អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩បានកើនឡើងមួយករណីថ្មីទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់ជាងមួយខែមកនេះ

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

ជំងឺកូវីដ១៩​បានកើត​ឡើង​ទៅ​លើបុរស​ជនជាតិ​ខ្មែរម្នាក់​ទៀត​ហើយ កាលពី​ម្សិលមិញ គឺជាករណី​នាំ​ចូល​ពីក្រៅ​ប្រទេស។ នេះជាករណី​ជំងឺកូវីដ១៩​ ទី១២៣ បន្ទាប់ពី មានការ​ស្ងប់​ស្ងាត់​អស់រយៈ​ពេលជាងមួយ​ខែ​មកនេះ​។ ការ​ផ្ទុះ​ឡើង​វិញ​​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​បាន​ញាំងឲ្យ​ក្រសួង​សុខាភិបាល​អំពាវនាវ​​បន្ថែម​ទៀត​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​អុវត្ត​វិធានការ​ការពារ​ខ្លួន​ជាចាំ​បាច់​ក្នុង​ដំណាក់កាល​នេះ ខណៈ​អ្នក​ជំនាញ​អង្គការ​សុខ​ភាព​ពិភពលោក​ព្រមាន​ពីករណី​កើត​មានរលកទី២​នៃជំងឺកូវីដ១៩​នៅកម្ពុជា។

ផ្សាយពាណិជ្ជកម្ម

បុរសទី១២៣ ដែល​កើត​ជំងឺកូវីដ១៩​នៅថ្ងៃទី២១​ឧសភានេះ គឺ​មានទី​លំនៅក្នុង​​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត​។​ បុរស​អាយុ​២៦​ឆ្នាំ​រូប​ឆ្នាំ​នេះ បាន​ធ្វើ​ដំណើ​រមក​ពី​ប្រ​ទេស​ហ្វី​លីពីន ដោយ​ចុះ​ចត​ប្តូរ​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មុន​មកដល់​កម្ពុជានៅ​យប់​ថ្ងៃ​ទី​២០​ឧសភា។ នេះបើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល។

បើតាម​ក្រសួង​សុខា​ភិបាល គឺមានមនុស្ស​សរុប​ចំនួន៦៣​នាក់ ដែលបាន​រួម​ដំណើរ​ជាមួយ​បុរស​ដែល​មាន​ជំងឺកូវីដ​១៩​នេះ ក្នុង​នោះមាន​ជនជាតិខ្មែរ​៣៤​នាក់ កូរ៉េ​២៣​នាក់ ជប៉ុន៣នាក់ ប៊ែល​ហ្ស៊ិក​១នាក់ តៃវ៉ាន់​១នាក់ ​និង​ហូឡង់​១នាក់។ នៅពេល​មក​ដល់​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ អ្នក​ទាំង​នោះ ត្រូវ​បាន​ត្រួត​ពិនិត្យ​សុខភាព និង​ដាក់ឲ្យនៅកន្លែង​ធ្វើ​ចត្តាឡី​ស័ក ដើម្បី​យក​សំណាកទៅ​ធ្វើ​វិភាគ។ ​ជា​លទ្ធផល​មាន​បុរសជនខ្មែរ​អាយុ២៦​ឆ្នាំ​ម្នាក់មាន​កើត​ជំងឺ​កូវីដ១៩​នេះ។

យ៉ាងណាក៏ដោយ​អ្នក​ដំណើរចំនួន​៦២​នាក់ទៀត ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញដើម្បី​តាម​ដាន​សុខភាព ខណៈបុរស​ដែលមាន​ជំងឺកូវីដ១៩ ទី១២៣​នោះ​ ត្រូវ​បាន​បញ្ជួន​ទៅ​កាន់​មន្ទីរពេទ្យ​រុស្ស៊ី។

គួរ​កត់​សំគាល់ថា ការ​កើត​មានករណី​ជំងឺកូវីដ១៩​ទី១២៣នៅកម្ពុជានេះ គឺបន្ទាប់ពីមានការ​ស្ងប់​ស្ងាត់​អស់រយៈពេល​ជាង​មួយ​ខែ​មកនេះ​ ហើយ​អ្នក​ជំងឺ​ចំនួន១២២នាក់​ត្រូវ​បាន​ព្យបាលជាសះស្បើយ​អស់ ដោយ​មិន​មានអ្នកណា​ម្នាក់​​ស្លាប់​នោះឡើយ។ ប៉ុន្តែការ​ផ្ទុះ​ឡើង​វិញ​​នៃ​ជំងឺ​ឆ្លង​មួយ​នេះ​បាន​ញាំងឲ្យ​ក្រសួង​សុខាភិបាល​អំពាវនាវ​​បន្ថែម​ទៀត​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជាចាំ​បាច់​ក្នុង​ដំណាក់កាល​នេះ ខណៈ​អ្នក​ជំនាញ​អង្គការ​សុខ​ភាព​ពិភពលោកកាលពី​សប្តាហ៍មុន​ក៏បាន​ព្រមាន​ថា កម្ពុជា​នៅប្រឈម​ករណី​កើត​មានរលកទី២​នៃជំងឺកូវីដ១៩​ម្តង​ទៀត ប្រសិន​បើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មាន​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ