អានតួអត្ថបទ
កម្ពុជា នយោបាយ

ឯកអគ្គរាជ​ទូតជប៉ុនសង្ឃឹមថា ជំនួប ហ៊ុន សែន-កឹម សុខា នឹងអាច​នាំមក​នូវ​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ពលរដ្ឋ​ខ្មែរ

ឯកអគ្គរាជទូតជប៉ុន ជួបលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែឧសភា
ឯកអគ្គរាជទូតជប៉ុន ជួបលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែឧសភា © សហការី

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami បាន​ស្វាគមន៍​ចំពោះ​ជំនួប​រវាង​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា និង​បាន​ដាក់​ក្តី​សង្ឃឹមថា តាមរយៈជំនួប​ដែល​ធ្វើ​ឡើង​កាល​ពី​ពេលថ្មីៗ​នេះ នឹង​អាច​នាំមកនូវ​លទ្ធផលជា​វិជ្ជមាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី៥ ខែឧសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានជួប​គ្នា​ជា​លើក​ដំបូង រាប់​ចាប់​តាំង​ពីឆ្នាំ២០១៦​មក។ ជំនួប​លើក​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ឯគេហដ្ឋានរបស់លោកហ៊ុន សែន នាឱកាស​ដែល​លោក កឹម សុខា បាន​ចូលរួម​គោរ​ពវិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី។

ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​លោក កឹម សុខា កាល​ពី​ថ្ងៃទី ២២ ឧសភា បាន​ឲ្យ​ដឹង​ថា ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Masahiro Mikami បាន​ស្វាគមន៍​ចំពោះ​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ដែលធ្វើឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។ សម្រាប់​ឯកអគ្គរាជ​ទូត​ជប៉ុន លោកបាន​ស្វាគមន៍​ចំពោះ​ជំនួប​រវាង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងលោក កឹម សុខា និងបាន​សង្ឃឹម​ទុក​ថា តាម​រយៈជំនួប​ដ៏​មាន​សារសំខាន់​នេះ នឹង​អាចនាំមកនូវ​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​។

បើទោះបី​ជា​ឯកអគ្គរាជ​ទូត​ជប៉ុន​លោក Masahiro Mikami មិន​បាន​បង្ហាញ​ជា​សាធារណៈ​ពី​ខ្លឹម​សារ​នៃ​ជំនួបខាង​លើ​នេះ​ក្តី ប៉ុន្តែបើតាមគណនីយហ្វេសប៊ុករបស់លោក កឹម សុខា បានឲ្យដឹងបន្ថែមថា នៅ​ក្នុង​ជំនួប​រវាងលោក​និង​ឯកអគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នោះ ភាគីទាំងពីរក៏បានពិភាក្សា​និង​ផ្លាស់​ប្តូរ​ទស្សនៈ​និង​ស្វែង​យល់​គ្នា អំពីចំណង​មិត្តភាព​កម្ពុជា-ជប៉ុន, អំពីដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា រួមទាំង វិស័យ​សេដ្ឋកិច្ច និងសង្គម និង​ជា​ពិសេស​អំពីផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ពេល​និង​ក្រោយ​ពេល​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ នេះ​ដែរ។

គួរជំរាបជូនថា ចាប់​តាំង​ពី​ក្រោយ​មាន​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា កាលពីថ្ងៃទី ០៥ ឧសភាមក លោក កឹម សុខា បាន​ផ្តើម​ជួប​ទូត​បរទេស​ជា​ថ្មី។ ហើយ​ជប៉ុន គឺ​ជា​ប្រទេស​ទី៧ ដែលបាន​ជួប​សន្ទនា​ជា​មួយ​លោក កឹម សុខា បន្ទាប់ពីទូតអូស្ត្រាលី អាល្លឺម៉ង បារាំង សហភាពអឺរ៉ុប ស៊ុយអ៊ែត និង អាមេរិក ជាដើម។ ដូច​ជំនួប​ជា​មួយបណ្ដាទូតប្រទេសប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែរ ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ស្វាគមន៍ចំពោះជំនួបលើកដំបូងរវាង លោក កឹម សុខា និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា រាប់ចាប់តាំងពីឆ្នាំ២០១៦មក និងបានចាត់ទុកថា មានសារសំខាន់ នឹងអាច​នាំ​មក​នូវ​លទ្ធផល​ជាវិជ្ជមាន​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ​។

គួរ​រំលឹក​ជូន​ដែរថា លោក កឹម សុខា ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​ឃុប​ឃិត​ជា​មួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោកត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ឃុំ​ខ្លួន តាំងពីខែកញ្ញា ឆ្នាំ ២០១៧មក។ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវ​បាន​ផ្ទេរការឃុំ​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្តត្បូង​ឃ្មុំ មកឃុំឃាំងនៅ​ក្នុង​គេហដ្ឋាន​របស់​លោក​វិញ នៅ​ក្រោម​ហេតុផល​សុខ​ភាព​។ លុះរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដី​កាដោះ​លែងលោក កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ នៅក្រោម​លក្ខខណ្ឌ​ថ្មី​នេះ លោក កឹម សុខា មាន​សេរីភាពដើរ​ហើរ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែហាម​មិន​ឲ្យ​ចេញ​ទៅ​ក្រៅប្រទេស ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន សំណុំ​រឿងរបស់​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​កាត់​សេច​ក្តី​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ