អានតួអត្ថបទ

យានអវកាស​ជប៉ុន​ចុះចត​យ៉ាង​ជោគជ័យ​នៅលើ​អាចម៍ផ្កាយ​Ryugu​

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបង្ហាញរូបភាពយានអវកាស Hayabusa 2 ខណៈពេលចុះចតលើអាចម៍ផ្កាយនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩។
ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបង្ហាញរូបភាពយានអវកាស Hayabusa 2 ខណៈពេលចុះចតលើអាចម៍ផ្កាយនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៩។ Mandatory credit Kyodo/via REUTERS

នៅថ្ងៃសុក្រ​ ទី២២​ កុម្ភៈនេះ​ យានអវកាស​ជប៉ុន​ឈ្មោះ​ Hayabusa2​ បាន​ចុះចត​ដោយ​សុវត្តិភាព​ហើយ​នៅលើ​អាចម៍ផ្កាយ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៣០០ លាន​គីឡូម៉ែត​ពីផែនដី។ នេះ​គឺជាការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រជប៉ុន​ដោយ​បាន​បន្ថែមថា​យានអវកាសជប៉ុន​បានប្រមូល​យក​ផ្នែកមួយចំនួន​នៃអាចម៍ផ្កាយ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ដើមកំណើត​នៃ​ជីវិត​ក្នុងលោក​និងអំពីប្រព័ន្ធ​ព្រះអាទិត្យ​​។

ផ្សាយពាណិជ្ជកម្ម

មុនពេល​ចុះចត​ និង​ប្រមូល​បាន​បំណែក​មួយចំនួន​នៃ​អាចម៍ផ្កាយ​ គេ​ឃើញ​មាន​វីដេអូ​ផ្សាយផ្ទាល់​ បង្ហាញពី​សកម្មភាព​របស់​ក្រុមកាងាររបស់ ​ Hayabusa2​ រាប់សិបនាក់​ កំពុង​ដុតដៃដុត​ជើង​ ពិនិត្យមើលទិនន្ន័យ​ ដោយ​ទឹកមុខ​ភ័យ​ព្រួយបារម្ភ​។

“យើង​បានធ្វើការ​ចុះចត​ប្រកបដោយ​ជោគជ័យ​ រួមជាមួយ​លក្ខខណ្ឌ​ដ៏​អំណោយ​ផល ដោយអាច​ប្រមូល​យកបាន​ផ្នែកខ្លះនៃអាចម៍ផ្កាយ​ ដើម្បី​ធ្វើការ​សិក្សា​ជ្រាវស្រាវ​”។ នេះ​ គឺជា​ការលើកឡើង​របស់លោក Yuichi Tsuda អ្នកគ្រប់គ្រង​គម្រោង​យានអវកាស​ជប៉ុន​ Hayabusa2។

ទាក់ទងរឿងនេះដែរ​ អ្នកដឹកនាំ​បេសកកម្ម​ស្រាវជ្រាវនេះ​ គឺ​លោក​ Makoto Yoshikawa បាននិយាយថា​លោក​និង​ក្រុមការងារ​ពិតជា​មានអារម្មណ៍​រីករាយ​ដែល​បេសកម្ម​លើក​នេះ​ ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​។ លោក​បន្ត​ទៀតថា​ ដំណើរ​ស្រាវជ្រាវ​ទៅកាន់​អាចម៍ផ្កាយ​មានភាព​ស្មុគស្មាញ​ខ្លាំងណាស់​ ប៉ុន្តែ​ជាសំណាងល្អ​ដែល​យានអវកាស​ជប៉ុន​អាចទៅដល់​អាចម៍ផ្កាយ​ឈ្មោះ​ Ryugu ​ប្រកប​ដោយ​សុវត្ថិភាព​ និង​លឿនជាង​ការរំពឹងទុកទៅទៀត​ ជាពិសេស​ប្រមូលបាន​ផ្នែកខ្លះ​នៃ​អាចម៍ផ្កាយ​ដូចការ​គ្រោងទុក​។

ជាមួយគ្នានេះដែរ​ ក្រុមអ្នក​វិទ្យាសាស្ត្រ​សង្ឃឹមថា​ ផ្នែកខ្លះ​នៃ​អាចម៍ផ្កាយ​ ដែល​គេ​ប្រមូលបាន​នឹង​ជួយឲ្យគេ​អាចបកស្រាយ​ចម្ងល់សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ជីវិត​ ព្រមទាំង​ចក្រវាល​យើងនេះ​។

គួរជ្រាបថា អាចម៍ផ្កាយ​ត្រូវបាន​គេជឿថា​មានផ្ទុក​សារធាតុសរីរាង្គ​ និង​ជាតិទឹក​ជាច្រើន​ ដែល​អាចឲ្យ​គេ​សិក្សា​អំពីខ្យល់​ និង​វិទ្យុសកម្ម​ជាពិសេស​អាចជួយ​ដល់ជីវិត​នៅលើ​ភពផែនដី​ផងដែរ។​

គួររំឭកជូនថា​ បេសកម្ម​របស់​យានអវកាស​ជប៉ុន​ Hayabusa2 បានចាប់​ដំណើរការ​ដំបូង​ នៅក្នុង​ឆ្នាំ២០១៤​ ជាមួយនឹង​ការអំណាយ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ គឺ​រហូតដល់​ប្រមាណ​ជា​ ៣០ ពាន់លាន​យេនស្មើនឹង​ប្រមាណជា​ ២៧០​ លានដុល្លារ​សហរដ្ឋអាមេរិក​។ យានអវកាសជប៉ុននេះ​ គ្រោងនឹង​ហោះត្រលប់​មកដល់​ភពផែនដី​យើងវិញ​នាឆ្នាំ​ ២០២០ ខាងមុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ