អានតួអត្ថបទ
កម្ពុជា សារព័ត៌មាន

អង្គការអ្នកកាសែតគ្មានព្រំដែន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែងម្ចាស់វិទ្យុរិទ្ធិសែន

លោក សុខ ឧត្តម ជាម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន
លោក សុខ ឧត្តម ជាម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន © RSF

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) កាលពីថ្ងៃទី២២ ខែឧសភា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង ​ម្ចាស់​ស្ថានីយ​វិទ្យុ និងគេហទំព័រ​រិទ្ធិសែន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ជាង​១០ថ្ងៃ​មុន​។ ការ​ចាប់​ខ្លួនធ្វើ​ឡើង​បន្ទាប់​ពី​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ និងគេហទំព័រ​រិទ្ធិសែន​រូប​នេះ ធ្វើ​សេចក្តី​រាយ​ការណ៍​ពាក់ព័ន្ធ​នឹងជម្លោះ​ដីធ្លី​។

ផ្សាយពាណិជ្ជកម្ម

លោក សុខ ឧត្តម ដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ និងគេហទំព័រ​រិទ្ធិសែន នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ត្រូវបានអាជ្ញាធរឃាត់​ខ្លួន​កាល​ពីថ្ងៃ​ពុធ​សប្តាហ៍​មុន ដោយ​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ដែលអាច​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ   ក្រោយពី​លោក​រាយការណ៍​ពីជម្លោះដីធ្លី​រវាងសហគមន៍​កសិករ​មូលដ្ឋាន​ និងមន្ត្រីថ្នាក់ស្រុក​ដែល​មានអំណាច​។ ​

ក្រៅពីការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេសបារាំង​នេះ ក៏​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​គ្រប់​យ៉ាង និង​ផ្តល់​អាជ្ញាបណ្ណ​ឲ្យ​ស្ថានីយវិទ្យុ​របស់​លោក​ផ្សាយ​ឡើង​វិញ​ផង​ដែរ​។

លោក Daniel Bastard នាយក​ប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​សង្កត់​ធ្ងន់ថាអាជ្ញាធរ​កម្ពុជា​គួរ​តែ​បញ្ឈប់​ការ​គាប​សង្កត់​លើ​សេរីភាព​សារព័ត៌មាន ដើម្បី​ដាក់​បន្ទុក​លើក​ការផ្សព្វ​ផ្សាយរបស់​ពួកគេ​។

កាលពីដើមសប្តាហ៍នេះ ក្រុម​អង្គ​ការ សហ​គមន៍​ចំនួន​១៣១ ក៏បាន​ស្នើ​សុំ​ដល់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ឲ្យទម្លាក់​ចោល​ការចោទ​ប្រកាន់​ទៅ​លើ​លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រិទ្ធី​ ​ ជា​អ្នកសារព័ត៌មាន ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និង​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​ ដោយសារតែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់។ ក្រុមសង្គមស៊ីវិលក៏បានស្នើសុំ​ដោយទទូច​ឱ្យរាជរដ្ឋាភិបាល​ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះ​អ្នកសារព័ត៌មាន​ទាំងនេះ ​និងសូមឱ្យ​បញ្ឈប់​ការបង្ក្រាប​ចុងក្រោយ​នេះទៅលើ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេសកម្ពុជា។​

សូម​បញ្ជាក់​ដែរ​ថា នៅ​ដើម​ឆ្នាំ​២០២០នេះ​ យ៉ា​ងតិចណាស់​មានអ្នក​សារព័ត៌មាន​ជាង១០នាក់​ ត្រូវ​បាន​កោះហៅ និងសាកសួរ​ដោយ​សមត្ថកិច្ច​ ដោយសារ​ការរាយការណ៍​ព័ត៌មាន​របស់ពួកគាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ