អានតួអត្ថបទ
កម្ពុជា សង្គម

លោក ថោង ខុន៖ ឆ្នាំនេះភ្ញៀវទេសចរណ៍បរទេសអាចធ្លាក់ចុះ៧០% ខណៈភ្ញៀវក្នុងស្រុកធ្លាក់ចុះ៥០%

លោក ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​
លោក ​ថោង ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា ​ @Facebook

ក្រសួងទេសចរណ៍នៅថ្ងៃសុក្រនេះ បានដាក់ចេញជាផ្លូវការ នូវវិធានសុវត្ថិភាពសម្រាប់ដំណើរការឡើងចំពោះអាជីវកម្មទេសចរណ៍ បន្ទាប់ពីអាជីវកម្ម​មួយនេះ​បាន​ផ្អាក​សកម្មភាពដោយ​សារ​ជំងឺកូវីដ១៩កន្លងមកនេះ។ បើតាម​រដ្ឋមន្ត្រី​ទេសចរណ៍ ភ្ញៀវបរទេសដែល​មកកម្ពុជារយៈ​ពេល​៤​ខែ​ដើមឆ្នាំនេះ​បានធ្លាក់ចុះ៥២%​ បើធៀប​នឹង​ឆ្នាំ​២០១៩។ ប៉ុន្តែពេញមួយឆ្នាំ២០២០នេះ លោក ថោង ខុន ព្យាការណ៍ថា ភ្ញៀវទេសចរណ៍​បរទេស​អាចនឹងបន្តធ្លាក់ចុះរហូតដល់៧០% ខណៈភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​នឹងធ្លាក់ចុះរង្វង់​៥០%។

ផ្សាយពាណិជ្ជកម្ម

ក្នុងពិធី​ផ្សព្វផ្សាយ​បទដ្ឋានគតិយុត្តិ ដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាពទេសចរណ៍ នៅព្រឹក​ថ្ងៃទី៥មិថុនា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីការធ្លាក់​យ៉ាងគំហុក​នៃភ្ញៀវទេសចរណ៍នៅ​លើ​ពិភពលោកក៏ដូចជាកម្ពុជាផងដែរ។ សម្រាប់​កម្ពុជាផលប៉ះពាល់ ​នៃជំងឺកូវីដ១៩ បានធ្វើ​ឲ្យ​ភ្ញៀវទេសចរណ៍​បរទេសធ្លាក់ចុះ៥២% ​ក្នុង​រយៈ​ពេល​៤ខែ​ដើមឆ្នាំ​២០២០។ ប៉ុន្តែរយៈពេញមួយឆ្នាំ២០២០នេះ ភ្ញៀវទេសចរណ៍​បរទេស​អាចនឹងបន្តធ្លាក់ចុះរហូតដល់៧០%។ នេះបើតាមការព្យាករណ៍​របស់​ក្រ​សួង​​ទេសចរណ៍។

សូមបញ្ជាក់ថា កាលពីឆ្នាំ​២០១៩ ចំនួនភ្ញៀវទេសចរណ៍​បរទេស​ដែលកម្ពុជាមានប្រមាណ៦,៦​លាននាក់កើនឡើងជាង​៦% ខណៈភ្ញៀវទេសចរណ៍​ក្នុង​ស្រុកមានប្រមាណ១១,៥លាននាក់​កើនឡើង២%។

ការ​ធ្លាក់ចុះ​ភ្ញៀវទេសចរណ៍នេះ​បានធ្វើ​ឲ្យអាជីវកម្មបិទទ្វារចំនួន២៩៥៦ទីតាំង និង​បាត់​បង់​ការងារ​ជាង​៤ម៉ឺននាក់ ខណៈសណ្ឋាគារ​បិទទ្វារចំនួន៣២៤កន្លែង និង​ផ្ទះ​សំណាក់​បានបិទ​ទ្វារ​៣០៤ទីតាំង ព្រមទាំង​ភោជនីយដ្ឋាន​បានបិទ៣៨៥ទីតាំង​។ បើតាម​លោក ថោង​ ខុន ការ​បិទ​ទ្វារ​នៃអាជីវកម្ម​ទេសចរណ៍​នៅឆ្នាំ​២០២០​នេះ​បានធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​ចំណូល​ប្រមាណ៣ពាន់លានដុល្លារ។

ដើម្បី​បើក​ដំណើរ​ការ​អាជីវកម្ម​ទេសចរណ៍ឡើងវិញ ក្រសួងបាន​ដាក់​ចេញនូវវិធានសុវត្ថិភាព​ជា​ច្រើនចំណុចក្រោមឈ្មោះថា«អ្វីដែលគួរធ្វើ និងអ្វីមិនគួរធ្វើ» ដល់​អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក និង ផ្លូវគោក អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។

ប៉ុន្តែជាមួយគ្នានោះ ​ក្រសួងបានព្រមានថា ក្នុងករណីដែលមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ណាមួយមិនបានបំពេញនូវលក្ខខណ្ឌតម្រូវទេនោះ អាចនឹងប្រឈមនឹងការព្យួរអាជ្ញាប័ណ្ណទេសចរណ៍មួយរយៈ ប៉ុន្តែក្នុងករណីដែលបានបំពេញនូវលក្ខខណ្ឌតម្រូវបានល្អ គឺនឹងបានទទួលនូវប័ណ្ណបញ្ជាក់ និងលិ​ខិត​​សរសើរ (Label) ទទួលស្គាល់គុណភាពសេវាកម្មក្នុងដំណាក់កាល Covid-19 ពីក្រសួងទេសចរណ៍​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ