អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ប្តូរ​ឈ្មោះ​ក្រសួង ​«ឧស្សាហកម្ម និងសិប្បកម្ម» ទៅ​ជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

រូបសញ្ញា​របស់​​ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម
រូបសញ្ញា​របស់​​ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម FB: Ministry of Industry and Handicraft

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​ប្តូរ​ឈ្មោះ​ក្រសួង ​«ឧស្សាហកម្ម និងសិប្បកម្ម» ទៅជា «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ការ​ប្តូរ​ឈ្មោះ​នេះ​ធ្វើ​ឡើង​តាម​ការ​ស្នើ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មនា​ពេល​បច្ចុប្បន្ន​នេះ ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍផ្នែក​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា ក្នុង​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៤ ខែ​មករា បាន​យល់​ព្រម​ជា​គោល​ការណ៍​ឲ្យ​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅ​ជា​ “ក្រសួង​ឧស្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។ និង​អនុញ្ញាត​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ឡាយ និង​ឯកសារ​គតិ​យុត្ត​ផ្សេងៗ ដែល​មាន​ការ​ពាក់​ព័ន្ធ​ដល់​រចនា​សម្ព័ន្ធ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ក្រសួង​ថ្មី​។

លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ដដែល ឲ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល ណែនាំ​ឱ្យ​ផ្តល់​ការ​យក​ចិត្ត​ទុកដាក់​ គាំទ្រ ​និង​បង្ក​លទ្ធភាព​ទៅ​តាម​សភាព​ជាក់​ស្តែង ដើម្បី​ធ្វើ​ឱ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របក​គំហើញ​ផ្សេងៗ (នវានុវត្តន៍) របស់​កម្ពុជា ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​ក្នុង​ប្រយោជន៍​ជំរុញ​ឱ្យ​វិស័យ​វិទ្យាសាស្ត្រ​មាន​ការ​រីក​ចម្រើន និង​ផ្ទេរ​បច្ចេកវិទ្យា​ស្រប​តាម​បរិបថ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤.០​។

លោក អ៊ំ សុថា អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី២៥ ខែ​មករា​នេះ​ថា ការ​ប្តូរ​ឈ្មោះ​នេះ គឺ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​ចង់​ឲ្យ​មាន​ក្រសួង​ទទួល​បន្ទុក​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយ​សារ​តែ​កន្លង​មក​មិន​ទាន់​មាន​ក្រសួង​ណា ដែល​ទទួល​ភារកិច្ច​នេះ​ជាក់​លាក់​។

លោក​បន្ត​ថា បន្ទាប់​ពី​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ថ្មី​រួច​រាល់​ហើយ ក្រសួង​នឹង​ដើរ​តួនាទី​ជា​អ្នក​គ្រប់គ្រង​ដឹង​នាំ ​និង​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល ជំរុញ​ការ​អភិវឌ្ឍន៍​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ជា​កត្តា​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​នានា​នៅ​ក្នុង​ប្រទេស ជា​ពិសេស​គឺ​វិស័យ​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ជា​ដើម​។

លោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា ​លោក​មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​ការ​ប្តូរ​ឈ្មោះ​ក្រសួង​នេះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​លោក​ចាប់​អារម្មណ៍​គឺ​ការ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ដោយ​ហេតុថា​កន្លង​មក ​ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ហាក់​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​តិច​ណាស់​ ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​ស្រុក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ