អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត​ និងចិន​ ចុះ​កិច្ចព្រមព្រៀង​រាប់ពាន់​លាន​ដុល្លារ​ជាមួយគ្នា​

រាជទាយាទបេនសាលម៉ាន ពេលជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីង នៅឯទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩។
រាជទាយាទបេនសាលម៉ាន ពេលជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិនស៊ី ជីនពីង នៅឯទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩។ How Hwee Young/Pool via REUTERS

ព្រះអង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាមេដ​ បេនសាលម៉ាន​ បានជួប​ពិភាក្សាជាមួយ​លោក​ប្រធានាធិបតីចិន​ស៊ី ជីនពីង នៅថ្ងៃសុក្រ​ ទី២២ កុម្ភៈ​ ឆ្នាំ២០១៩​។ ក្នុងពេលជួប​ចរចា​ជាមួយគ្នា​ រាជទាយាទ​បេនសាលម៉ាល​ និង​លោកស៊ី ជីនពីង​ បានបង្ហាញ​ជំហរ​គាំទ្រ​យ៉ាងខ្លាំង​ ចំពោះ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​ និង​ថែមទាំង​បាន​ចុះកិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយគ្នា​ ក្នុង​តម្លៃទឹកប្រាក់​រាប់ពាន់​លានដុល្លារ​ថែមទៀតផង​។

ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែល​ទំនាក់ទំនង​ រវាងអារ៉ាប៊ីសាអូឌីត​ ជាមួយ​សហរដ្ឋអាមេរិក​ ព្រមទាំង​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ កាន់តែ​ឃ្លាតឆ្ងាយ​ពីគ្នា​ ទំនាក់ទំនង​រវាង​ប្រទេស​សម្បូរប្រេង​មួយនេះ​កាន់តែ​ល្អូកល្អឺន​ទ្វេឡើង​ជាមួយ​ប្រទេស​ចិន​។

ជាក់ស្តែង​ ក្នុងពេល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​ ព្រះអង្គម្ចាស់​បេនសាលម៉ាន​ បាននិយាយថា​ ចំណង​ទាក់ទង​រវាង​ទីក្រុង​រីយ៉ាដ​ ជាមួយនឹង​ទីក្រុង​ប៉េកាំង​ ជាទំ​នាក់ទំនង​មួយ​ដែល​មានភាពរឹងមាំ​ និង​មាន​អាយុកាល​យូរអង្វែង​។ រាជទាយាទ​អង្គ​នេះ​ បាន​បញ្ជាក់បន្ថែម​ថា​ ចាប់តាំងពី​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​មក​ អារ៉ាប៊ីសាអូឌីត​ មិនដែល​ធ្លាប់មាន​បញ្ហា​ជាមួយ​ប្រទេសចិន​ឡើយ​។

ចំណែកឯ​ប្រធានាធិបតី​ស៊ី ជីនពីង​ វិញ​ លោក​ក៏បាន​បង្ហាញ​ពី​ចេតនាល្អ​ និង​ការគាំទ្រ​ចំពោះ​គោលនយោបាយ​ ដឹកនាំ​របស់​រាជទាយាទ​បេនសាលម៉ាន​ដែរ​។ លោកស៊ី​ បានលើកឡើងថា​ ចិន​គឺជាមិត្តល្អ​ ព្រមទាំង​ជា​ដៃគូល្អ​មួយ​ របស់​អារ៉ាប៊ីសាអូឌីត​។ លោក​បានបន្ថែមថា​ ប្រទេសចិន​គាំទ្រ​ចំពោះ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ ព្រមទាំង​នយោបាយ​ធ្វើកំណែ​ទម្រង់​សង្គម​របស់​អារ៉ាប៊ីសាអូឌីត​។

ក្រោយពេល​ជួបពិភាក្សា​នឹងគ្នា​រួចមក​ ព្រះអង្គម្ចាស់​រាជទាយាទ​បេនសាលម៉ាន​ និង​លោកស៊ី ជីនពីង​ សម្រេចបាន​លទ្ធផលល្អ​ជាច្រើន​ជាមួយគ្នា​។ ជាក់ស្តែង​ គឺការ​ចុះ​កិច្ចព្រមព្រៀង​បណ្តាក់ទុន​រកស៊ីរួមគ្នា​ រវាង​ក្រុមហ៊ុន​ផលិតប្រេង​រដ្ឋ​របស់​អារ៉ាប៊ីសាអូឌីត​ និងក្រុមហ៊ុនចិន​ ក្នុង​តម្លៃទឹកប្រាក់​ច្រើនជាង​ ១០ ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក​។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ ក្រុមហ៊ុន​ទាំងពីរ​នឹង​សហការគ្នា​ អភិវឌ្ឍ​រោងចក្រ​ចម្រាញ់ប្រេង​នៅក្នុង​ខេត្តមួយ​ ស្ថិតនៅ​ភាគឥសាន​នៃ​ប្រទេស​ចិន​។ ក្រៅពីនេះ​ អ្នកតំណាង​ផ្នែក​វិនិយោគ​របស់​អារ៉ាប៊ីសាអូឌីត​ ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ អំពី​ការចុះ​អនុស្សរណៈ​យោគយល់គ្នា​រវាង​ប្រទេស​ទាំងពីរ​ចំនួន​ ៣៥​ ដែល​ក្នុងនោះ​ក៏មានផងដែរ​ ការព្រមព្រៀង​គ្នា​ទៅលើ​វិស័យថាមពល​ រ៉ែ​ ដឹកជញ្ជូន និងពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​។

សូមជ្រាបថា​ ការលើកឡើង​ពី​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​រវាង​ចិន​ និង​អារ៉ាប៊ីសាអូឌីត​ គេដឹងថា​ ដោយសារតែ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ចង់បង្អួតពី​សម្ព័ន្ធភាព​ដ៏ល្អ​ប្រៀបដូច​រាត្រីទឹកឃ្មុំ​របស់ពួកគេ​ ទៅកាន់អាមេរិក​ និង​បណ្តាប្រទេស​សហភាពអឺរ៉ុប​ ដែល​កំពុងតែ​មានទំនាក់ទំនង​មិនល្អ​ជាមួយនឹង​អារ៉ាប៊ីសាអូឌីត​ នៅ​មួយរយៈពេល​ចុងក្រោយនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ