អានតួអត្ថបទ

ចិនថាសង្វាក់អាជីវកម្មសាច់ជ្រូកមានសន្ទុះឡើងវិញ ក្រោយករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកធ្លាក់ចុះ

សត្វជ្រូកនៅឯកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងប្រទេសចិន។
សត្វជ្រូកនៅឯកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងប្រទេសចិន។ REUTERS/Stringer/File Photo ATTENTION EDITORS

អាជ្ញាធរចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ថា ករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកនាខណៈនេះ មានការធ្លាក់ចុះមកវិញហើយ បន្ទាប់ពីសត្វជ្រូករាប់លានក្បាលដែលឆ្លងជំងឺកាចសាហាវនេះ ត្រូវបានប្រមូលយកទៅសម្លាប់។ ទន្ទឹមគ្នានេះ​ មន្ត្រីចិនក៏បានប្រកាសប្រាប់ឲ្យដឹងដែរថា ការធ្វើអាជីវកម្មសាច់ជ្រូក នៅក្នុងប្រទេសចិន ក៏បានវិលត្រលប់មករកភាពល្អប្រសើរវិញផងដែរ។

ផ្សាយពាណិជ្ជកម្ម

ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅមិនទាន់អាចលប់បំបាត់បានទាំងស្រុងយ៉ាងណាក្តី ក៏ប៉ុន្តែ រដ្ឋាភិបាលចិនបានឲ្យដឹងថា នាខណៈពេលនេះ អាជ្ញាធរចិន អាចគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបានហើយ។

ជាក់ស្តែង អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោកយូ កាងហ្សិន (Yu Kangzhen) បាននិយាយថាសង្វាក់នៃផលិតកម្មសាច់ជ្រូក កំពុងមានសន្ទុះបណ្តើរៗមកវិញហើយ ហើយអាជ្ញាធរក៏នៅតែប្រឹងប្រែង បន្តយុទ្ធនាការក្នុងការគ្រប់គ្រង និងលប់បំបាត់ជំងឺនេះឲ្យបានទាំងស្រុងនាពេលខាងមុខនេះ។

បន្ថែមលើនេះ លោកអនុរដ្ឋមន្ត្រីកសិកម្មចិន បានបញ្ជាក់ប្រាប់ដែរថា អាជ្ញាធរចិនបានរកឃើញ ករណីថ្មីនៃការកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនត្រឹមតែ ៤៤ ករណីតែប៉ុណ្ណោះ ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។ អត្រានេះ មានចំនួនតិចជាងកាលពីអំឡុងខែសីហា-ធ្នូ ឆ្នាំមុន ដែលមានចំនួនរហូតដល់ ៩៩ ករណី។

តែទោះបីជារដ្ឋាភិបាលចិន អះអាងថាអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក យ៉ាងណាក្តី ក៏ក្រុមអ្នកវិភាគមួយចំនួន និយាយថា​​តាមពិតទៅចំនួនសត្វជ្រូកដែលមានជំងឺ និងត្រូវបានប្រមូលយកទៅសម្លាប់ មានចំនួនច្រើនជាងឆ្ងាយណាស់ ពីចំនួនដែលបានរាយការណ៍ដោយមន្ត្រីចិន។

ជាក់ស្តែង អ្នកជំនាញខាងសត្វម្នាក់ គឺលោកស្រី Christine McCracken បានប៉ាន់ស្មានថា សត្វជ្រូកដែលឈឺចំនួនរហូតដល់ទៅប្រមាណជា ២០០ លានក្បាលឯណោះ ដែលអាចត្រូវគេយកយកទៅសម្លាប់ចោល ដែលអត្រានេះស្មើនឹងចំនួនផ្គត់ផ្គង់ខ្ទង់ ៥០ ភាគរយ សម្រាប់ទីផ្សារសាច់ជ្រូកពិភពលោក។

គួរជម្រាបជូនថា បើយោងទៅតាមស្ថិតិរបស់មន្ត្រីរដ្ឋាភិបាលចិន ក្នុងរយៈពេលជាង ១០ ខែកន្លងមកនេះ សត្វជ្រូកដែលកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួនមិនដល់រាប់រយលានក្បាលនោះទេ។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានរាយការណ៍ឲ្យដឹងថា សត្វជ្រូកប្រមាណជា ១ លាន ១៦ ម៉ឺនក្បាលប៉ុណ្ណោះ ត្រូវបានសម្លាប់ចោល។

គួរជ្រាបដែរថា ក្នុងនាមជាប្រទេសផលិតសត្វជ្រូកធំជាងគេមួយក្នុងពិភពលោក នៅគ្រាកន្លងមក រដ្ឋាភិបាលចិន បានខិតខំរឹតបណ្តឹងធ្វើយ៉ាងណា ឲ្យប្រជាជនរបស់ខ្លួន ចិញ្ចឹមសត្វជ្រូកប្រកបដោយស្តង់ដារខ្ពស់ ដើម្បីធានាកុំឲ្យមានការឆ្លងជំងឺដល់សត្វទាំងនោះ។ តែទោះជាបែបនេះក្តី ការឆ្លងរីករាលដាលនៃមេរោគ នៅតែបន្តកើតមាននៅក្នុងស្រុកចិន ដោយសារតែ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកខ្នាតតូចមួយចំនួន មិនមានបច្ចេកទេស និងបំពាក់ឧបករណ៍ត្រឹមត្រូវ ដើម្បីអាចការពារជំងឺឆ្លង ដូចជាជំងឺប៉េស្តជ្រូកអាហ្វ្រិកជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ