អានតួអត្ថបទ
ជប៉ុន-ច្បាប់

ជប៉ុន​ ស្តីបន្ទោសថា​ការរត់​គេច​ខ្លួន​របស់​លោក​ការឡូស ហ្គោន​ ជារឿង​មិន​ត្រឹមត្រូវ​

លោកការឡូស ហ្គោនអតីតនាយកក្រុមហ៊ុនរថយន្តកូនកាត់បារាំងជប៉ុនរឺណូ-នីសាន់។
លោកការឡូស ហ្គោនអតីតនាយកក្រុមហ៊ុនរថយន្តកូនកាត់បារាំងជប៉ុនរឺណូ-នីសាន់។ REUTERS/Issei Kato

ការរត់គេចខ្លួនពីប្រទេសជប៉ុនរបស់លោកការឡូស ហ្គោន អតីតនាយកក្រុមហ៊ុនរថយន្តកូនកាត់បារាំងជប៉ុនរឺណូ-នីសាន់ មិនមែនជារឿងសមហេតុផលនោះទេ។ នេះ គឺជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន នៅថ្ងៃអាទិត្យនេះ ដោយបានបន្ថែមថា លោកហ្គោន បានប្រើវិធីដែលខុសនឹងច្បាប់ ដើម្បីអាចចាកចេញពីប្រទេសជប៉ុនបាន។

ផ្សាយពាណិជ្ជកម្ម

នេះ គឺជាការធ្វើសេចក្តីអត្ថាធិប្បាយរបស់មន្ត្រីជប៉ុន ជាសាធារណៈ និងជាលើកដំបូង ពាក់ព័ន្ធនឹងករណីរបស់លោកការឡូស ហ្គោន រាប់ចាប់តាំងពីរឿងនេះកើតឡើងនាថ្ងៃទី៣១ ធ្នូមក។

អតីតនាយកក្រុមហ៊ុនរថយន្តល្បីឈ្មោះរឺណូ-នីសាន់ បានបង់ប្រាក់ធានាសុំនៅក្រៅឃុំ ហើយបន្ទាប់មកបានរួចរត់គេចខ្លួនពីប្រទេសជប៉ុន ជាទីដែលលោកកំពុងរងចាំការជំនុំជម្រះក្តី ពាក់ព័ន្ធនឹងបទចោទជាច្រើន ដែលលោកហ្គោនបដិសេធ។

ក្រោយរត់គេចខ្លួន ទៅដល់ប្រទេសលីបង់បានសម្រេច អតីតប្រធានក្រុមហ៊ុនរថយន្តនីសាន់វ័យ៦៥ឆ្នាំរូបនេះ បានអះអាងថាលោកមិនបានរត់គេចពីតុលាការទេ តែគេចពីប្រព័ន្ធតុលាការអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញនយោបាយ។ 

ការលើកឡើងរបស់លោកហ្គោនបែបនេះ បានធ្វើឱ្យអាជ្ញាធរជប៉ុនឈឺក្បាលវិលមុខជាយ៉ាងខ្លាំង ក្នុងការរិះរកវិធីការពារប្រព័ន្ធយុត្តិធម៌របស់ពួកគេ ពីការរិះគន់របស់អន្តរជាតិ។ ជាក់ស្តែង រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុនលោកស្រី ម៉ាសាកុ មុរី (Masako Mori) បានមានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសជប៉ុន មានដាក់ចេញនូវនីតិវិធីសមស្របដើម្បីបញ្ជាក់ពីការពិត និងត្រូវបានអនុវត្តតាមនីតិវិធីត្រឹមត្រូវដែលធានានូវសិទ្ធិមនុស្សជាមូលដ្ឋាន។

លោកស្រីម៉ាសាកុ មុរី បានបន្ថែមថា ការរត់គេចខ្លួន ក្នុងអំឡុងពេលនៅក្រៅឃុំតាមរយៈការបង់ប្រាក់ធានា គឺជារឿងមិនសមហេតុផលឡើយ និងថាអាជ្ញាធរជប៉ុនបានរាយការណ៍រួចរាល់ហើយដែរ អំពីករណីរត់គេចរបស់លោកហ្គោននេះទៅកាន់ប៉ូលិសអាំងទែប៉ូល។

ទាក់ទងរឿងនេះដែរ នៅក្នុងសេចក្តីអត្ថាធិប្បាយដាច់ដោយឡែកមួយ ការិយាល័យរដ្ឋអាជ្ញាសាធារណៈជប៉ុន បានចាត់ទុកការគេចខ្លួនរបស់លោកហ្គោន ថាជាអំពើ “ឧក្រិដ្ឋកម្ម” ហើយថា អតីតប្រធានក្រុមហ៊ុនរឺណូ-នីសា គឺជាមនុស្សមានឥទ្ធិពលខ្លាំងទាំងនៅក្នុងប្រទេសជប៉ុន និងនៅប្រទេសជាច្រើនទៀត ដូច្នោះហើយជប៉ុន បារម្ភខ្លាចថា លោកហ្គោន អាចទៅបំផ្លាញភ័ស្តុតាងពាក់ព័ន្ធនឹងបទចោទលើរូបលោក។

ទាញចេញពីករណីខាងលើនេះ ព្រះរាជអាជ្ញាជប៉ុន និយាយថា ការរត់គេចរបស់លោកការឡូស ហ្គោន សរបញ្ជាក់ឲ្យឃើញថា អំណះអំណាងរបស់ពួកគេ ដែលថាលោកហ្គោន គួរតែត្រូវជាប់ឃុំ គឺជារឿងត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ