អានតួអត្ថបទ
ចិន-ម៉ាកាវ-នយោបាយ

ប្រធានាធិបតី​ចិន​ ព្រមាន​បរទេស​កុំ​​ឱ្យ​លូកដៃ​ក្នុង​កិច្ចការ​ហុងកុង​ និងម៉ាកាវ​

ប្រធានាធបិតីចិនស៊ី ជីនពីង ចូលរួមក្នុងពិធីរំឭកខួប២០ ឆ្នាំ នៃការទទួលបានម៉ាកាវ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ ២០១៩។
ប្រធានាធបិតីចិនស៊ី ជីនពីង ចូលរួមក្នុងពិធីរំឭកខួប២០ ឆ្នាំ នៃការទទួលបានម៉ាកាវ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ ២០១៩។ REUTERS/Jason Lee

នៅថ្ងៃសុក្រនេះ ថ្លែងនៅក្នុងពិធីរំឭកប្រារព្ធខួប ២០ ឆ្នាំ នៃការប្រគល់ដែនដីម៉ាកាវទៅឲ្យចិនវិញ លោកប្រធានាធិបតីចិនស៊ី ជីនពីង បានលើកសរសើរម៉ាកាវមិនដាច់ពីមាត់ ថាចេះស្រលាញ់ជាតិ និងរក្សាស្ថិរភាពផ្នែកនយោបាយបានល្អ។ ជាមួយគ្នានេះ លោកស៊ី ក៏បានធ្វើការព្រមានផងដែរទៅដល់បរទេស កុំឲ្យចូលទៅលូកដៃកកូរកកាយក្នុងកិច្ចការម៉ាកាវ និងហុងកុងឲ្យសោះ។

ផ្សាយពាណិជ្ជកម្ម

ពិធីរំឭកខួប២០ ឆ្នាំ នៃការផ្ទេរដែនដីម៉ាកាវ ទៅឲ្យចិនវិញ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព របស់ប្រមុខលោករដ្ឋចិនលោកស៊ី ជីនពីង ប្រកបដោយភាពអធិកអធម និងការយាមកាមសន្តិសុខតឹងរឹង។

នៅក្នុងថ្ងៃរំឭកខួប នៃការទទួលបានម៉ាកាវ ពីអតីតប្រទេសអាណានិគមព័រទុយហ្កាល់នេះដែរ សេចក្តីថ្លែងសុន្ទរកថា របស់លោកស៊ី ជីនពីង គឺជាអ្វីដែលគេចាប់អារម្មណ៍ និងរងចាំស្តាប់ខ្លាំងជាទីបំផុត។

ជាក់ស្តែង គេចាប់អារម្មណ៍ សារចំនួនពីរសំខាន់ៗ ដែលលោកប្រមុខរដ្ឋចិន បានថ្លែង។ ទី១នោះ គឺលោកបាននិយាយលើកសរសើរ ម៉ាកាវ ដែលគេស្គាល់ថាជាឋានសួគ៌ល្បែង ជាច្រើនដង ចំពោះភក្តីភាព និងទឹកចិត្តស្រលាញ់ជាតិ ក្នុងនាមចិនតែមួយ ក្រោមដំបូលដឹកនាំរបស់បក្សកុម្មុយនិស្តចិនប៉េកាំង។

គេដឹងថា ពាក្យពេចន៍លើកសរសើរដដែលៗ ម្តងហើយម្តងទៀត របស់លោកស៊ី ចំពោះម៉ាកាវនេះ គឺដើម្បីជាសារផ្ញើទៅហុងកុង។ សម្រាប់ចិនប៉េកាំង ការប្រឆាំងតវ៉ា របស់ពលរដ្ឋហុងកុង អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាច្រើនខែកន្លងមកនេះ គឺជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព របស់ប្រទេសចិនទាំងមូល និងថាមានការចូលជ្រៀតជ្រែកពីបរទេស។

ហេតុដូចនេះហើយ ទើបនៅក្នុងសារបន្ទាប់ ថ្លែងនៅក្នុងពិធីថ្ងៃនេះ លោកស៊ី បានព្រមានកុំឱ្យបរទេស ចូលទៅជ្រៀតជ្រែកកិច្ចការម៉ាកាវ និងហុងកុងឲ្យសោះ។ ប្រមុខរដ្ឋចិនរូបនេះ បានសង្កត់ធ្ងន់ថា ចិននឹងមិនអនុញ្ញាតជាដាច់ខាត ឲ្យបរទេស អាចលូកដៃចូលក្នុងកិច្ចការម៉ាកាវ និងហុងកុង ដែលសុទ្ធតែជាដែនដីរបស់ចិន។

គួររំឭកជូនដែរថា កាលពីឆ្នាំ ២០១៧ ក្នុងពិធីរំឭកខួប២០ឆ្នាំ ដែលអង់គ្លេស ប្រគល់ហុងកង ឲ្យមកចិនវិញ លោកស៊ី ជីនពីង ធ្លាប់បាននិយាយដោយម៉ឺងម៉ាត់ថា រាល់សកម្មភាពប្រឆាំងទៅនឹង រដ្ឋាភិបាលកណ្តាលប៉េកាំង គឺជាការដើរហួសបន្ទាត់ក្រហម ហើយថាសកម្មភាពប្រឆាំងទាំងនេះ មិនអាចឲ្យកើតមានបានឡើយក្នុងទឹកដីនៃប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ