អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ ប្រកាស​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់ ដោយ​គំរាម​កំទេច​ទីតាំង​ចំនួន​៥២​របស់​អ៊ីរ៉ង់

សំឡេង ០៧:០៨
លោកដូណាល់ ត្រាំ ប្រធានាធីបតីសហរដ្ឋអាមេរិក
លោកដូណាល់ ត្រាំ ប្រធានាធីបតីសហរដ្ឋអាមេរិក Reuters

បន្ទាប់ពីបានបញ្ជាឲ្យកងទ័ពអាមេរិក សម្លាប់នាយឧត្តមសេនីយដ៏សំខាន់ៗ របស់អ៊ីរ៉ង់ និងរបស់អ៊ីរ៉ាក់ លោកដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ទី៤មករា​ បានប្រកាសនៅលើទំព័រTwitter ថាកងទ័ពអាមេរិក នឹងវាយកម្ទេចទីតាំងចំនួន​៥២ របស់អ៊ីរ៉ង់ ក្នុងពេលដ៏ឆាប់បំផុត បើសិនជាអ៊ីរ៉ង់នៅតែព្រហើន ចង់សងសឹក។ ពាក្យគំរាមទាំងអម្បាលម៉ាណ របស់លោកប្រធានាធិបតីអាមេរិកនេះ ត្រូវបាន​ភាគីអ៊ីរ៉ង់ ថ្កោលទោសយ៉ាងខ្លាំង ខណៈដែលកំហឹងស្អប់អាមេរិក បានផ្ទុះឡើងកាន់តែធំ នៅអ៊ីរ៉ាក់ និងនៅអ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

កម្ទេចទីតាំង៥២កន្លែង រាប់ទាំងទីតាំងវប្បធម៌ផង

លោកដូណាល់ ត្រាំ បានប្រកាសថា “កងទ័ពអាមេរិក និងវាយកម្ទេចទីតាំងចំនួន​៥២កន្លែងរបស់អ៊ីរ៉ង់ ឲ្យ​ធ្ងន់ធ្ងរ និងក្នុងពេលដ៏ឆាប់បំផុត បើសិនជាអ៊ីរ៉ង់ ហ៊ានវាយប្រហារមកលើជនជាតិអាមេរិក ឬក៏ទីតាំងដែលជាផលប្រយោជន៍របស់អាមេរិក”។ លោកដូណាល់ ត្រាំ សរសេរលំអិតបន្តទៀតថា “ទីតាំងទាំង៥២របស់អ៊ីរ៉ង់នោះ គឺសុទ្ធសឹងតែជាទីតាំងយុទ្ធសាស្ត្រ និងមានសារៈសំខាន់បំផុតសម្រាប់អ៊ីរ៉ង់ រាប់ទាំងទីតាំងវប្បធម៌ផង”

ចំនួនលេខ៥២នេះ គឺលោកដូណាល់ ត្រាំបានបញ្ជាក់ថា គឺជាចំនួន​ជនជាតិអាមេរិកកាំងតាំង៥២នាក់ ដែលបានជាប់ជាជំណាប់ខ្មាំង រយៈពេលប្រមាណជា១ឆ្នាំ នៅក្នុង​អាគារស្ថានទូតអាមេរិក នៅឯក្រុងតេអេរ៉ង់ កាលពីចុងឆ្នាំ១៩៧៩។

មិនអស់ចិត្តទេ ប៉ុន្មាននាទីក្រោយមក លោកដូណាល់ ត្រាំ សរសេរសារលើTwitter ថែមមួយទៀត ដោយបានលើកឡើងថា “បើអ៊ីរ៉ង់ហ៊ានតែសាកល្បង នោះអាមេរិកនឹងវាយកម្ទេច ឲ្យធ្ងន់មិនធ្លាប់មាន ជាមួយនឹងអាវុធយុទ្ធភណ្ឌ ដ៏ទំនើបថ្មីៗ បកចេញពីកេះតែម្តង។ អាមេរិកនឹងវាយ ដោយគ្មានញញើតដៃ ឬរុញរាឡើយ”។

មេទ័ពអ៊ីរ៉ង់ ថាអាមេរិកគ្មានសេចក្តីក្លាយហាននិងវាយអ៊ីរ៉ង់

សម្រាប់លោក អាប់ឌុលរ៉ាហ៊ីម មូសាវី អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកបាន​​លើកឡើងថា សម្តីគំរាម​របស់លោកដូណាល់ ត្រាំនេះ បានត្រឹមខ្យល់តែប៉ុណ្ណោះ ព្រោះថាអាមេរិក នឹងគ្មានសេចក្តីក្លាហានវាយអ៊ីរ៉ង់​ឡើយ។ នេះបើផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មាន Irna របស់អ៊ីរ៉ង់។

ចំណែកលោក ចាវ៉ាត់ ហ្សារីហ្វ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់វិញ បានមានប្រតិកម្មថា “អាមេរិក បានបំពានច្បាប់អន្តរជាតិ បាញ់មីស៊ីលសម្លាប់មនុស្សនៅក្នុងទឹកដីអ៊ីរ៉ាក់​ ដែលនេះគឺជាអំពើដ៏ថោកទាបរួចទៅហើយ។ ហើយពេលនេះ លោកដូណាល់ ត្រាំ ចេញមុខមកប្រកាសថា នឹងវាយកម្ទេចទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ រាប់ទាំងទីតាំងវប្បធម៌អ៊ីរ៉ង់ផងទៀត”។ លោកចាវ៉ាត់ ហ្សារីហ្វ លើកឡើងនៅលើទំព័រ Twitter ថា “ការគំរាកកំទេចទីតាំងវប្បធម៌នេះ គឺជារឿងធ្ងន់ធ្ងរណាស់ អាចចាត់ទុកបានជា ឧក្រិដ្ឋកម្មសង្រ្គាម”

មតិសាធារណៈ និងនយោបាយនៅអាមេរិក ថ្កោលទោសលោកដូណាល់ ត្រាំ

យ៉ាងណាមិញ នៅសហរដ្ឋអាមេរិកវិញ មានសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យម្នាក់ ក៏បាន​លើកឡើងដែរ ថាការដែលលោកដូណាល់ ត្រាំ គំរាយវាយកំទេចទីតាំង៥២កន្លែង រួមទាំងទីតាំងវប្បធម៌ គឺរឿងមួយធ្ងន់ធ្ងរ អាក្រក់ខ្លាំងណាស់។ គឺប្រធានាធិបតីអាមេរិក គំរាម សម្លាប់ជីវិតមនុស្សស្លូតត្រង់ !

បញ្ហាថ្មីៗ ដោយការសម្រេច ឬការប្រកាសរបស់លោកដូណាល់ ត្រាំនេះ កំពុងធ្វើឲ្យមានការជ្រួលច្របល់ខ្លាំងណាស់ នៅក្នុងបរិយាកាសនយោបាយ នៅ​ឯវ៉ាស៊ីនតោន។ ក្រុមគណបក្សប្រជាធិបតេយ្យ ខឹងនឹងលោកដូណាល់ ត្រាំខ្លាំងណាស់។ តាមធម្មតា ការសម្រេចសម្លេះចោលមនុស្សណាម្នាក់ ដែលអាមេរិកចាត់ទុកថាជាសត្រូវធំ គឺជាទូទៅ ប្រធានាធិបតីត្រូវពិគ្រោះយោបល់ជាមួយសមាជិកសភាដែរ។​​ តែនេះ លោកដូណាល់ ត្រាំសម្រេចតែម្នាក់ឯង បញ្ជាឲ្យគេទំលាក់មីស៊ីលសម្លាប់ឧត្តមសេនីយដ៏សំខាន់ របស់អ៊ីរ៉ង់ និងរបស់អ៊ីរ៉ាក់។ ឥឡូវមកបន្ថែម នឹងពាក្យគំរាមសំឡុតដ៏ធ្ងន់ធ្ងន់ទៀត។​

ស្ត្រីសមាជិកសភាអាមេរិក មកពីបក្សប្រជាធិបតេយ្យម្នាក់ បានប្រៀបប្រដូច​លោក​ដូណាល់ ត្រាំ ទៅនឹង “បិសាច” ដែលស្រេកឃ្លានឈាមស្រស់។​ មិនថាតែក្នុងជួរថ្នាក់ដឹកនាំ​នយោបាយអាមេរិកទេ សូម្បីតែមតិសាធារណៈអាមេរិកមួយចំនួនធំ គេបានថ្កោលទោលខ្លាំងណាស់ ចំពោះការសម្រេចរបស់លោកដូណាល់ត្រាំ។ លោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យមនុស្សម្នាទូទាំងសកលលោក ជាពិសេសអ្នកកាន់សាសនាអ៊ីស្លាម ខឹងស្អប់អាមេរិកកាន់តែខ្លាំង។

កំហឹងស្អប់អាមេរិក បានផ្ទុះឡើងកាន់តែធំ

នៅតំបន់ដើមបូព៌ា កំហឹងស្អប់អាមេរិក បានផ្ទុះឡើងកាន់តែធំ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកូកប្រកាស ឲ្យសងសឹក តាមគ្រប់រូបភាព អមដោយពាក្យជេរប្រមាថទៅលើប្រទេសអាមេរិក ទាំងមូលតែម្តង។ សន្តិសុខ របស់បន្ទាយទាហានអាមេរិក និងទីតាំងយុទ្ធសាស្ត្រអាមេរិកទាំងអស់ នៅតំបន់ដើមបូព៌ា កំពុងតែចោទជាបញ្ហា។ ព្រោះថាទីតាំងទាំងនោះ អាចក្លាយជាផ្ទាំងស៊ីបនៃការសងសិក។ ដោយហេតុនេះហើយ បានជាក្រសួងការពារជាតិអាមេរិក បានសម្រេចបញ្ជូនទាហានជាង៣០០០នាក់បន្ថែមទៀត ដើម្បីទៅយាមការពារសន្តិសុខ នៅតាមទីតាំងទាំងនោះ។

នៅអ៊ីរ៉ាក់ យើងឃើញថាកំហឹងស្អប់អាមេរិក បានផ្ទុះឡើងខ្លាំងណាស់។ យើងសង្កេតឃើញមួយទៀតថា មេចលនានយោបាយនិងកងប្រដាប់អាវុធនៅអ៊ីរ៉ាក់ ហាក់ដូចជារួបរួមគ្នា នាំគ្នាស្អប់អាមេរិកទាំងអស់គ្នា តែម្តង។ ពីមុនមក នៅមានអ្នកខ្លះ​ ដែលគាំទ្រអាមេរិក។ តែពេលនេះ គឺគេនាំគ្នាខឹងអាមេរិកទាំងអស់គ្នា ចង់ឲ្យអាមេរិកដកទ័ពចេញពីដីអ៊ីរ៉ាក់។

វត្តមានកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងត្រូវបិទបញ្ចប់?

សម្រាប់វត្តមានទាហានអាមេរិក ទាំង៥២០០នាក់ ដែលឈរជើងនៅអ៊ីរ៉ាក់ បច្ចុប្បន្ននេះ តាមធម្មតានៅថ្ងៃអាទិត្យនេះ សភាអ៊ីរ៉ាក់ត្រូវបើកការប្រជុំវិសាមញ្ញមួយ ដើម្បីនិយាយគ្នា ថាតើត្រូវ​បណ្តេញចេញទាំងអស់ឬយ៉ាងណា។

តែក្នុងកំឡុងពេលនេះ ស្ថានភាពមានការវឹកវរខ្លាំង ជាពិសេសសម្រាប់សន្តិសុខ របស់បន្ទាយទាហានអាមេរិក ក៏ដូចជាអាគារស្ថានទូត ឬកុងស៊ុលអាមេរិក នៅអ៊ីរ៉ាក់។ នៅព្រឹកថ្ងៃអាទិត្យនេះ​ មានគ្រាប់រ៉កែត និងគ្រាប់បែកត្បាល់ជាច្រើនគ្រាប់ បានធ្លាក់ផ្ទុះនៅក្នុងក្រុងបាដាដ ក្បែរ​តំបន់មានអាគារស្ថានអាមេរិក និងទូតបរទេស។ ចំណែកក្រុមប្រដាប់អាវុធ Hachd al-Chaabi ដែលជាក្រុមស្និទនឹងអ៊ីរ៉ង់វិញ បានប្រកាសឲ្យ​កងសន្តិសុខអ៊ីរ៉ាក់ ដែលឈរជើងយាមសន្តិសុខ ឲ្យបន្ទាយទាហានអាមេរិកទាំងអស់ ត្រូវតែចាកចេញឲ្យ​ឆ្ងាយ យ៉ាងហោចចំងាយ១គីឡូម៉ែត្រ ចាប់ពីម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះទៅ។ ការប្រកាសនេះ មានន័យថា ក្រុមនេះប្រាកដជាមានគម្រោង វាយប្រហារទៅលើបន្ទាយទាហានអាមេរិកហើយ។

ដូច្នេះម្នាក់ៗគំរាមគ្នា​ សងសឹកគ្នា។ បើមានភាគីណា ហ៊ានឈានតែមួយជំហ៊ានទៀត គឺពិតជាមានសង្រ្គាមផ្ទុះអាវុធទ្រង់ទ្រាយធំមិនខាន។ លោកប្រធានាធិបតីបារាំង កំពុងតែព្យាយាមនិយាយសម្រុះសម្រួល តាមផ្លូវការទូត តាមខ្សែទូរសព័្ទ ជាមួយប្រធានាធិបតីអ៊ីរ៉ាក់ លោក បារហាន់ សាឡេះ។ លោកម៉ាក្រុងក៏បានទូរស័ព្ទទៅនិយាយជាមួយ​ព្រះអង្គម្ចាស់មហាម៉េដ បេនសាល់ម៉ាន់ដែរ ដោយបានស្រុះស្រួលគ្នា ថាប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទប់កំហិងរបស់ភាគីទាំងសងខាង កុំឲ្យអ្វីៗហួសពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ