អានតួអត្ថបទ
ស្វ៊ីស

គ្រោះធម្មជាតិ​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់ទី​ច្រើន បើប្រៀបធៀប​នឹង​​សង្រ្គាម

ប្រជាជន​ឥណ្ឌាចាកចេញ​ពី​ផ្ទះ​សម្បែង​ដែល​ជន់លិចលង់​​ដោយគ្រោះទឹកជំនន់​នៅ​តំបន់​កាស្មៀរ
ប្រជាជន​ឥណ្ឌាចាកចេញ​ពី​ផ្ទះ​សម្បែង​ដែល​ជន់លិចលង់​​ដោយគ្រោះទឹកជំនន់​នៅ​តំបន់​កាស្មៀរ REUTERS/Adnan Abidi

គ្រោះធម្មជាតិ​នៅ​ឆ្នាំ ២០១៣​បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​បម្លាស់​ទី មាន​ច្រើន​ជាង​ចំនួន​មនុស្ស​​ផ្លាស់ទី​ដោយសារ​សង្រ្គាម​ ​បីដង ​នេះ​បើ​តាម​ការសិក្សា​របស់​ក្រុមប្រឹក្សា​ជនភៀសខ្លួន​របស់​ប្រទេស​​ន័រវែស កាលពី​ថ្ងៃ​ពុធ ទី ១៧ កញ្ញា។ អង្គការ​ធ្វើការ​ខាង​ជនភៀសខ្លួន​ជា​បន្ទាន់​មួយនេះ​បាន​ទាញ​សញ្ញា​ក្រើន​រំលឹកពី​ផលវិបាក​ដោយ​គ្រោះធម្មជាតិ ​ នៅមួយ​សប្តាហ៍​មុន ដែល​ជំនួប​កំពូល​ស្តីពី​អាកាសធាតុ​បើក​ធ្វើ​ឡើង នៅ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ក្នុងទីក្រុង​ញូវយ៉ក។  

ផ្សាយពាណិជ្ជកម្ម

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​ជនភៀសខ្លួន​របស់​ប្រទេស​ន័រវែស នៅ​ឆ្នាំ ២០១៣ មនុស្ស​​ប្រមាណ​២២​លាន​នាក់​បាន​ផ្លាស់ទី​ ចាកចេញ​ពី​កន្លែង​រស់នៅ​របស់​ខ្លួន ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ​។ ដោយ​ផ្អែក​ទៅលើ​តួលេខ​នេះ អង្គការ​ឯករាជ្យ​មួយនេះ​ដែល​ជំនាញ​ខាង​ផ្តល់​ជំនួយ​បន្ទាន់​សម្រាប់​ជនភៀសខ្លួនបាន​ស្នើ​សុំ​ឲ្យមេដឹកនាំ​ក្នុង​ពិភពលោក​ប្រញាប់​ចាត់​វិធានការ​ ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ប្រភព​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ធម្មជាតិ។

 

 
កាលពី​ថ្ងៃ​ពុធ អង្គការ​ធ្វើការ​ខាងអាកាសធាតុ​ជាច្រើនដែល​បាន​ប្រជុំ​គ្នា នៅទីក្រុង​ប៉ារីស បាន​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ធំៗ​នៅក្នុង​ពិភពលោក ជាពិសេស​បារាំង​ផ្ទាល់​ប្រកាស​ចូល​វិភាគទាន ដើម្បី​យុទ្ធនាការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ផង និង​ជួយ​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​កំពុង​រងគ្រោះ​ដោយ​សារ​ការប្រែប្រួល​អាកាសធាតុផង។

 

ប្រធាន​អង្គការ​ន័រវែស​ខាងលើ​បាន​ថ្លែង​ទាមទារ​​ប្រមុខ​រដ្ឋាភិបាល​ដែល​នឹង​ចូលរួម នៅ​ក្នុង​​ជំនួប​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ នៅទីក្រុង​ញូវយ៉ក​ឲ្យ​គិតគូរ ធ្វើ​នយោបាយ​ ដែល​ផ្តល់​សារៈសំខាន់​ដល់​ប្រជាជន​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ពោលគឺ​ជួយ​សម្រួល​បញ្ហា​អន្តោប្រវេសន៍ និង​ផ្តល់​ជំរក​ដែល​សមស្រប​តាម​ការចង់បាន​របស់​ប្រជាជន​បម្លាស់ទី។

តាមរបាយការណ៍​របស់​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ ៨០ភាគរយ​នៃ​ប្រជាជន​បម្លាស់ទី មាន​នៅក្នុង​តំបន់​អាស៊ី។ នៅ​ហ្វីលីពីន គ្រោះមហន្តរាយជាតិ​ធម្មជាតិ ដែល​បង្ក​ដោយ​ខ្យល់ព្យុះ ពីរលើកធំៗ​បាន​ធ្វើ​មនុស្សបាត់បង់​ផ្ទះសម្បែង និង​​ផ្លាស់ទីជាង ៥លាន ៨សែននាក់។ ​

ជារួម បើតាម​របាយការណ៍​ដដែល មិនថា ប្រទេសក្រីក្រ ឬ ​អ្នកមាន គឺ​មិន​អាច​ជៀសរួច ផុត​ពី​វិបត្តិ​បម្លាស់ទី​របស់​ប្រជាជន​។ ជប៉ុន​ជួប​ខ្យល់ព្យុះ ចំណែក​អាមេរិក​រងគ្រោះ​ដោយ​ខ្យល់គួច​Tornades នៅពេល​កាណាដា​ បាន​បង្ខំចិត្ត​ជម្លៀស​ប្រជាជន​ជាង​៦សែន​នាក់​ពី​តំបន់រងគ្រោះ​ដោយ​ទឹកជំនន់​នៅភាគខាងលិច​ប្រទេស។ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ