អានតួអត្ថបទ
លីបង់-វិបត្តិនយោបាយ​

លីបង់៖ នាយករដ្ឋមន្ត្រី​ថ្មី​ប្រកាស​ថា ប្រទេស​កំពុង​ប្រឈម​ខ្លាំង​នឹង​មហន្តរាយ

លោកនាយករដ្ឋមន្ត្រីថ្មី លីបង់ ហាសាន ឌីយ៉ាប (Hassan Diab) ពេលមកដល់វិមានប្រធានាធិបតី ថ្ងៃទី​២២ មករា ២០២០​
លោកនាយករដ្ឋមន្ត្រីថ្មី លីបង់ ហាសាន ឌីយ៉ាប (Hassan Diab) ពេលមកដល់វិមានប្រធានាធិបតី ថ្ងៃទី​២២ មករា ២០២០​ REUTERS/Mohamed Azakir

លីបង់​មាន​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាលថ្មី​ហើយ ដើម្បី​ដោះស្រាយ​បញ្ចប់​បាតុកម្ម​តវ៉ា និងស្តារ​ប្រទេសឲ្យ​ផុត​ពីវិបត្តិ។ តែយ៉ាងណានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលថ្មីនេះ នៅតែត្រូវបានក្រុមបាតុករលីបង់ បដិសេធដដែល ថាជាបក្សពួកពុករលួយដូចតែមុន។ ជាមួយនឹងកំហឹងតវ៉ា​មិនស្ងប់នេះ លោកហាសាន ឌីយ៉ាប នាយករដ្ឋមន្ត្រីថ្មី​លីបង់ បានប្រកាសថា លីបង់កំពុងប្រឈមនឹងមហន្តរាយសេដ្ឋកិច្ច ធ្ងន់ធ្ងរណាស់ ហើយលោកនិងរដ្ឋាភិបាលថ្មី ត្រូវការពេលវេលា ដើម្បីស្តារប្រទេសនេះឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

៣ខែមកហើយ ដែលលីបង់បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរ។ ទីបំផុត កាលពីយប់ថ្ងៃទី​២១មករា រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង ដោយមានលោក ហាសាន​ ឌីយ៉ាប (Hassan Diab) អតីតសាស្ត្រាចារ្យបច្ចេកទេសវិស្វកម្ម វ័យ៦១ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលថ្មី គឺជារដ្ឋាភិបាល​ដែលមានទំហំតូច ព្រោះវាស្ថិតនៅក្នុងភាពអាសន្ន ដោយរដ្ឋមន្ត្រីខ្លះ ត្រូវ​កាន់មុខតំណែងដល់ទៅ២ក្រសួង។

នៅ​ព្រឹកថ្ងៃពុធ ទី២២មករា លោកនាយករដ្ឋមន្ត្រីថ្មី បានដឹកនាំការប្រជុំគណរដ្ឋមន្ត្រីជាលើកទីមួយ។ ក្រោយការប្រជុំនេះ លោកហាសាន ឌីយ៉ាប បានសរសេរសេចក្តីប្រកាសមួយ ដែលមាន​ខ្លឹមសារថា៖ “លីបង់កំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិបត្តិសង្គម​ធ្ងន់ធ្ងរណាស់។ រដ្ឋាភិបាលថ្មីត្រូវតែធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសកុំឲ្យប្រជាជន​រងផលប៉ះពាល់ខ្លាំងពេក។ ការងារនេះមិនមែនជាការងាយទេ ហើយប្រជាជន​លីបង់ហត់នឿយ មិនអាចទទួលយកការសន្យាខ្យល់ ដូចមុនទៀតបានឡើយ”។

សូមបញ្ជាក់ថា រដ្ឋាភិបាលថ្មីនេះ គឺក្រុមនយោបាយហេសបូឡា ជាអ្នកបង្កើតឡើង ដោយសហការជាបក្សសម្ព័ន្ធមិត្ត ព្រោះក្រុមហេសបូឡា មានសម្លេងភាគច្រើននៅក្នុងសភា។ ចំណែកគណបក្សរបស់​លោក សាដ ហារីរី អតីតនាយករដ្ឋមន្ត្រីដែលលាលែង​ពីតំណែង បានបដិសេធ មិនចូលរួមក្នុងរដ្ឋាភិបាលថ្មីនេះទេ។

តែយ៉ាងណា កំហឹងរបស់ប្រជាជនហាក់មិនទាន់ស្រកចុះទេ។​ ប្រជាជនលីបង់ ចង់ឲ្យមានការផ្លាស់ប្តូរ​ទាំងស្រុង ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយ ពោលគឺមិនមែនបក្សពួក ក្រុមគ្រួសារមនុស្សដដែលៗនោះទេ។ បាតុកម្ម​ហឹង្សា នៅតែកើតឡើងខ្លាំងនៅតាមទីក្រុងធំៗ កាលពីយប់ថ្ងៃអង្គារ ហើយបន្តនៅថ្ងៃពុធ នៅតាមទីតាំងខ្លះ។ នៅរដ្ឋធានីបេរូត ក្រុមបាតុករបានចោលដុំថ្ម និងគុបផាវបំផ្ទុះទៅលើអាគាររដ្ឋសភា ចំណែកសមត្ថកិច្ចវិញបានធ្វើការបង្រ្កាប ដោយប្រើ​គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក។

បាតុករម្នាក់ឈ្មោះ Alaa Khodor បានលើកឡើងថា រដ្ឋាភិបាលថ្មីរបស់លោក ហាសាន់ ដ្យ៉ាប មិនមែនជារដ្ឋាភិបាល​ឯករាជ្យទេ ហើយក៏​មិនអាចឆ្លើយតប ទៅនឹងការចង់បានរបស់មហាជនដែរ។ បាតុករម្នាក់ទៀតឈ្មោះ Ahmad Zaid អាយុ២១ឆ្នាំ បាននិយាយថា អស់ពីក្រុមអ្នកនយោបាយ​ពុករលួយ ពេលនេះ​គេដាក់បក្សពួកគ្នាគេ​ មកវិញដដែល​។

គួររំលឹកថា លីបង់កំពុងប្រឈម​នឹង​ហានិភ័យ ជាមួយ​នឹង​បំណុល​សាធារណៈ​ចំនួន​​ប្រមាណ​​៩០​ពាន់លាន​ដុល្លារ។ ការស្តារសេដ្ឋកិច្ច និងស្តារទំនុកចិត្តពីប្រជាជនលីបង់ គឺជាការងារដ៏លំបាក សម្រាប់រដ្ឋាភិបាល​ថ្មី។ ភ្លាមៗក្រោយចូលកាន់មុខតំណែង លោក ហាសាន​ ឌីយ៉ាប បានថ្លែងថា ការស្តារសេដ្ឋកិច្ច គឺជាអាទិភាព​របស់រដ្ឋាភិបាលថ្មី ហើយលោកសូមមេត្តា ឲ្យប្រជាជនទុកពេលវេលាឲ្យ​រដ្ឋាភិបាលថ្មី បាន​បញ្ចេញសមត្ថភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ