អានតួអត្ថបទ
កម្ពុជា សង្គម

អង្គការសង្គមស៊ីវិលចំនួន៥ ទាមទារឲ្យមានការបែងចែកវ៉ាក់សាំងប្រឆាំងកូវីដ១៩ដោយសមភាព និងឥតគិតថ្លៃ

ការប្រើប្រាស់វ៉ាក់សាំង (រូបភាពតំណាង)
ការប្រើប្រាស់វ៉ាក់សាំង (រូបភាពតំណាង) © Internet

ជុំវិញ​បញ្ហា​កូវីដ​១៩ អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អង្គ​ការ​អន្តរ​ជាតិ​ចំនួន​៥ នៅ​ប្រទេស​កម្ពុជា បាន​រួម​គ្នា​រៀប​ចំ​យុទ្ធ​នា​ការ​ប្រព័ន្ធ​ផ្សាយ​មួយ​តាម​បណ្តាញ​សង្គម រយៈ​ពេល​១ខែ​ចាប់​ពី​ថ្ងៃ​ទី២១​ខែឧសភា​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី២០​ខែមិថុនា​ឆ្នាំ​២០​២០ ដើម្បី​កៀង​គរ​អ្នក​គាំទ្រ​ចំនួន​១លាន​នាក់​។ ការ​ស្វែង​រក​សម្លេង​១លាន​នាក់​នេះ គឺ​ដើម្បី​ជា​ការ​ផ្ញើ​សារ​ទៅ​ថ្នាក់​ដឹក​នាំ​ពិភព​លោក ដើម្បី​ទទួល​បាន​ដោយ​ឥត​គិត​ថ្លៃ និង​ដោយ​ស្មើ​ភាព ដល់​មនុស្ស​គ្រប់​រូប​នៅ​លើ​ភព​ផែន​ដី​នេះ នៅ​ពេល​វ៉ាក់​សាំង​ការពារ​មេរោគ​កូវីដ​១៩ ត្រូវ​បាន​រក​ឃើញ​។

ផ្សាយពាណិជ្ជកម្ម

អង្គការអុកស្វាម រួមជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព និងអង្គការគ្រូពេទ្យគ្មានព្រំដែន យល់ថាមនុស្សគ្រប់រូបនៅលើភពផែនដីនេះ ត្រូវទទួលបានវ៉ាក់សាំងដោយរហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយឥតគិតថ្លៃ ដោយសារវាជាមធ្យោបាយតែមួយគត់ ដើម្បីការពារទាំងអស់គ្នាពីការរាតត្បាតនៃមេរោគកូវីដ១៩។

ក៏ប៉ុន្តែក្រុមអង្គការទាំងនេះ បានបញ្ជាក់ថាហានិភ័យគឺខ្ពស់ខ្លាំងណាស់ ដោយហេតុថា អ្នកមានបំផុត នឹងត្រូវបានអនុញ្ញាតឲ្យទិញវ៉ាក់សាំងការពារខ្លួនឯង ខណៈពេលដែលអ្នកដែលនៅសេសសល់ភាគច្រើនក្នុងចំណោមទាំងអស់គ្នា ជាពិសេស ស្ត្រី ក្មេងស្រី និងអ្នកក្រីក្របំផុត មិនត្រូវបានទទួលវ៉ាក់សាំងទាន់ពេលវេលា។

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពិភពលោកត្រូវតែឯកភាពគ្នាជាបន្ទាន់លើផែនការ ដែលមានមូលនិធិពេញលេញមួយ ដើម្បីអភិវឌ្ឍន៍ ផលិត និងចែកចាយវ៉ាក់សាំងដោយស្មើភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលជាគុណប្រយោជន៍សាធារណៈសកលមួយ។ ប៉ាតង់ និងប្រាក់ចំណេញ មិនអាចរារាំងការចែកចាយវ៉ាក់សាំង និងការព្យាបាល ដល់អ្នកដែលត្រូវការនោះឡើយ។​

ក្រុមអង្គការទាំង៥បានលើកពីបទពិសោធន៍ កាលឆ្នាំ២០០៩ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺផ្តាសាយជ្រូកជាសកល ប្រទេសអ្នកមាននានា បានធ្វើការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិត មួយចំនួនក្នុងទ្រង់ទ្រាយធំ និងមុនគេ ដែលនេះមានន័យថា ប្រទេសផ្សេងទៀតក្នុងពិភពលោក បានទទួល វ៉ាក់សាំងក្នុងបរិមាណទាប និងយឺតជាងប្រទេសទាំងនេះយ៉ាងខ្លាំង។

សូមបញ្ជាក់ដែរថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ឧសភាថ្មីៗនេះ ក្រុម​អ្នកជំនាញ​នៃ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​អឺរ៉ុប​បាន​យល់​ឃើញ​ថា ថ្នាំវ៉ាក់សាំង​ប្រឆាំង​នឹង​កូវីដ-១៩ អាច​នឹង​លេច​រូបរាង​ឡើង​នៅរយៈពេល ១ឆ្នាំ​ទៀត ហើយការបែងចែកវ៉ាក់សាំងនេះក៏បានចាប់ផ្តើមមានភាពចំរូងចំរះរួចទៅហើយ។ ហេតុដូច្នេះទើបក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនេះ បានបង្ហាញពីក្តីបារម្ភជាមុន ដោយរំពឹងថាវ៉ាក់សាំង ដែលនឹងផលិតបានក្នុងពេលខាងមុខ ត្រូវតែបែងចែកឬផ្តល់ឱ្យ ដោយឈរលើគោលការណ៍យុត្តិធម៍ និងស្មើ​ភាព​គ្នាចំពោះមនុស្សជាតិទូទៅ ជាពិសេសអ្នកដែលកំពុងរងគ្រោះពីជំងឺកូវីដ១៩ និងជនដែលងាយរងគ្រោះពីការរីករាលដាលនៃជំងឺនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ