អានតួអត្ថបទ
កម្ពុជា សង្គម

លោក អ៊ុក គឺមលេខ៖ សេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈមិនគ្របដណ្តប់លើការធ្វើបាតុកម្មទេ

អ្នកលក់ដូរលើចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ
អ្នកលក់ដូរលើចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ © RFI

ក្រសួង​មហាផ្ទៃ កំពុងតែធ្វើ​សេចក្តី​​ព្រាងច្បាប់ថ្មីមួយ​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​ដែល​សកម្ម​ភាព​នៃការ​ប្រកប​មុខ​របរលក់​ដូរតាម​ដង​ផ្លូវ​មាន​សន្ទុះកាន់​តែ​ច្រើនឡើង។ ការ​​ធ្វើ​ច្បាប់​នៅ​គ្រា​ដែល​កម្ពុជា​កំពុងជួបវិបត្តិ​កូវីដ១៩​នេះ បានបង្កើត​ក្តី​បារម្ភ​ដល់​អ្នក​ធ្វើ​ការងារខាង​ការពារ​សិទ្ធិមនុស្ស ប៉ុន្តែ​មន្ត្រីជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ដែល​ទទួល​បន្ទុក​សេចក្តីព្រាង​ច្បាប់នេះ​ អះអាងថា ច្បាប់​នេះនឹង​មិន​គ្រប​ដណ្តប់​លើ​ការ​ធ្វើ​បាតុកម្ម​នោះឡើយ ពោលច្បាប់​នេះអនុវត្តន៍​តែ​លើ​អ្នក​ប្រកប​របរ​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

លោក អ៊ុក គឺមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅថ្ងៃអង្គារនេះថា គោល​បំណង​​នៃ​ការ​បង្កើត​ច្បាប់​នេះឡើង ដោយ​សារ​តែ​​កម្ពុជា​នៅមិនទាន់​មានច្បាប់​គ្រប់​គ្រង​​សណ្តាប់​ធ្នាប់​សាធារណៈ​នៅឡើយ ពោលគឺមានតែ​អនុក្រឹត្យ​តាំងពីឆ្នាំ១៩៩៤។​ ម្យ៉ាងទៀត​ច្បាប់​នេះ​គឺ​ចង់គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ សោភ័ណ្ឌភាព និង​បរិស្ថាន​នៅតាម​ដង​ផ្លូវសាធារណៈ​ឲ្យ​មាន​របៀប​រៀប​រយ ហើយ​លោក​ច្រានចោល​ការ​លើក​ឡើងថា ច្បាប់នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​បាតុកម្ម។ ច្បាប់​ស្តីពី​សិទ្ធិ​ធ្វើ​បាតុកម្ម​គឺត្រូវ​បាន​បង្កើតឡើង​រួចហើយ។

សម្រាប់​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ កត់សំគាល់ថា សេចក្តី​ព្រាង​ច្បាប់នេះ​មានទាំងចំណុច​វិជ្ជមាន និងចំណុចអវិជ្ជមាន។ ចំណុចវិជ្ជមាន​គឺ​រក្សា​សណ្តាប់​ធ្នាប់ សោភ័ណ្ឌភាពទីក្រុង។ ប៉ុន្តែ​ចំណុចអវិជ្ជមាន ច្បាប់​នេះ​បាន​ផ្តល់​អំណាច​ច្រើន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការសម្រេចថាឲ្យឬមិន​ឲ្យមានការ​ជួបពលរដ្ឋ​នៅតាម​មូលដ្ឋាន។ លើសពីនេះ​ លោក​ថា ច្បាប់នេះ​នឹង​មានការ​ប៉ះពាល់​ផ្ទាល់ទៅដល់​អ្នក​ប្រកបរបរ​តាម​ដង​ផ្លូវ ខណៈ​សេដ្ឋកិច្ច​ពួកគេ​កំពុងជួប​ប្រទះ​ក្នុង​វិបត្តិ​កូវីដ១៩ផងនោះ។

បើតាម​មន្ត្រី​សិទ្ធិមនុស្សរូបនេះចង់​ឱ្យ​ក្រសួង​មហាផ្ទៃ បើក​ការពិគ្រោះ​យោបល់ពីគ្រប់​ភាគី​ពាក់​ព័ន្ធ​ទៅលើ​សេចក្តី​ព្រាងច្បាប់នេះ​ឱ្យ​បាន​ពេញលេញដើម្បី​ជាប្រយោជន៍ទាំងអស់គ្នា។ ការ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ លោក អ៊ុក គឺមលេខ។ លោក​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃរូបនេះ ​អះអាងថា ​សេចក្តីព្រាង​ច្បាប់នេះ​ត្រូវ​ការ​ពេលយូរ ព្រោះ​ត្រូវ​ឆ្លង​កាត់​ការពិគ្រោះ​យោបល់​ពីអាជ្ញាធរ​នៅ​ថ្នាក់​មូលដ្ឋាន និងភាគីពាក់ព័ន្ធមុន​បើក​សិក្ខាសាលាពិគ្រោះយោបល់ជាមួយ​អង្គការ​សង្គមស៊ីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ