អានតួអត្ថបទ
ចិន-កូរ៉ូណាវីរុស

ចិន​ចាប់ខ្លួន​សកម្មជន​ម្នាក់​ដែល​រិះគន់​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​មេរោគកូរ៉ូណា​

លោកស៊ូ ហ្ស៊ីយ៉ុង (Xu Zhiyong) សកម្មជនប្រឆាំង ដែលត្រូវចាប់ខ្លួនដោយរដ្ឋអំណាចចិន។
លោកស៊ូ ហ្ស៊ីយ៉ុង (Xu Zhiyong) សកម្មជនប្រឆាំង ដែលត្រូវចាប់ខ្លួនដោយរដ្ឋអំណាចចិន។ DR

រដ្ឋអំណាចចិន នៅទីបំផុតទៅ បានចាប់ខ្លួនសកម្មជនប្រឆាំងដ៏លេចធ្លោម្នាក់ ដែលបានរត់គេចខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍។ នេះ បើតាមការអះអាងរបស់ក្រុមអ្នកការពារសិទ្ធមនុស្សនាថ្ងៃអង្គារទី១៨ កុម្ភៈ ដោយបានបន្ថែមថា ក្នុងអំឡុងពេលលាក់ខ្លួន សកម្មជនប្រឆាំងរូបនេះ បានរិះគន់ទិតៀនជាច្រើន ចំពោះគោលនយោបាយរបស់លោកប្រធានាធិបតីស៊ី ជីនពីង ក្នុងការទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណាថ្មី។ មេរោគកូរ៉ូណាថ្មី Covid-19 ដែលរហូតមកដល់ពេលនេះ បានបណ្តាលឲ្យមនុស្សស្លាប់ចំនួនជិត ១ ៩០០ នាក់ និងបានឆ្លងទៅដល់មនុស្សជាង ៧ ២០០០ នាក់នៅចិន និងរាប់រយនាក់នៅប្រទេសផ្សេងទៀត។

ផ្សាយពាណិជ្ជកម្ម

លោកស៊ូ ហ្ស៊ីយ៉ុង (Xu Zhiyong) សកម្មជនប្រឆាំងអំពើពុករលួយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានរត់គេចខ្លួន តាំងតែពីខែធ្នូ ឆ្នាំ​២០១៩មក។ នេះ បើយោងតាមអង្គការ Amnesty International។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកស្រាវជ្រាវម្នាក់របស់ Amnesty International និយាយថា ចំណាត់ការរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា មិនមានវិធីណាផ្សេង ក្រៅពីកម្ទេចសំឡេងរបស់ក្រុមអ្នកប្រឆាំងនោះឡើយ។

គួរជម្រាបជូនថា លោកស៊ូ សកម្មជនប្រឆាំងដ៏ល្បីឈ្មោះ បានរត់គេចខ្លួនកាលពីខែធ្នូ ខណៈពេលដែលអាជ្ញាធរចិន ចុះបង្ក្រាបសកម្មភាពប្រមូលផ្តុំរបស់ក្រុមបញ្ញវន្ត ដែលទៅជួបជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហានយោបាយ ក៏ដូចជាការផ្ទុះឡើងនៃមេរោគកូរ៉ណាថ្មី Covid-19។

ក្នុងប្រតិបត្តិការបង្ក្រាបកាលណោះ មេធាវី និងសកម្មជនជាង ១០ នាក់ ត្រូវបានចាប់ឃុំខ្លួន ឬក៏បាត់ខ្លួន។ យោងទៅតាមក្រុមសិទ្ធិមនុស្ស ការឃុំខ្លួនលោកស៊ូ ទំនងដូចជាជាប់ទាក់ទងនឹងវត្តមានរបស់លោក នៅឯកិច្ចប្រជុំខាងលើនោះដែរ។

គួរជ្រាបថា មុនត្រូវរដ្ឋអំណាចចិនចាប់ខ្លួន លោកស៊ូ បានបង្ហោះសារជាច្រើន រិះគន់ លោកប្រធានាធិបតីចិនស៊ី ជីនពីង ក្នុងការគ្រប់គ្រងមេរោគរាតត្បាតកូរ៉ូណា។ ជាមួយគ្នានេះ លោក ក៏បានបង្ហោះព័ត៌មានជាហូរហែ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងស្រុកចិន។

ជាក់ស្តែង កាលពីថ្ងៃទី ៤ ខែកុម្ភៈកន្លងទៅ លោកស៊ូ បានបង្ហោះចេញនូវអត្ថបទមួយ ដោយបានអំពាវនាវ ឲ្យ លោកស៊ី ចុះចេញពីតំណែង។ សកម្មជនប្រឆាំងរូបនេះ ថែមទាំងបានរិះគន់ចំពោះរបៀបដឹកនាំរបស់លោកស៊ី ដែលនាំមកនូវបញ្ហាជាច្រើនរួមមាន សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ចលនាប្រឆាំងតវ៉ានៅហុងកុង និងការរីករាលដាលនៃមេរោគផ្លូវដង្ហើមថ្មី ដែលបានសម្លាប់មនុស្សជិត ១ ៩០០ នាក់ គិតត្រឹមថ្ងៃអង្គារ ទី១៨ កុម្ភៈ។

ពាក់ព័ន្ធរឿងនេះដែរ អ្នកឃ្លាំមើលសិទិ្ធមនុស្សជាតិចិនម្នាក់បាននិយាយថា ការផ្ទុះឡើងនៃមេរោគផ្លូវដង្ហើមថ្មី បង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃតម្លាភាព និងសេរីភាព ក្នុងការបញ្ចេញមតិ។ នេះ ជាអ្វីដែលសកម្មជនប្រឆាំងលោកស៊ូ បានតស៊ូទាមទារជាយូរមកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ