អានតួអត្ថបទ
ជប៉ុន-មជ្ឈិមបូព៌ា

ជប៉ុនប្រកាសបញ្ជូនយន្តហោះនិងនាវាចម្បាំងទៅល្បាតផ្លូវដឹកប្រេងនៅមជ្ឈិមបូព៌ា

យន្តហោះល្បាត​ដែនសមុទ្រ​របស់​ជប៉ុន ហោះកាត់ពីលើ​នាវាដឹកប្រេង នៅ​ឈូងសមុទ្រ​អាដែន កាល​ពីឆ្នាំ២០១៥ (រូបថតឯកសារ)
យន្តហោះល្បាត​ដែនសមុទ្រ​របស់​ជប៉ុន ហោះកាត់ពីលើ​នាវាដឹកប្រេង នៅ​ឈូងសមុទ្រ​អាដែន កាល​ពីឆ្នាំ២០១៥ (រូបថតឯកសារ) Kyodo/via REUTERS

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​នៅថ្ងៃ​សុក្រ​នេះ​ថា ជប៉ុន​នឹង​បញ្ជូន​យន្តហោះល្បាត​ពីរ​គ្រឿង និង​នាវាចម្បាំង​មួយគ្រឿង ឲ្យ​ទៅ​ល្បាត និង​ការពារផ្លូវ​នាវាចរណ៍​ នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុងការ​ដឹកជញ្ជូន​ប្រេង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ជប៉ុន​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​គម្រោង​បង្កើត​កងទ័ព​ចម្រុះ​ល្បាត​ដែនសមុទ្រ​ក្នុង​តំបន់ ដែល​​ដឹកនាំ​ដោយ​អាមេរិក​នោះទេ។

ផ្សាយពាណិជ្ជកម្ម

ការបញ្ជូន​យន្តហោះ​និង​នាវាចម្បាំង​​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​នេះ​ គឺ​ជា​វិធានការ​ផ្ទាល់​ខ្លួន​របស់​ជប៉ុន ធ្វើឡើង​ ក្នុងគោលដៅ​​ធានា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ក៏​ដូចជា​ ដើម្បី​ធានា​សុវត្ថិភាព​នាវាដឹកជញ្ជូន ដែល​មាន​ផលប្រយោជន៍​របស់​ជប៉ុន។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ុហ្កា មន្រ្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន ដោយ​បាន​កត់សម្គាល់​បន្ថែម​ថា ក្នុង​ចំណោម​បរិមាណ​ប្រេង​ដែល​នាំចូល​មក​ក្នុង​ប្រទេស​ជប៉ុន​ មាន ៩០% គឺ​នាំចូល​មក​ពី​តំបន់​មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បញ្ហា​សុវត្ថិភាព​ផ្លូវដឹកជញ្ជូន​ប្រេង​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នេះ​បាន​ចាប់ផ្តើម​កើនឡើង​ខ្លាំង នៅ​ដើមឆ្នាំ​២០១៩​នេះ ក្រោយ​ពី​នាវាដឹកប្រេង​ជាច្រើន​គ្រឿង ក្នុង​នោះ​ក៏​មាន​នាវារបស់​ជប៉ុន​ផងដែរ ត្រូវ​ទទួល​រង​នូវការ​វាយប្រហារ​ជា​បន្តបន្ទាប់ នៅ​ក្នុង ឬ​ក្បែរ​ច្រកសមុទ្រអកមូស ដែល​ជាច្រក​ចេញចូល​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុងការ​ដឹកជញ្ជូន​ប្រេង​ពី​មជ្ឈិម​បូព៌ា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

សហរដ្ឋ​អាមេរិក ដែល​តែងតែ​បាន​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នាវាដឹកប្រេងនេះ បាន​សម្រេច​បង្កើត​ទ័ព​ជើងទឹក​ចម្រុះ​មួយ​ ដើម្បី​ល្បាត និង​ការពារ​​​នាវាដឹកជញ្ជូន​នៅ​ក្នុង​តំបន់​ ជាពិសេស នៅ​ច្រកសមុទ្រ​អកមូស ជាប់​នឹង​ប្រទេស​អ៊ីរ៉ង់។ ទ័ពជើងទឹកចម្រុះ​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​​ប្រទេស​មួយចំនួន​ ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក រួមមាន​ដូចជា អង់គ្លេស និង​អូស្រ្តាលី ជាដើម ក៏ប៉ុន្តែ ប្រទេស​ភាគច្រើន​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អឺរ៉ុប ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ដែរ បាន​បដិសេធ​មិន​ចូលរួម។

ជប៉ុន​វិញ​​ ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​អាមេរិកផង តែ​មាន​ទំនាក់ទំនង​ល្អ និង​ចាស់ឆ្នាំ​ជាមួយ​អ៊ីរ៉ង់​ផងនោះ ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​ខ្លួន​​នឹង​មិន​ចូលរួម​ក្នុង​​ទ័ព​ជើងទឹកចម្រុះ​​ជាមួយ​អាមេរិក​នេះ​ទេ ហើយ​បើ​តាមការ​ឲ្យដឹង​របស់​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ជប៉ុន យន្តហោះល្បាត និង​នាវាចម្បាំង​ ដែល​ជប៉ុន​គ្រោង​បញ្ជូន​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​​នាពេល​ខាងមុខ​នេះ ក៏​នឹង​មិន​ដាក់ពង្រាយ​នៅ​ក្នុង​តំបន់​ច្រកសមុទ្រអកមូស ដែល​ជា​ដែន​ប្រតិបត្តិការ​របស់​ទ័ពចម្រុះ​អាមេរិក​នោះដែរ។ ផ្ទុយ​ទៅវិញ ជប៉ុន​នឹង​ផ្តោត​ប្រតិបត្តិការ​របស់​ខ្លួន​ នៅតំបន់សមុទ្រ​​ប៉ែក​ខាង​ក្រៅ​ ពោលគឺ​ ចាប់​ពី​ឈូងសមុទ្រ​អូម៉ង់ កាត់តាម​សមុទ្រ​អារ៉ាប់ រហូត​ទៅដល់​ឈូងសមុទ្រ​អាដែន ក្បែរប្រទេស​យេម៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ