អានតួអត្ថបទ

សកម្មជន​និស្សិ​ត​ចិន​ ថា​រង​ការគំរាមកំហែង​ខ្លាំង​ពីសំណាក់​ប៉ូលិស​ក្រុង​ប៉េកាំង​

លោកស៊ី ជីនពីងប្រធានាធិបតីចិន។
លោកស៊ី ជីនពីងប្រធានាធិបតីចិន។ REUTERS/Mark Schiefelbein/Pool

ក្រុមនិស្សិត​នៅ​ទីក្រុង​ប៉េកាំង​បាននិយាយ​ នៅថ្ងៃ​សៅរ៍ ទី២ មីនា​ថា​ ប៉ូលិសចិន​បាន​បង្ខំ​ពួកគេ​ឱ្យ​មើលវីដេអូ​មួយ​ ស្តីពី​ការឆ្លើយ​សារភាព​របស់​ក្រុមសកម្មជននិស្សិត​ដទៃទៀត​ ដែល​កំពុង​ជាប់ឃុំឃាំង​។ ទន្ទឹមគ្នានេះ​ ក្រុមនិស្សិត​ដែលជា​សកម្មជន​គាំទ្រ​សិទ្ធិ​របស់​ពលករ​ ក៏​បាន​ឲ្យដឹង​ផងដែរថា​ អាជ្ញាធរចិន​កំពុង​បង្កើន​ការបង្ក្រាប​ ទៅលើ​សកម្មភាពតវ៉ា​របស់​ពួកគេ​ ខណៈពេល​ដែល​ខួបលើកទី​ ៣០ ឆ្នាំ​នៃ​ការបង្ក្រាប​ដោយហិង្សា​ទៅលើ​អ្នកតវ៉ា​ នៅទីលាន​ធៀនអានម៉េន​ ខិតជិត​ចូលដល់​នៅថ្ងៃទី​ ៤ ខែមិថុនា​ ខាងមុខនេះ​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ ​អាជ្ញាធរ​ចិន​បាន​បើក​ការបង្ក្រាប​ទៅលើ​ក្រុមនិស្សិត​ជាច្រើននាក់​ដែល​គាំទ្រ​ឲ្យមាន​ការបង្កើត​សហជីព​កម្មករ​ឯករាជ្យ​មួយ​នៅក្នុង​ខេត្ត ​គ័ងដុង​ Guangdong ដែលជា​ខេត្ត​សម្បូរទៅ​ដោយ​សកម្មភាព​រោងចក្រ​ នៅក្នុង​ប្រទេស​។ ជាក់ស្តែង​ មនុស្ស​រាប់សិបនាក់​បានបាត់ខ្លួន​ កាលពី​រដូវក្តៅ​កន្លងទៅ​ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​ នៅក្នុង​តំបន់​ Shenzhen នៃ​ខេត្ត​គ័ងដុង ​។

បើយោងតាម​បណ្តាញ​នៃ​ក្រុមនិស្សិត​ មាន​និស្សិត​ចំនួន​បួន​នាក់​ ក្នុង​ចំណោម​អ្នក​ដែល​បាត់ខ្លួន​ទាំងអស់​ បាន​លេចមុខ​នៅក្នុង​វីដេអូ​សារភាព ​ដែល​បង្ហាញដោយ​ប៉ូលិស​ចិន​កាលពី​ខែមករា​ ដើមឆ្នាំ​ ២០១៩ កន្លងទៅ។

នៅក្នុង​វីដេអូ​ គេ​ឃើញ​និស្សិត​ទាំងអស់​នោះ​ សារភាព​ដោយ​ទទួលស្គាល់ថា​ សកម្មភាព​លើក​កម្ពស់​សិទ្ធិសេរីភាព​ការងារ​របស់​ពួកគេ​ គឺជា​អំពើ​វិទ្ធង្សនា​ និងជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​។ តាមរយៈ​កាយវិការ​ខុស​ប្រក្រតី​ពេល​ឆ្លើយ​សារភាព​ គេ​អាចដឹង​ថា​សិស្ស​និស្សិត​ទាំងនោះ​ត្រូវ​គេ​ចាប់បង្ខំ​ឲ្យនិយាយ​ដូច្នោះ​។ នេះ​បើតាម​សម្តី​របស់​សកម្មជន​និស្សិត​ម្នាក់​ប្រាប់ទៅកាន់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ក្នុង​ករណី​មិន​បញ្ចេញឈ្មោះ​ ដោយ​បារម្ភពី​បញ្ហា​សុវត្ថិភាព​។

ជាមួយគ្នានេះដែរ​ ក្រុមនិស្សិត​ចិន​ដែល​ធ្លាប់ធ្វើការ​តស៊ូមតិ​ឲ្យរដ្ឋ​គោរព​សិទ្ធិ​របស់​ពលករ​ បាន​ចាត់ទុក​សកម្មភាព​របស់​ប៉ូលិសចិន​ ថា​ជា​យុទ្ធនា​ការ​បំភិត​បំភ័យ​ដល់​ក្រុម​របស់​ពួកគេ​ ដោយ​ចង់ឲ្យ​ពួកគេ​ភ័យខ្លាច​ ហើយ​បែរ​ទៅជា​និយាយថា​ខ្លួនធ្វើខុស​ និង​បន្ទាប់មក​ប្រែក្លាយ​ការតស៊ូមតិ​របស់​ពួកគេ​ទៅជា​អំពើ​ខុសច្បាប់​ទៅវិញ​។

មួយវិញទៀត​ សកម្មជន​និស្សិត​ ក៏បាន​សម្តែង​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​ផងដែរ​ ចំពោះ​សុវត្ថិភាព​ របស់​និស្សិត​ដែល​កំពុង​បាត់ខ្លួន​ទាំងអស់។ ពួកគេ​បញ្ជាក់​ទៀតថា​អាជ្ញាធរ​ចិន​បាន​គាប់​សង្កត់​ពួកគេ​ឲ្យ​ផ្តល់​ព័ត៌មាន​បន្ថែម​ អំពី​និស្សិត​ដទៃទៀត​ដែល​បាន​ចេញមុខ​តវ៉ា​យ៉ាងផុលផុស​នៅគ្រា​កន្លងមក​និងថាអាជ្ញាធរចិន​ នឹង​កាត់​ទោស​អ្នក​ដែល​មាន​នៅ​ក្នុង​វីដេអូ​សារភាព​ទាំងអស់​ ក្នុង​ពេល​ខាងមុខ​។

គួរជ្រាបថា​ រហូតមកដល់ពេលនេះ​ ការិយាល័យផ្នែកសន្តិសុខសាធារណៈក្រុងប៉េកាំង មិននៅទាន់ចេញមុខឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺណាមួយឡើយ។ តែបើតាម លោក​ Peter Dahlin ដែលជាសកម្មជន​ការពារ​សិទ្ធិមនុស្ស​ ការបង្កើត​វីដេអូ​សារភាព​ គឺជា​វិធីសាស្ត្រ​មួយ​របស់​ប៉ូលិស​ចិន​ ដើម្បី​បំភិត​បំភ័យ​ដល់​ក្រុម​អ្នកតវ៉ា​។ លោក Dahlin​ បាន​ប្រាប់​សារព័ត៌មាន​ AFP ដែរ​ថា​ ទង្វើ​របស់​អាជ្ញាធរ​ចិន​ ក្នុងការគំរាមកំហែង​ និង​បង្ក្រាប​ដោយ​ហិង្សា​ទៅលើ​ក្រុមអ្នកតវ៉ា​ គឺ​មិនខុសអី​ពី​អំពើ​ភេរវកម្ម​ផ្នែក​នយោបាយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ