អានតួអត្ថបទ

កូរ៉េខាងជើង ថានឹងជួបពិភាក្សាជាមួយអាមេរិកស្តីអំពីបញ្ហានុយក្លេអ៊ែរឆាប់ៗ

គណៈប្រតិភូអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ ពេលជួបចរចាជាមួយ សមភាគីកូរ៉េខាងជើង នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩។
គណៈប្រតិភូអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ ពេលជួបចរចាជាមួយ សមភាគីកូរ៉េខាងជើង នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩។ REUTERS/Leah Millis

កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងជួបពិភាក្សាគ្នាស្តីអំពីសំណុំរឿងនុយក្លេអ៊ែរ នៅថ្ងៃសុក្រទី៤ តុលា​ ខាងមុខ។ នេះគឺជាការបញ្ជាក់អះអាងរបស់មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង ដោយចាត់ទុកដំណឹងថ្មីចុងក្រោយនេះ ថាជាសញ្ញាបញ្ចប់នូវភាពជាប់គាំងនៃកិច្ចចរចារវាងប្រទេសទាំងពីរ រាប់ចាប់តាំងពីបរាជ័យក្នុងជំនួបលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន កាលពីខែកុម្ភៈ ឆ្នាំ២០១៩ មក។

ផ្សាយពាណិជ្ជកម្ម

បើយោងទៅតាម អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆូ សុន ហ៊ុយ (Choe Son Hui) អាមេរិក និង កូរ៉េខាងជើងបានព្រមព្រមគ្នាហើយ ថានឹងផ្តើមជួបពិភាក្សានឹងគ្នា ជាជំហានដំបូងឡើងវិញ នៅថ្ងៃទី៤ តុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ទោះបីជាបានបង្ហើបអំពី ជំនួបជាមួយសមភាគីអាមេរិកយ៉ាងណាក្តី តែលោកស្រីអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង មិនបានប្រាប់ឡើយអំពីទីកន្លែង ឬរបៀបវារៈនៃកិច្ចប្រជុំ។ លោកស្រីគ្រាន់តែនិយាយដោយក្តីរំពឹងថា កិច្ចចរចាជាមួយនឹងអាមេរិក នាពេលនេះ នឹងជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរនឹងគ្នា។

គួរជ្រាបថា កិច្ចពិភាក្សារវាងទីក្រុងព្យុងយ៉ាង និងវ៉ាស៊ីនតោន ត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែកន្លងមកហើយ តាំងតែពីជំនួបលើកទី២ រវាងលោកដូណាល់ ត្រាំ ជាមួយនឹង គីម ជុងអ៊ុន កាលពីខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម ត្រូវបរាជ័យ និងបញ្ចប់ទៅដោយគ្មានសម្រេចបានកិច្ចព្រមព្រៀងណាមួយទាំងអស់។

តាមពិតទៅ កិច្ចចរចាទ្វេភាគីរវាងប្រទេសទាំងពីរ អាចត្រូវប្រព្រឹត្តធ្វើទៅ តាំងតែពីមុនថ្ងៃទី ៤ តុលា ខាងមុខទៀតឯណោះ។ ក៏ប៉ុន្តែ កូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន បានខឹងច្រឡោតជាខ្លាំង និងបានប្រកាសឈប់ជួបចរចា កាលពីខែសីហាកន្លងទៅ បន្ទាប់ពីអាមេរិកសម្រេចធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង ទោះបីមានការប្រឆាំងជំទាស់ជាខ្លាំងពីសំណាក់ក្រុងព្យុងយ៉ាងក្តី។

គួរកត់សម្គាល់ដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយនឹងកូរ៉េខាងជើង បានវិលមករកភាពល្អប្រសើរនឹងគ្នាឡើងវិញ និងអាចឈានដល់ការជួបចរចាគ្នាបាន ក្រោយពេលលោកដូណាល់ ត្រាំ ដែលកាលពីខែមុន សម្រេចដកលោកចន ប៊ុលតុន ចេញពីតំណែងជាទីប្រឹក្សាសន្តិសុខជាតិ។

លោកចន ប៊ុលតុន ត្រូវគេដឹងថា ជាបុគ្គលដែលមាននយោបាយកាចមុតមាំ នៅចំពោះមុខប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ហើយសម្រាប់របបដឹកនាំក្រុងព្យុងយ៉ាង អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ គឺជាមនុស្សចូលចិត្តបញ្ឆេះឲ្យមានសង្គ្រាមកើតឡើង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ