អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​បង្ហាញ​ជំហរ​ទន់ភ្លន់​ដាក់​តៃវ៉ាន់​ មុនការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​ខិត​ចូល​មកដល់​

សំឡេង ០៤:១៦
ពលរដ្ឋតៃវ៉ាន់ម្នាក់ ដែលជាអ្នកគាំទ្រគណបក្សគួរមិនតាង ឈរស្តាប់ការថ្លែងសុន្ទរកថារបស់បេក្ខភាពប្រធានាធិបតីមកពីបក្សនេះ កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៩។
ពលរដ្ឋតៃវ៉ាន់ម្នាក់ ដែលជាអ្នកគាំទ្រគណបក្សគួរមិនតាង ឈរស្តាប់ការថ្លែងសុន្ទរកថារបស់បេក្ខភាពប្រធានាធិបតីមកពីបក្សនេះ កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៩។ REUTERS/Ann Wang

រដ្ឋសភាចិន កាលពីពេលថ្មីៗនេះ បានសម្រេចកែប្រែច្បាប់មួយ ដើម្បីសម្រួលដល់នីតិវិធី ក្នុងការចូលវិនិយោគ របស់ក្រុមហ៊ុនតៃវ៉ាន់។ ការបង្ហាញជំហរទន់ភ្លន់របស់ចិននេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតតៃវ៉ាន់មកដល់ នាថ្ងៃទី១១ ខែមករាខាងមុខ។ ចេតនាល្អរបស់ចិន នៅចំពោះក្រុងតៃប៉ិក នាកាលៈទេសៈនេះ ត្រូវគេជឿថា ធ្វើឡើងដើម្បីទាក់ទាញចិត្តពលរដ្ឋតៃវ៉ាន់ ឲ្យព្រមរួមរស់ក្រោមដំបូលចិនតែមួយ ដឹកនាំដោយបក្សកុម្មុយនិស្តចិន។តើចិន អាចសម្រេចគោលដៅ ក្នុងការក្រសោបយកកោះតៃវ៉ាន់មកគ្រប់គ្រងដែរឬទេ?ហើយចុះ រដ្ឋាភិបាលជាតិនិយមតៃវ៉ាន់ បានបញ្ចេញប្រតិកម្មយ៉ាងណាខ្លះ ចំពោះចេតនាថ្មីរបស់ចិននេះ?

ផ្សាយពាណិជ្ជកម្ម

ជាប្រទេសមហាអំណាចផុតលេខនៅអាស៊ី និងមានចំនួនប្រជាជនច្រើនរហូតដល់ ១ ៣០០ លាននាក់ ចិនបានក្លាយទៅជាគោលដៅធ្វើជំនួញដ៏ពេញនិយមនិងបំផុតធំមួយ របស់អ្នកវិនិយោគតៃវ៉ាន់។ ជាក់ស្តែង ទំហំពាណិជ្ជកម្មទ្វេភាគីចិន-តៃវ៉ាន់ មានចំនួនសរុបរហូតដល់ប្រមាណជា ២២៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។

ដោយមើលឃើញដូច្នោះហើយ ទើបរដ្ឋសភាចិន កាលពីថ្ងៃទី២៨ ធ្នូ កន្លងទៅថ្មីៗនេះ សម្រេចអនុម័ត កែសម្រួលមាត្រាមួយចំនួន ដែលមានចែងនៅក្នុងច្បាប់ស្តីអំពីការធ្វើវិនិយោគ។ ជាការកែប្រែ ដើម្បីផ្តល់ភាពងាយស្រួលជាងមុន ដល់អ្នកជំនួញតៃវ៉ាន់ ក្នុងការចូលទៅវិនិយោគក្នុងស្រុកចិន។

បើតាមការវិភាគ របស់អ្នកជំនាញ ការដែលរដ្ឋាភិបាលក្រុងប៉េកាំង បង្ហាញចេតនាល្អ និងបានផ្តល់ក្តីសង្ឃឹមថ្មី ដល់អ្នកវិនិយោគតៃវ៉ាន់ នាកាលៈទេសៈដែលកោះតៃវ៉ាន់ ជិតរៀបចំការបោះឆ្នោតប្រធានាធិបតី មិនមែនជារឿងចៃដន្យនោះទេ។

ក៏ប៉ុន្តែ នេះគឺជាយុទ្ធសាស្ត្រទន់ភ្លន់របស់ចិនប៉េកាំង ក្នុងគោលដៅទាក់ទាញប្រជាពលរដ្ឋតៃវ៉ាន់ ឱ្យយល់ព្រមរស់នៅក្រោមប្រព័ន្ធគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត ក្នុងនាមចិនតែមួយ។ ជាការពិត នៅមួយរយៈពេលចុងក្រោយនេះ មុនពេលការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់មកដល់ គេសង្កេតឃើញ របបក្រុងប៉េកាំង ប្រើវិធីសាស្ត្រកំញើញជាច្រើនដូចជាសាកល្បង និងបញ្ជូននាវាផ្ទុក​យន្តហោះ​ចម្បាំងរបស់​ខ្លួន ឲ្យចូល​ទៅក្បែរ​កោះតៃវ៉ាន់។

រងការគំរាមកំហែងទាំងនេះ តៃវ៉ាន់ហាក់មិនញុះញ៉ម រដ្ឋាភិបាលចិន ក៏បង្វែរមកប្រើយុទ្ធសាស្ត្រត្រជាក់ចុងក្រោយ តាមរយៈការកែប្រែច្បាប់វិនិយោគទុន ដើម្បីយកចិត្តប្រជាពលរដ្ឋតៃវ៉ាន់ ដែលសម្បូរទៅដោយអ្នកជំនួញ។

តែបើតាមការអះអាងរបស់ភាគីចិន ការណ៍ដែលរដ្ឋាភិបាល សម្រេចកែប្រែចំណុចមួយចំនួន ស្តីអំពីការវិនិយោគ ម្យ៉ាង គឺដើម្បីតែផ្តល់ភាពងាយស្រួយជាងមុន ដល់អ្នកវិនិយោគតៃវ៉ាន់ ដែលរកស៊ីក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក្រុងប៉េកាំង ចង់អូសទាញអ្នកវិយោគតៃវ៉ាន់ ឲ្យចូលមកធ្វើជំនួញក្នុងស្រុកចិនកាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

ទាក់ទងរឿងនេះ រដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោកជុង​សាន (Zhong Shan) បានឲ្យដឹងថា ច្បាប់ថ្មីនេះ ធ្វើឡើងដើម្បីអនុញ្ញាតឲ្យជនរួមជាតិតៃវ៉ាន់ទទួលបានប្រយោជន៍ និងការការពារច្រើនជាងមុន និងថាច្បាប់នេះនឹងដាក់ចូលជាធរមានហើយនៅថ្ងៃទី១ ខែមករាស្អែកនេះ។

ផ្ទុយពីការលើកឡើងខាងលើ ថ្នាក់ដឹកនាំក្រុងតៃប៉ិក យល់ឃើញថា ទង្វើរបស់ចិនគឺជាសកម្មភាពគំរាមកំហែង-កំញើញ និងជាការព្យាយាមសាបព្រោះឥទ្ធិពល ទៅលើការសម្រេចចិត្តរបស់ពលរដ្ឋតៃវ៉ាន់ ក្នុងការជ្រើសរើសមេដឹកនាំសម្រាប់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តធ្វើទៅ នៅថ្ងៃទី១១ មករា ឆ្នាំ២០២០។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលជាតិនិយមតៃវ៉ាន់ដឹកនាំដោយលោកស្រីឆៃ អ៊ីងវេន បានក្រើនរំឭក ដល់ប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យធ្លាក់ក្នុងអន្ទាក់របស់ចិនប៉េកាំង ដែលនៅមួយរយៈពេលចុងក្រោយនេះ បានខិតខំ ប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ទាំងក្តៅ ទាំងត្រជាក់មកលើតៃវ៉ាន់។

ក្រៅពីនេះ ថ្នាក់ដឹកនាំក្រុងតៃប៉ិក ក៏បានអំពាវនាវដោយទទូចផងដែរ ឲ្យថ្នាក់ដឹកនាំក្រុងប៉េកាំង បញ្ឃប់នូវរាល់ការធ្វើវិទ្ធង្សនា និងបោះបង់ចោលនូវគំនិតប្រើកម្លាំងទ័ពដើម្បី ចាប់បង្ខំឲ្យតៃវ៉ាន់ រស់នៅក្រោមនឹមត្រួតត្រារបស់ខ្លួន។

ក្នុងបរិបទប្រទាញប្រទង់បែបនេះ តើក្តីរំពឹងរបស់ចិនក្នុងការក្រសោបយកកោះតៃវ៉ាន់មកគ្រប់គ្រង អាចធ្វើទៅបានដែរឬទេ?

ជាការពិត របបក្រុងប៉េកាំង ខិតខំ ប្រឹងប្រែងខ្លាំងណាស់ ដើម្បីអូសទាញតៃវ៉ាន់ មកត្រួតត្រាឲ្យបាន។ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកជំនាញ គោលបំណងរបស់ចិននេះ ហាក់គ្មានភាពប្រាកដនិយមនោះទេ។

វា គ្មានភាពប្រាកដនិយមពីព្រោះថា យុវជនតៃវ៉ាន់ជំនាន់ក្រោយ ដែលកើត និងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនចូលចិត្តរបបកុម្មុយនិស្ត ហើយពួកគេនៅតែដក់ចិត្តស្រលាញ់ឯករាជ្យភាព និងសេរីភាព។ ពិសេសជាងនេះទៅទៀតនោះ យុវជនតៃវ៉ាន់ មិនដែលសូម្បីតែគិតថា ទឹកដីកំណើតរបស់ខ្លួន អាចនឹងត្រូវបញ្ចូលទៅជាតំបន់ស្វយ័តមួយរបស់ចិន ដូចគន្លងហុងកុង ដែលបានធ្វើរួចទៅហើយនៅឆ្នាំ ១៩៩៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ