អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ុយក្រែន-កាណាដា

សាក្សីអះអាងថា យន្តហោះ​អ៊ុយក្រែន​ដែល​ធ្លាក់នៅ​តេហេរ៉ង់ មាន​ភ្លើងឆេះ​មុន​នឹង​ធ្លាក់

មិត្តភក្ត្រ និងក្រុម​គ្រួសារជនរងគ្រោះ​ដាក់ផ្កា​រំលឹក​វិញ្ញាណក្ខន្ធ នៅ​ព្រលាន​យន្តហោះ​​ក្រុងកៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី​៨ មករា ២០២០។​
មិត្តភក្ត្រ និងក្រុម​គ្រួសារជនរងគ្រោះ​ដាក់ផ្កា​រំលឹក​វិញ្ញាណក្ខន្ធ នៅ​ព្រលាន​យន្តហោះ​​ក្រុងកៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី​៨ មករា ២០២០។​ REUTERS/Valentyn Ogirenko

កាលពីព្រឹកថ្ងៃពុធ​ ទី​​៨មករា ​យន្តហោះBoeing 737 ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​អ៊ុយក្រែន​​​បាន​ធ្លាក់ បន្ទាប់​ពី​បាន​ហោះ​ចេញ​បាន​បន្តិច ពី​​ព្រលាន​​យន្តហោះ​​ក្រុង​​តេហេរ៉ង់ ​ដោយ​​បាន​​បណ្តាល​ឲ្យ​​ស្លាប់​​មនុស្ស​​​១៧៦​នាក់។ យោងតាម​លទ្ធផល​ស៊ើប​អង្កេត​បឋម ​របស់​​អាជ្ញាធរ​​អ៊ីរ៉ង់ បាន​​បញ្ជាក់ថា​ យន្តហោះ​​នេះ មាន​​ភ្លើងឆេះ​​រួច​​ទៅ​ហើយ ​មុន​នឹង​​ធ្លាក់​​ចុះ​មក​ដល់​ដី។

ផ្សាយពាណិជ្ជកម្ម

អង្គភាពអាកាសចរណ៍ស៊ីវីលអ៊ីរ៉ង់ ទើបតែបាន​បង្ហាញឲ្យដឹង នូវ​របាយការណ៍​ស៊ើបអង្កេត​បឋម ស្តីពី​យន្តហោះ Boeing 737 របស់ក្រុមហ៊ុនUkraine International Airlines ដែល​បាន​ធ្លាក់​នៅ​ជាយ​ក្រុង​តេហេរ៉ង់ កាលពីព្រឹកថ្ងៃពុធ ទី​៨មករា។ យោង​តាម​លទ្ធផល​បឋម គឺ​យន្តហោះ​នេះ ទំនងជាមានភ្លើងឆេះរួចទៅហើយ មុននឹងធ្លាក់​ដល់​ដី។ នេះបើ​ផ្អែក​តាម សាក្សីមួយ​ចំនួន ដែល​បាន​ឃើញ ទាំង​សាក្សី ដែល​នៅ​នឹងដី ​និង​សាក្សី​ខ្លះ ដែល​ស្ថិតនៅ​ក្នុង​យន្តហោះ​ផ្សេង​មួយទៀត ដែល​ហោះនៅពីលើ។ សាក្សី​ខ្លះទៀត បាន​អះអាង​ថា យន្តហោះ​មាន​ភ្លើងឆេះ ហើយ​បាន​បត់ក្បាល ទំនង​ជា​សំដៅ​ត្រលប់​មកកាន់​​ព្រលាន​យន្តហោះ​តេហេរ៉ង់​​វិញ ​មុននឹងធ្លាក់។

របាយការណ៍​សន្និដ្ឋានថា យន្តហោះបានហោះឡើងកំពស់ប្រមាណ​២៤០០ម៉ែត្រពីដី មុន​នឹង​​បាន​ជួប​បញ្ហា​បច្ចេកទេស ដែល​បានធ្វើឲ្យអ្នកបើកបរ បាន​បញ្ជា​ប្តូរទិសដៅ​ដើម្បី​រកកន្លែង​ចុះចត​​បន្ទាន់។ តែអ្នក​ស៊ើបអង្កេត​អ៊ីរ៉ង់ មិនបាន​លំអិតទេ ​ថា​បញ្ហាបច្ចេក​ទេសនោះ ជា​បញ្ហា​អ្វី​ឲ្យប្រាកដ។ របាយការណ៍បន្​តថា ទើបតែ​ហោះឡើង​បាន​រយៈពេល​២នាទី យន្តហោះ​ស្រាប់តែ​បាត់ខ្លួន ពី​ប្រព័ន្ធរ៉ាដា ហើយ​​អ្នកបើកបរ មិនបាន​ទាក់ទង​ផ្តល់​ដំណឹង ឬ​សុំ​ជំនួយ​ទេ។

សូមបញ្ជាក់ថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុនUkraine International Airlines នេះ​ទើបតែ​មាន​អាយុ​បាន​៣ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក៏ទើបតែ​ត្រូវបាន​ត្រួតពិនិត្យ​បច្ចេកទេស កាល​ពី​ថ្ងៃចន្ទ ទី៦​មករា។ យន្តហោះ​នេះ​ហោះឡើង ​នៅព្រឹកម៉ោង​៦និង១០នាទី ​ប៉ុន្មាន​ម៉ោងប៉ុណ្ណោះ ក្រោយ​​ពេលដែលអ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​ជាច្រើនគ្រាប់ ​ទៅលើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅអ៊ីរ៉ាក់។ ប្រការនេះ បានបង្ក​ឲ្យមាន​ពាក្យ​ចចាមអារ៉ាម ​​ប៉ាន់ស្មាន​ថា​យន្តហោះ​នេះ ទំនង​ជាត្រូវ​​គ្រាប់មីស៊ីល​ហោះបុក។ តែ​យ៉ាងណា អាជ្ញាធរ​អ៊ីរ៉ង់ ​ក៏ដូច​ជា​អ្នក​ជំនាញខ្លះ បាន​ច្រានចោល​ទាំងស្រុង ពី​មូលហេតុនេះ។

យោង​តាមអាជ្ញាធរអ៊ីរ៉ង់ ក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំង១៧៦នាក់ មាន​១៤៦នាក់ ជា​ជនជាតិអ៊ីរ៉ង់ ​១០នាក់​ជនជាតិ​​អាហ្វហ្កានីស្ថាន ​១១នាក់​ជា​ជនជាតិ​អ៊ុយក្រែន ៥នាក់​ជន​ជាតិ​កាណាដា និង​៤នាក់​ជាជនជាតិ​ស៊ុយអ៊ែត។ អាជ្ញាធរ​​កាណាដា​អះអាង ​មាន​ជនជាតិខ្លួន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ចំនួន​​១៤០នាក់។ តែអ៊ីរ៉ង់អះអាង​ថា មួយ​ចំនួន​ធំ​នៃ​ជនជាតិ​អ៊ីរ៉ង់​ទាំង​១៤៦នាក់​ គឺ​ជា​អ្នក​មាន​សញ្ជាតិ២ សញ្ជាតិ​កាណាដា​ផង សញ្ជាតិ​អ៊ុយក្រែន​ផង ដែលប្រការនេះហើយ បានធ្វើឲ្យមាន​តួលេខខុសគ្នា។

បើផ្អែកតាមអង្គភាព​អាកាសចរណ៍ស៊ីវីលអ៊ីរ៉ង់ បានឲ្យដឹងថា មាន​អ្នក​ជំនាញ​របស់​អ៊ុយក្រែន​បានទៅ​ដល់​ទីក្រុង​តេហេរ៉ង់ហើយ ដើម្បី​សហការ​ក្នុង​ការ​ស៊ើបអង្កេត។ កាលពី​ថ្ងៃពុធ អ៊ីរ៉ង់​បាន​​បដិសេធ មិន​ប្រគល់​ប្រអប់​ខ្មៅ ទៅឲ្យ​អ្នក​ជំនាញ​អាមេរិក ​របស់​​ក្រុមហ៊ុន​Boeing ឡើយ។​ នៅថ្ងៃ​ព្រហស្បតិ៍​អាជ្ញាធរ​អ៊ីរ៉ង់ បញ្ជាក់ថា​ នឹងផ្ញើ​ប្រអប់ខ្មី​ ​ទៅកាន់​ប្រទេស​ជំនាញ​មួយ ដោយ​មិន​បញ្ជាក់​ថា​ប្រទេស​ណាទេ។ បើតាម​អ្នក​ជំនាញ ​មានតែ​បារាំង ឬ អាល្លឺម៉ងទេ ដែល​មាន​ជំនាញ​បច្ចេកទេស វិភាគ​ប្រអប់​ខ្មៅ​យន្តហោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ