អានតួអត្ថបទ
ចិន-នយោបាយ

ប្រធានាធិបតី​ចិ​ន សរសើរ​ម៉ាកាវ​ថាចេះ​ "ស្នេហាជាតិ​" និង​រក្សា​ភាព​ស្ងប់ស្ងាត់​ផ្នែក​នយោបាយ​

ប្រមុខនីតប្រតិបត្តិម៉ាកាវលោកហូ ឡាសេង ចាប់ដៃជាមួយអ្នកសំដែងម្នាក់នៅក្បែរប្រធានាធិបតីចិនស៊ី ជីនពីង នៅលើឆាកកំឡុងពេលនៃការសម្តែងវប្បធម៌នៅម៉ាកាវ នាថ្ងៃទី ១៩ ធ្នូ ឆ្នាំ២០១៩ នៅមុនថ្ងៃគម្រប់ខួប ២០ ឆ្នាំ នៃការទទួលបានម៉ាកាវមកវិញ។
ប្រមុខនីតប្រតិបត្តិម៉ាកាវលោកហូ ឡាសេង ចាប់ដៃជាមួយអ្នកសំដែងម្នាក់នៅក្បែរប្រធានាធិបតីចិនស៊ី ជីនពីង នៅលើឆាកកំឡុងពេលនៃការសម្តែងវប្បធម៌នៅម៉ាកាវ នាថ្ងៃទី ១៩ ធ្នូ ឆ្នាំ២០១៩ នៅមុនថ្ងៃគម្រប់ខួប ២០ ឆ្នាំ នៃការទទួលបានម៉ាកាវមកវិញ។ REUTERS/Jason Lee

លោកប្រធានាធិបតីចិនស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូ បានសរសើរម៉ាកាវមិនដាច់ពីមាត់ថាមានទឹកចិត្តស្នេហាជាតិ និងបានទប់ស្កាត់នូវរាល់ជម្លោះនយោបាយ។ ពាក្យសម្តីលើកសរសើរម៉ាកាវ របស់លោកស៊ីនេះ ត្រូវគេជឿថា ធ្វើឡើងដើម្បីជាសារប្រាប់ទៅហុងកុង ដែលនៅប៉ុន្មានខែចុងក្រោយនេះ ធ្លាក់ទៅក្នុងអស្ថិរភាពនយោបាយ កើតចេញមកពីចលនាបាតុកម្មប្រជាធិបតេយ្យ ប្រឆាំងនឹងរដ្ឋាភិបាល ដែលមានទំនោរទៅរកចិនប៉េកាំង។

ផ្សាយពាណិជ្ជកម្ម

“ការស្រឡាញ់ មាតុភូមិចិន ក៏ដូចស្រលាញ់ម៉ាកាវដែរ បានក្លាយជាគុណតម្លៃស្នូលមួយ នៅក្នុងសង្គម”។ នេះគឺជាការលើកឡើងរបស់លោកប្រធានាធិបតីចិនស៊ី ជីនពីង ដែលកំពុងស្នាក់នៅលើដែនដីម៉ាកាវ ដើម្បីរងចាំប្រារព្ធខួប ២០ឆ្នាំ នៃការប្រគល់ម៉ាកាវទៅឲ្យចិនវិញ ដែលផ្តើមប្រព្រឹត្តធ្វើ នៅថ្ងៃសុក្រ ទី ២០ ធ្នូនេះ។

ទន្ទឹមគ្នានេះ លោកស៊ី ក៏មិនបានភ្លេច លើកសរសើរម៉ាកាវខ្លាំងផងដែរ ត្រង់ចំណុចដែលម៉ាកាវ មានចិត្តស្រលាញ់អត្តសញ្ញាណជាតិ និងស្នេហាជាតិខ្លាំង មិនចែងចែកថាចិន ឬក៏ម៉ាកាវឡើយ។ លោកថា តំបន់ស្វយ័តម៉ាកាវ ហើយនិងប្រជាជនម៉ាកាវទាំងអស់ ចេះរស់នៅ ប្រកបដោយភាពសុខដុមរមនា ក្នុងនាមចិនតែមួយ និងថាពួកគេចេះ ជ្រើសរើសយកឯកភាព និងទាត់ចោលរាល់ការលូកដៃពីសំណាក់បរទេសខាងក្រៅ។

ទោះបីជា ពាក្យពេចន៍របស់លោកស៊ី ជីនពីងខាងលើ មិនបានបញ្ចេញឈ្មោះហុងកុងសូម្បីមួយម៉ាត់ យ៉ាងណាក្តី ក៏ប៉ុន្តែ គេដឹងច្បាស់ថា លោកចង់ផ្ងើសារទាំងនេះ ទៅដល់ហុងកុង។ ហុងកុង ដែលនៅប៉ុន្មានខែចុងក្រោយនេះ បាននឹងកំពុងជួបអស្ថិរភាពនយោបាយ ដោយសារមានការប្រឆាំងតវ៉ាខ្លាំង ពីសំណាក់ក្រុមអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ។

មួយវិញទៀត ការលើកឡើងរបស់លោកប្រធានាធិបតីចិន ពិតណាស់ ម្យ៉ាង គឺដោយសារលោកចង់ បង្ហាញថាម៉ាកាវ គឺជាតំបន់់ជោគជ័យនៃគំរូ “ប្រទេសមួយប្រព័ន្ធពីរ” ដែលហុងកុង និងកោះតៃវ៉ាន់គួរយកតម្រាប់តាម។ ជាទីក្រុង ដែលប្រជាជនច្រើន គឺច្រើនជាង ៧០ ម៉ឺននាក់ តែម៉ាកាវ កំពុងរស់នៅយ៉ាងស្ងប់សុខ រួមជាមួយភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ក្រោមដំបូលចិនតែមួយ ដឹកនាំដោយបក្សកុម្មុយនិស្តចិន។ លោកស៊ី បន្ថែម។

គួរជម្រាបជូនថា ដូចកោះហុងកុងដែរ ម៉ាកាវ គឺជាតំបន់ស្វយ័តមួយរបស់ចិន ក្រោមស្លាក ប្រទេសមួយប្រព័ន្ធពីរ។ ម៉ាកាវ ត្រូវប្រទេសព័រទុយហ្កាល់ ប្រគល់មកឲ្យចិនវិញនៅឆ្នាំ ១៩៩៩ ពោលគឺក្រោយចិនទទួលបានហុងកុង ពីប្រទេសអង់គ្លេសវិញរយៈពេល ២ ឆ្នាំ។ មិនខុសគ្នាពីហុងកុងដែរ ម៉ាកាវ មានរូបិយវត្ថុ ប្រព័ន្ធតុលាការ និងទីផ្សារសេរី ប៉ុន្តែម៉ាកាវស្តាប់បង្គាប់ និងដើរតាមការគំរូដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលនេះខុសគ្នាផ្ទុយស្រឡះ ពីប្រជាពលរដ្ឋហុងកុង-អ្នកសេ្នហាលទ្ធិប្រជាធិបតេយ្យ​​​​ ដែលមិនព្រមទទួលយកទទួលសោះឡើយ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបផែនរបស់ចិនប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ