧសភា តទៅ។ ក្នុងនោះ រួមមានប្រទេស អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ជាដើម។ បន្ថែមលើនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចាប់ផ្តើមបើកឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលទស្សនានៅតាមសារមន្ទីរជាតិនានា ចាប់ពីខែមិថុនាខាងមុខនេះតទៅ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការស្តារឡើងវិញ នូវវិស័យទេសចរណ៍កម្ពុជា គឺមិនអាចធ្វើឡើងក្នុងរយៈពេលខ្លីបាននោះទេ។

គួរជំរាបជូនថា វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាយ៉ាងធ្ងន់ធ្ងរ ពិសេសនៅក្នុងអំឡុងខែមេសាកន្លងទៅនេះ។ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល៣ខែ នៃឆ្នាំ២០២០នេះ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍បរទេសប្រមាណប្រមាណជា១លាន១សែននាក់ (១១៥៥២២៦) ដែលក្នុងនោះ ភ្ញៀវទេសចរណ៍ចិននៅតែឈរលេខ១ បន្ទាប់មក គឺភ្ញៀវទេសចរណ៍ថៃ និងវៀតណាម។ ប៉ុន្តែបើតាមការបញ្ជាក់បន្ថែមពី តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានពន្យល់ថា ចំនួនទេសចរណ៍បរទេសជាង១លាននាក់នេះ គឺភាគច្រើនបានធ្វើដំណើរចូលមកកម្ពុជានៅអំឡុងខែមករា និងខែកុម្ភៈ គឺមុនពេលដែលជំងឺកូវីដ១៩ បានវាយលុកខ្លាំង។ បើតាមលោក តុប សុភ័ក បើទោះបីជាកម្ពុជាលើកបំរាមខ្លះឲ្យជនបរទេសធ្វើដំណើរចូលមកកម្ពុជាបានវិញក្តី ក៏ប៉ុន្តែមិនមែនមានន័យថា ភ្ញៀវទេសចរណ៍បរទេសនឹងចាប់ផ្តើមដើរកំសាន្តភ្លាមៗវិញនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ