អានតួអត្ថបទ
កម្ពុជា កូរ៉ូណាវីរុស

កម្ពុជាប្រកាសពីការរកឃើញករណីកូវីដ១៩ ទី១២៤

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃសៅរ៍ទី​២៣​ឧសភា​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​កូវីដ១៩​ចំនួន១ករណី​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​ករណី​កូវីដ១៩​នៅ​កម្ពុជា​កើន​ឡើង​ដល់​១២៤​ករណី។ ករណីកូវីដ​១៩ថ្មី​នេះ កើត​ឡើង​លើ​ស្ដ្រី​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃទី០៨​ឧសភា​កន្លង​ទៅ។

ផ្សាយពាណិជ្ជកម្ម

ត្រឡប់មក​ពី​សហរដ្ឋអាមេរិក​មក​ដល់​កម្ពុជា​ភ្លាម ស្ដ្រី​ជនជាតិ​ខ្មែរ អាយុ​៣៩ឆ្នាំ រស់​នៅ​ខណ្ឌសែន​សុខរាជធានី​ភ្នំពេញ បាន​ចាត់​ចែង​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយ​បាន​ទៅ​ពិនិត្យ​សុខភាព​និង​ធ្វើ​តេស្ត​នៅមន្ទីរ​ពេទ្យមិត្តភាព​ខ្មែរ​សូវៀត នៅ​ថ្ងៃទី១២​ឧសភា នៅ​ពេល​គាត់​មាន​បញ្ហាក្អក តឹង​ច្រមុះ និង​ស្ងួត​បំពង់ក។ ប៉ុន្តែ​បើតាម​ក្រសួង​សុខាភិបាល ការ​ធ្វើ​តេស្ត​លើក​នោះ​ទទួល​លទ្ធផល​អវិជ្ជមាន។

ក្រុម​គ្រូពេទ្យ​ខ្មែរ​បាន​ណែនាំ​ឲ្យ​ស្ដ្រី​រូប​នេះ​បន្ត​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ឲ្យ​គ្រប់​១៤ថ្ងៃ រហូត​ដល់​ថ្ងៃទី​២០ខែ​ឧសភា​។ យ៉ាងណាក៏​ដោយ មក​ដល់​ថ្ងៃ​ទី២០​ឧសភា អាការៈ​ជំងឺ​របស់​ស្ដ្រី​រូប​នោះ​ពុំមាន​ភាព​ធូរ​ស្រាល​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​វត្ថុ​សំណាក​របស់​គាត់​ទៅ​វិភាគ​សារ​ជាថ្មី​ម្ដងទៀត​។ លទ្ធផល​នៃ​ការ​វិភាគ​ដែល​ទទួល​បាន​នៅ​វេលាម៉ោង​៩កន្លះ យប់​ថ្ងៃទី​២២​ឧសភា​បង្ហាញ​ថា ស្ដ្រី​ជនជាតិ​ខ្មែរ​វ័យ​៣៩ឆ្នាំ​រូប​នេះ មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​។ បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល បច្ចុប្បន្ន ស្ដ្រី​រូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យខ្មែរ​សូវៀត​។

គួរ​បញ្ជាក់​ថា ករណី​ជំងឺកូវីដ១៩​បាន​ស្ងប់​ស្ងាត់មួយរយៈនៅកម្ពុជា មុនពេលចាប់ផ្ដើម​កំរើក​ឡើង​វិញ​នៅ​ក្នុងសប្ដាហ៍នេះ។ គ្រាន់តែក្នុងរយៈពេល៣ថ្ងៃចុងក្រោយ​នេះ កម្ពុជា​រកឃើញ​ករណីថ្មី​នៃ​ជំងឺកូវីដ​១៩​ចំនួន​២ករណី កើតឡើងលើជនជាតិខ្មែរដែលទើបតែត្រឡប់មកពីបរទេសវិញ៖ ម្នាក់​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន និង​ម្នាក់​ទៀតត្រឡប់​មកពីសហរដ្ឋអាមេរិក។ ជាការកត់សម្គាល់ ក្នុងការធ្វើដំណើរត្រឡប់​មក​កម្ពុជា​វិញ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​ឆ្លងកាត់ការឈប់សំចតប្ដូរជើង​ហោះ​ហើរ​នៅប្រទេស​កូរ៉េខាងត្បូង។

តាម​រយៈការរកឃើញករណីថ្មីៗនៃជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាលបានទទូចឲ្យ​ប្រជាពល​រដ្ឋ​បន្ត​ប្រុងប្រយ័ត្ន និង​រៀន​រស់នៅសម្របខ្លួនទៅតាម «សភាពធម្មតាតាមបែបគន្លងថ្មី»។ «សភាព​ធម្មតា​តាម​បែប​គន្លងថ្មី» សំ​ដៅ​ដល់​ការ​រស់​នៅប្រកបដោយសុខអនាម័យខ្ពស់ រួមមាន ការលាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ អនុវត្ត​វិធានអនាម័យ​នៅ​ពេល​ក្អក​ឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាតសុវត្ថិភាព​បុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើនឬ​ទៅ​កាន់​ទី​កន្លែង​ដែល​មានមនុស្ស​កុះករ ហើយ​ជាពិសេសត្រូវនៅឲ្យឆ្ងាយពីអ្នកដទៃនៅ​ពេល​ឈឺ​ថ្កាត់​ជា​ដើម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ