អានតួអត្ថបទ
ចិន-នយោបាយ-ច្បាប់

អតីត​ប្រធាន​ Interpol ជនជាតិចិន​ ត្រូវ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ១៣ ឆ្នាំ​

លោកម៉េង ហុងវៃ នៅក្នុងសវនាការកាត់ក្តីនាថ្ងៃទី ២១ មករា ឆ្នាំ ២០២០។
លោកម៉េង ហុងវៃ នៅក្នុងសវនាការកាត់ក្តីនាថ្ងៃទី ២១ មករា ឆ្នាំ ២០២០។ HANDOUT / TIANJIN FIRST INTERMEDIATE PEOPLE'S COURT / AFP

អតីតប្រធានប៉ូលិសInterpol ឈ្មោះម៉េង ហុងវៃ (Meng Hongwei) ដែលបានជាប់ឃុំនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០១៨ ត្រូវបានតុលាការក្រុងធានជីង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ១៣ ឆ្នាំ ពីបទសូកប៉ាន់ កាលពីថ្ងៃអង្គារ ទី២១ មករា។ ការសម្រេចរបស់តុលាការចិនបែបនេះ បានធ្វើឱ្យស្ថាប័នប៉ូលិសអន្តរជាតិមួយនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ផ្សាយពាណិជ្ជកម្ម

លោកម៉េង ហុងវៃ អតីតប្រធានអង្គភាពប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ(Interpol) និងជាអតីតអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន គឺជាបុគ្គលម្នាក់ស្ថិតក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបក្សកុម្មុយនិស្តរបស់លោកប្រធានាធិបតីស៊ី ជីនពីង តាមប្រមាញ់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ។

មានវ័យ ៦៦ ឆ្នាំ លោកម៉េង ត្រូវគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងប្រទេសចិន តាំងតែពីខែកញ្ញា ឆ្នាំ ២០១៨។ កាលណោះ លោកបានធ្វើដំណើរចេញពីប្រទេសបារាំង ដែលជាទីស្នាក់ការរបស់ Interpol ទៅកាន់ប្រទេសចិនដើម្បីធ្វើទស្សនកិច្ច។ ក្រោយពីត្រូវបានចាប់ខ្លួន លោកត្រូវអាជ្ញាធរចិន ចោទប្រកាន់ពីបទទទួលសំណូក និងត្រូវបានបណ្តេញចេញពីសមាជិកនៃបក្សកុម្មុយនិស្តផងដែរ។

តុលាការទីក្រុងធានជីន បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា បុរសវ័យ ៦៦ ឆ្នាំរូបនេះ មានទោសជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ ៦ ខែ និងរងពិន័យជាប្រាក់ចំនួន ២ លានយ័ន ស្មើនឹង ២៩ ម៉ឺនដុល្លារ។ នៅក្នុងសវនាការ បើយោងទៅតាមរូបភាព ពីខាងតុលាការក្រុងធានជីង គេបានឃើញពីមុខមាត់ដ៏ក្រៀមក្រំរបស់លោកម៉េង ដែលកំពុងឈរនៅមុខចៅក្រម និងមានអមដោយប៉ូលិសពីរនាក់ផង។

គួរជម្រាបជូនថា នៅក្នុងសវនាការកាលពីខែមិថុនា ឆ្នាំទៅមិញ លោកម៉េង ហុងវៃ អតីតប្រធាន Interpol បានសារភាពពីទោសកំហុស ដោយនិយាយថារូបលោកពិតជាធ្លាប់ទទួលសំណូកក្នុងទឹកប្រាក់ចំនួន ២ លាន ១ សែនដុល្លារ នៅពេលដែលលោកកាន់តំណែងជាអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈចិន ។

តែទោះជាយ៉ាងណាក្តី ភរិយារបស់លោកម៉េង ដែលសព្វថ្ងៃទទួលបានសិទ្ធិជ្រកកោននយោបាយ នៅប្រទេសបារាំងបានលើកឡើងថា ករណីដែលកើតឡើងចំពោះស្វាមីលោកស្រី មិនមែនជាការពិតឡើយ។ លោកស្រីថា រឿងទាំងអស់នោះ សុទ្ធតែជារឿងមិនពិត និងប្រឌិតឡើងដើម្បីកំចាត់ស្វាមីលោកស្រីតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកស្រីក៏បាន​អះអាងប្រាប់អំពីក្តីព្រួយបារម្ភដែរថា លោកស្រី ព្រមទាំងកូនៗពីរនាក់ទៀត អាចក្លាយជាគោលដៅនៃការប៉ុនប៉ងចាប់ពង្រត់របស់បក្សកុម្មុយនិស្តចិន។

គួររំឭកជូនថា យុទ្ធនាការប្រឆាំងអំពើពុករលួយ ក្នុងជួរបក្សកុម្មុយនិស្តចិន គឺជាគោលនយោបាយបង្កើតឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង តាំងតែពីឆ្នាំ២០១៣ មកម្ល៉េះ។ រហូតមកទល់នឹងពេលនេះ យ៉ាងហោចណាស់ ក៏មានមន្ត្រីបក្សចំនួន ​១លាន​ ៥សែននាក់ដែរ ដែលត្រូវបានគេអូសទំលាក់ចេញពីតួនាទី និងជាប់ចោទពីបទពុករលួយ។ ចំណែក ក្រុមអ្នករិះគន់វិញនិយាយថា យុទ្ធនាការនេះ គ្រាន់តែជាមធ្យោបាយមួយរបស់លោកស៊ី ដើម្បីកំចាត់គូសត្រូវរបស់លោក ចេញពីសង្វៀននយោបាយតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ