អានតួអត្ថបទ
កម្ពុជា សង្គម

ទិវាបរិស្ថានជាតិ២០២០៖ ក្រសួងបរិស្ថាន សម្តែងក្តីបារម្ភចំពោះការបាត់បង់ជីវៈចម្រុះនៅកម្ពុជា

អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកលើកទី២៧ ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។  ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្រសួងបរិស្ថានបាន​រៀបចំទិវានេះ ខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ ដោយងាកមកធ្វើ យុទ្ធនាការ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​អនឡាញ ​ ការផ្សព្វផ្សាយ​ឯកសារ​អប់រំ ​តាម​វិទ្យុ និង​ទូរទស្សន៍នានា ​ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា។ ទិវាបរិស្ថានជាតិឆ្នាំនេះ ក្រសួងបរិស្ថានបានសម្តែង​ក្តីបារម្ភ​ចំពោះការបាត់បង់​ជីវៈចម្រុះ​នៅ​កម្ពុជា ដោយ​ទាមទារ​ឱ្យ​មាន​ការយកចិត្តទុកដាក់​ជា​បន្ទាន់។

ផ្សាយពាណិជ្ជកម្ម

បើតាមក្រសួងបរិស្ថាន សព្វថ្ងៃនេះ ជីវៈចម្រុះកំពុងទទួលរងនូការគំរាមកំហែង ដែលទាមទារឲ្យមាននូវការអភិរក្ស ដោយត្រូវមានការចូលរួមពីយើងទាំងអស់គ្នា។

តាមក្រសួងបរិស្ថាន ឆ្នាំ ២០២០ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិ នានាក្នុងការអភិរក្សនិងស្តារជីវៈចម្រុះឡើងវិញ។ ក្នុងនោះរួមមាន៖ លើកទឹកចិត្តដល់សាធារណជន អភិវឌ្ឍន៍សកម្មភាពមេត្រីភាពបរិស្ថានរួមគ្នា ដើម្បីទីក្រុងមានសោភ័ណភាព ភូមិដ្ឋានស្អាត មានអនាម័យបរិស្ថានល្អ និង ពង្រឹងការចូលរួមទប់ស្កាត់ការទន្រ្ទានដីព្រៃ បទល្មើសបំផ្លាញធនធានធម្មជាតិ និង ពង្រឹងការយល់ដឹងពីសារៈសំខាន់ នៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ដើម្បីការរស់នៅដោយចីរភាព ។

លោក នេត ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា និរន្តរភាពនៃជីវៈចម្រុះអាចកើតមានទៅបាន គឺត្រូវការចាំបាច់នូវធនធានព្រៃឈើ ឬ គម្របព្រៃឈើ កាលណាបាត់បង់ព្រៃឈើ វាមាននឹងជះផលអវិជ្ជមានយ៉ាងខ្លាំងទៅលើធន​ជីវៈចម្រុះ។  ប្រសិនបើយើងការពារព្រៃឈើ សត្វព្រៃ បានគង់វង្ស នោះនឹងទទួលបានមកវិញជា ផលសេដ្ឋកិច្ច ចំណូលពីទេសចរណ៍ធម្មជាតិ ហើយប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក នឹងមានវត្តមាននៅកម្ពុជា ។  ដូច្នេះ ចូលរួមស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិនិង ការពារសត្វព្រៃ។

ស្របពេលទិវានេះ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ (UNDP Cambodia) ​បាន​លើកឡើងថា អាហារ​ដែល​មនុស្ស​បរិភោគ ខ្យល់​ដែល​មនុស្ស​ដកដង្ហើម ទឹក​ដែល​មនុស្ស​ទទួលទាន និង​អាកាសធាតុ​ដែល​ធ្វើឱ្យ​ភពផែនដី​មាន​បរិយាកាស​សមស្រប​ ដែល​មនុស្ស​អាច​រស់នៅ​បាន​ទាំងអស់​សុទ្ធតែ​មកពី​ធម្មជាតិ​។ ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​មួយ​ដែល​ធម្មជាតិ​កំពុង​រំឭក​យើង​គឺថា ដើម្បី​ថែរក្សា​ខ្លួន​យើង យើង​ចាំបាច់​ត្រូវ​ថែរក្សា​ធម្មជាតិ​ផងដែរ​។

ដោយឡែក លោកស្រី​ ចក់ សុភាព នាយិកាប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុងឱកាសទិវាបរិស្ថាននេះដែរ បាននិយាយថា  ទឹក​ជា​ធនធាន​មួយ​ចាំបាច់​សម្រាប់​ជីវិត មនុស្ស សត្វ រុក្ខជាតិ​ជាដើម ហើយ​ក៏​ជា​ធនធាន​ដ៏កម្រ​ផងដែរ​។ អាស្រ័យ​ហេតុនេះ​យើង​គួរ​ចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ទប់ស្កាត់​ការបំផ្លាញ រួមទាំង​ការលុប​បឹង ទន្លេ ស្ទឹងព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ សមុទ្រ​។

គួរម្រាបជូនថា ប្រទេសកម្ពុជា មាននូវធនធានជីវៈចម្រុះដ៏សម្បូរបែប ដោយក្នុងនោះរួមមាន ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ(Vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ប្រភេទ ផ្កាថ្មរឹង ២៤ប្រភេទ ផ្កាថ្មទន់ ១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក ៦៣ប្រភេទ ដែលបានផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា លើផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ