អានតួអត្ថបទ

លោកហ្គោន​ត្រូវបានដោះលែង​ឲ្យនៅ​ក្រៅឃុំ​ក្រោយ​ជាប់​ពន្ធនាគារ​ជាង​បីខែ​

លោកហ្គោន ពេលចាកចេញពីមន្ទីរឃុំឃាំង នៅថ្ងៃពុធ ទី ៦ មីនា ឆ្នាំ២០១៩។
លោកហ្គោន ពេលចាកចេញពីមន្ទីរឃុំឃាំង នៅថ្ងៃពុធ ទី ៦ មីនា ឆ្នាំ២០១៩។ Mandatory credit Kyodo/via REUTERS

នៅថ្ងៃ​ពុធ​ ទី៦ មីនា នេះ​ អតីត​នាយក​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នីសាន់​លោកការឡូស ហ្គោន បានចេញពី​ពន្ធនាគារ​ទីក្រុង​តូក្យូហើយ​ បន្ទាប់ពី​មានការ​យល់ព្រម​ពី​តុលាការ​ជាន់ខ្ពស់​ជប៉ុន​។ លោកហ្គោន​ ត្រូវបាន​ដោះលែង​ក៏ពិតមែន​ ក៏ប៉ុន្តែ​តុលាការ​ក្រុងតូក្យូ​ បានដាក់​លក្ខខណ្ឌ​យ៉ាងរឹងតឹង​ជាច្រើន​ ចំពោះ​រូបលោក​ ក្នុង​អំឡុង​ពេល​រស់នៅក្រៅ​មណ្ឌល​ឃុំឃាំង​។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ជាប់ឃុំឃាំង​អស់រយៈពេល​ជាង​ ១០០ ថ្ងៃ​រួចមក​ នៅ​ទីបំផុតទៅ​ លោក​ការឡូស​ ហ្គោន​ អតីត​មេដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​រថយន្ត​ដ៏ធំមួយ​ក្នុងលោក​គឺ​សម្ព័ន្ធ​រថយន្ត​ រឺណូ-​នីសាន់​-មីស៊ុយប៊ីស៊ី​ បាន​ចាកចេញពី​មណ្ឌលឃុំឃាំង​នៅប៉ែក​ខាងជើង​ទីក្រុង​តូក្យូហើយ​។

នៅពេល​ចេញពី​មន្ទីរឃុំឃាំង​ គេ​ឃើញ​លោកហ្គោន​ ​មាន​ពាក់ម៉ាស​បាំងមុខ​ ដោយ​មានអម​ទៅដោយ​ឆ្មាំគុក​ជប៉ុន​មួយក្រុមដែលមានពាក់ម៉ាសបាំងមុខដូចគ្នា​។ គួរជ្រាបថា​ ទោះបីជា​ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​យ៉ាងណា​ក៏ដោយ​ ក៏​លោកហ្គោន​ នៅតែ​ប្រឈមនឹង​ការដាក់លក្ខខណ្ឌ​យ៉ាងតឹងតែង​ជាខ្លាំង​ ពី​សំណាក់​តុលាការ​ជប៉ុន​។

ជាក់ស្តែង​ ក្រៅតែពី​តម្កល់​ប្រាក់ធានា​ចំនួន​ ៩ លានដុល្លារ​សហរដ្ឋអាមេរិក​ តុលាការ​មិនអនុញ្ញាត​ជាដាច់ខាត​ឲ្យ​លោកហ្គោន​ ចាកចេញពី​ប្រទេសជប៉ុន​ និង​រួមបញ្ចូល​ទាំង​វិធានការ​ផ្សេងទៀតៗ​ ដែល​កំណត់​លើ​ការប្រាស្រ័យទាក់ទង​របស់​លោក​ជាមួយ​នឹង​ពិភពខាងក្រៅ​។

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ Kyodo បានឱ្យដឹងថា​ តុលាការ​នឹង​រឹតបន្តឹង​ចំពោះ​ការប្រើប្រាស់​ទូរស័ព្ទ​របស់​លោកហ្គោន​។ តែទោះជាយ៉ាងនេះក្តី​ អតីត​ប្រធាន​ក្រុមហ៊ុន​រថយន្ត​របស់​បារាំង​វ័យ​ ៦៤ ឆ្នាំ​រូបនេះ​ អាច​ប្រើ​កុំព្យូទ័រ​បាន​ តែ​តុលាការ​អនុញ្ញាតឲ្យ​លោក​ ប្រើ​កុំព្យូទ័រ​តែ​នៅក្នុង​ការិយាល័យ​មេធាវី​របស់​គាត់​ និង​នៅតាម​ម៉ោងពេល​ធ្វើការ​តែប៉ុណ្ណោះ​។

យោងតាម​ទីភ្នាក់ងារ​ Kyodo ដដែលនេះ​ ក្នុង​អំឡុងពេល​នៅ​ក្រៅឃុំ​ លោកហ្គោន​ ក៏ត្រូវ​បាន​ហាមឃាត់​ផងដែរ​ មិនឱ្យ​ទាក់ទង​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នីសាន់​ និងអ្នកដទៃ​ដែល​មានជាប់ពាក់ព័ន្ធ​ទៅនឹង​រឿងក្តីក្តាំ​ប្រឆាំង​នឹង​រូបលោក​។

គួររំឭកជូនថា​ នៅគ្រាកន្លងមក​ តុលាការក្រុងតូក្យូ​ ទទួល​រងការរិះគន់​ជាច្រើន​ពីសំណាក់​អន្តរជាតិ​ និង​ក្រុមអ្នក​ការពារសិទ្ធិមនុស្ស​ ចំពោះ​ការណ៍​ដែល​តុលាការ​ពន្យារ​ពេល​ឃុំខ្លួន​លោកហ្គោន​ ដោយគ្មាន​ការកាត់ទោស​។

មិនតែប៉ុណ្ណោះ​ លោកការឡូស ហ្គោន​ ក៏ធ្លាប់​បាននិយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ដំបូង​ និងតែមួយគត់​របស់​លោក​ជាមួយសារព័ត៌មាន​អន្តរជាតិ​ដែរថា​ ការ​បន្តឃុំខ្លួន​រូបលោកពីសំណាក់​តុលាការ​ជប៉ុន​ មិនមែនជារឿងធម្មតាឡើយ​ នៅក្នុង​ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​។ លោកហ្គោន​ បានចោទ​ជាសំណួរថា​ ហេតុអ្វីបានជា​លោក​ត្រូវ​ទទួលរង​នូវ​ទណ្ឌកម្ម​ មុនពេល​ដែល​គេ​រកឃើញ​ថា​លោក​មានទោស​ទៅវិញ​?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ