អានតួអត្ថបទ
កម្ពុជា

ខេត្ត​បន្ទាយ​មាន​ជ័យ ដាក់​ឲ្យ​ដំណើរការ​​រថយន្ត​ក្រុង​សាធារណៈខ្សែ​ដំបូង!

រថយន្ត​ក្រុង​សាធារណៈ នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ តាំង​បង្អួត​រាង​នៅ​ក្នុង​ពិធី​សម្ពោធ ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០
រថយន្ត​ក្រុង​សាធារណៈ នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ តាំង​បង្អួត​រាង​នៅ​ក្នុង​ពិធី​សម្ពោធ ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ AKP

បន្ទាយ​មាន​ជ័យ បាន​ក្លាយ​ទៅ​ជា​ខេត្ត​ដំបូង​គេ​បង្អស់ ដែល​មាន​រថយន្ត​ក្រុង​សាធារណៈ បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ខ្សែ​ដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​សៅរ៍ ទី​២២​កុម្ភៈ​ម្សិលមិញ ដោយ​សង្ឃឹម​ថា ការ​ផ្ដល់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ នឹងអាច​​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​​តាម​ដង​ផ្លូវ​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ខ្សែ​រថយន្ត​ក្រុង​សាធារណៈ​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ទើប​ដាក់​ឲ្យ​ដំណើរ​ការ​នេះ ផ្ដល់​សេវា​ដឹក​ជញ្ជូន​ទៅ​មក​ក្នុង​រយៈ​ចម្ងាយ​៤០​គីឡូម៉ែត្រ រវាង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយ​ប៉ែត​។ រថយន្ត​ក្រុង​ចំនួន​១៥​គ្រឿង នឹង​ផ្លាស់​គ្នា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយៈ​ពេល​២០​នាទី​ម្ដង​។ នេះ​បើ​តាម​ការពន្យល់​របស់​​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។ អភិបាល​ខេត្ត​រូប​នេះ ឲ្យ​ដឹង​បន្ត​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះ ដោយ​ឥត​គិត​ថ្លៃ​​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង។ បន្ទាប់​ពី​នោះ រថយន្ត​ក្រុង​​សាធារណៈ​ទៅ​មក​រវាង​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​នេះ នឹងចាប់​ផ្ដើម​​គិត​ថ្លៃ​២០០០​រៀល​ក្នុង​អ្នក​ដំណើរ​ម្នាក់​។

លោក អ៊ុំ រាត្រី សង្ឃឹម​ថា សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ កាត់​បន្ថយ​ចំណាយ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍តាម​ដង​ផ្លូវ​នៅ​កម្ពុជា​។ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​នេះ​ទាំង​អស់​គ្នា នៅ​ពេល​​ត្រូវ​ធ្វើ​ដំណើរទៅ​មក​រវាង​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​ម៉ាឡៃ​។ លោក អ៊ុំ រាត្រី ថា ប្រសិន​បើ​ដំណើរការ​នេះ​ទទួល​បាន​ជោគជ័យ អាជ្ញាធរ​ខេត្ត​នឹង​ពិចារណា​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​ជំហាន​បន្ទាប់​ទៀត រវាង​​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​សិរីសោភ័ណ​។

គួរ​កត់​សម្គាល់​ថា បន្ទាយ​មាន​ជ័យ គឺ​ជា​ខេត្ត​ដំបូង​បង្អស់​ដែល​​មាន​ផ្ដល់​​សេវា​​រថយន្តក្រុង​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។ នៅ​រាជធានី​ភ្នំពេញ សេវា​រថយន្ត​ក្រុង​សាធារណៈ​ចាប់​ផ្ដើម​ដំណើរការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​មាន​ខ្សែ​រត់​ចំនួន​៣​ខ្សែ និង​រថយន្ត​ចំនួន​៤៣​គ្រឿង​។ រថយន្ត​ក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ បានពង្រីក​សេវាកម្ម​​និង​បន្ថែម​ខ្សែ​រត់​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​​គិត​ត្រឹម​ឆ្នាំ​២០២០​នេះ រថយន្ត​ក្រុង​នៅ​ភ្នំពេញ​ប្រើ​ប្រាស់​រថយន្ត​រហូត​ដល់​ទៅ​ចំនួន​២៣៥​គ្រឿង រត់​លើ​តម្រាយ​ផ្លូវ​​សរុប​ចំនួន​១៣​ខ្សែ ដោយ​មាន​អ្នក​ដំណើរ​ជា​រៀង​រាល់​ថ្ងៃ​ ​ពី​ប្រមាណ​២​ម៉ឺន​៨​ពាន់ ទៅ​៣​ម៉ឺន​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ