អានតួអត្ថបទ
ដើមបូព៌ា-អាមេរិក

ម៉ៃ ប៉ុមប៉េអូ បន្ទោស​សម្ព័ន្ធមិត្ត​អឺរ៉ុប ថាមិន​បាន​ជួយ​ក្នុង​ប្រតិបត្តិការ​សម្លាប់​ឧត្តមសេនី​អ៊ីរ៉ង់ សូឡីម៉ានី​

មនុស្សម្នាដង្ហែរសពឧត្តមសេនីអ៊ីរ៉ង់ សូឡីម៉ានី និងឧត្តមសេនីអ៊ីរ៉ាក់  អាល់ មូហានឌីស ដែលត្រូវ​កងទ័ព​អាមេរិក​សម្លាប់។ បាដាដ ថ្ងៃទី​៤មករា ២០២០
មនុស្សម្នាដង្ហែរសពឧត្តមសេនីអ៊ីរ៉ង់ សូឡីម៉ានី និងឧត្តមសេនីអ៊ីរ៉ាក់ អាល់ មូហានឌីស ដែលត្រូវ​កងទ័ព​អាមេរិក​សម្លាប់។ បាដាដ ថ្ងៃទី​៤មករា ២០២០ REUTERS/Thaier al-Sudani

លោក ម៉ៃ ប៉ុមប៉េអូ​ រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រទី៣មករា ដោយបានបន្ទោសទៅថ្នាក់ដឹកនាំប្រទេសសម្ព័ន្ធមិត្តមួយចំនួននៅអឺរ៉ុប ថាមិនបានជួយទាល់តែសោះ ក្នុងប្រតិបត្តិការសម្លាប់នាយឧត្តមសេនីអ៊ីរ៉ង់ ឈ្មោះ សូឡីម៉ានី។ លោក រដ្ឋមន្ត្រីអាមេរិករូបនេះ ឆ្លៀតបញ្ជាក់ថា ប្រទេសអឺរ៉ុបខ្លះ នៅតែមិនយល់ថា អ្វីដែលអាមេរិកកំពុងតែធ្វើ ក៏វាជួយដល់អឺរ៉ុបដែរ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកម្មវិធីសម្ភាសន៍មួយ របស់ទូរទស្សន៍ Fox News លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយថា៖ នៅមុនបើកប្រតិបត្តិការសម្លាប់នាយឧត្តមសេនីដ៏សំខាន់របស់អ៊ីរ៉ង់ ឈ្មោះ កាសេម សូឡីម៉ានី គឺលោកបានទូរស័ព្ទ​ទៅនិយាយជាមួយ​ ថ្នាក់ដឹកនាំការទូតទាំងអស់ នៅតាមប្រទេសសម្ព័ន្ធមិត្ត ដើម្បីពន្យល់ហេតុផល ស្តីពីប្រតិបត្តិការនេះ ហើយនឹងសុំឲ្យមានការសហការជួយគ្នា។

លោកម៉ៃ ប៉ុមប៉េអូ បន្តថា៖ ក៏ប៉ុន្តែ ប្រទេសអឺរ៉ុបខ្លះ ធ្វើអើពើ មិនព្រមជួយទេ ធ្វើឲ្យលោកខកចិត្ត មិននឹកស្មានដល់សោះ។ លោកបន្ថែមថា ប្រទេសមហាអំណាចនៅអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់ ពួកគេត្រូវតែយល់ថា អ្វីដែលអាមេរិកបានធ្វើ និងកំពុងធ្វើ គឺវាអាចជួយស្រោចស្រង់ជីវិតមនុស្សខ្លះ នៅតាមបណ្តាប្រទេសអឺរ៉ុបអស់នោះដែរ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអំពាវនាវ ឲ្យប្រទេសទាំងអស់ ទូទាំងពិភពលោក គាំទ្រគោលជំហរ និងប្រតិបត្តិការរបស់អាមេរិក ដើម្បីធ្វើយ៉ាងណា អូសទាញ និងកែប្រែអ៊ីរ៉ង់ ឲ្យក្លាយជាប្រទេសល្អធម្មតា ដូចគេដូចឯង។

សូមបញ្ជាក់ថា កងទ័ពអាមេរិក បានបើកប្រតិបត្តិការតាមយានដ្រូន បាញ់មីស៊ីលទៅលើក្បួនរថយន្តមួយនៅមិនឆ្ងាយប៉ុន្មាន ពីព្រលានយន្តហោះទីក្រុងបាដាដ កាលពីព្រឹកព្រលឹមថ្ងៃសុក្រទី៣មករា។ មនុស្សចំនួន​១០នាក់បានស្លាប់ ៥នាក់ជាជនជាតិអ៊ីរ៉ង់ និង៥នាក់ទៀត ជាជនជាតិអ៊ីរ៉ាក់។ ក្នុងចំណោមនោះ គឺមាន​នាយឧត្តមសេនីអ៊ីរ៉ង់ម្នាក់ឈ្មោះ កាសេម សូឡីម៉ានី និងឧត្តមសេនីអ៊ីរ៉ាក់ម្នាក់ទៀតឈ្មោះ ម៉េឌី អាល់​ម៉ូហានឌីស ដែលជាមេធំទី២នៃក្រុមប្រដាប់អាវុធ Hachd al-Chaabi។

យោងតាមការអះអាង របស់ក្រសួងការពារជាតិអាមេរិក នាយឧត្តមសេនីអ៊ីរ៉ង់ ឈ្មោះ កាសេម សូឡីម៉ានីនេះ គឺជាមនុស្សដ៏សំខាន់របស់អ៊ីរ៉ង់ ដែលមានតួនាទីចាត់ចែងប្រតិបត្តិការយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ នៅទូទាំង​តំបន់ដើមបូព៌ា។ ប្រភពដដែលអះអាងថា កាសេម សូឡីម៉ានី កំពុងតែរៀបគម្រោងវាយប្រហារមួយដ៏ធំ មកលើអាមេរិក។

គួរកត់សំគាល់ដែរថា ក្រោយប្រតិបត្តិការសម្លាប់នាយឧត្តមសេនីអ៊ីរ៉ង់នេះ ក្រៅតែអ៊ីស្រាអែល គឺគ្មានប្រទេសមហាអំណាចណា សម្តែងការអបអរ ឬគាំទ្រចំពោះប្រតិបត្តិការរបស់អាមេរិកនេះទេ។ ទាំងបារាំង អង់គ្លេស ឬអាល្លឺម៉ង់ សុទ្ធតែបានសម្តែងការព្រួយបារម្ភ អំពីការសងសឹងគ្នាទៅវិញទៅមក ដែលអាចឈានក្លាយទៅជាសង្រ្គាមដោយ​ចំហរ រវាង​អាមេរិក និងអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់។ យ៉ាងណាមិញ នៅក្នុងពិធីបុណ្យសព ជនរងគ្រោះទាំង១០នាក់ នៅក្រុងបាដាដ នៅព្រឹកថ្ងៃសៅរ៍ទី៤មករានេះ មនុស្សម្នាបានសម្តែងកំហឹង យ៉ាងខ្លាំង ដោយបានស្រែកថា “អាមេរិកនឹងវិនាស”៕

ដកស្រង់ពី AFP

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ