អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អ៊ីរ៉ង់​អះអាង​ថា​អាមេរិក​បាន​ផ្ញើ​លិខិត បញ្ជោះ​បោះសោក​ថា “ត្រូវ​សងសឹក​វិញ​ឲ្យ​ស័ក្តិសម”

មនុស្សម្នាដង្ហែរសពឧត្តមសេនីអ៊ីរ៉ង់ សូឡីម៉ានី និងឧត្តមសេនីអ៊ីរ៉ាក់ អាល់ មូហានឌីស ដែលត្រូវ​កងទ័ព​អាមេរិក​សម្លាប់។ បាដាដ ថ្ងៃទី​៤មករា ២០២០
មនុស្សម្នាដង្ហែរសពឧត្តមសេនីអ៊ីរ៉ង់ សូឡីម៉ានី និងឧត្តមសេនីអ៊ីរ៉ាក់ អាល់ មូហានឌីស ដែលត្រូវ​កងទ័ព​អាមេរិក​សម្លាប់។ បាដាដ ថ្ងៃទី​៤មករា ២០២០ REUTERS/Khalid al-Mousily

មួយថ្ងៃក្រោយប្រតិបត្តិការកងទ័ពអាមេរិក ដែលសម្លាប់ឧត្តមសេនិយអ៊ីរ៉ង់ ឈ្មោះ​កាសេម សូឡីម៉ានី ភាគី​អ៊ីរ៉ង់បានអះអាង​ កាលពីថ្ងៃសៅរ៍ទី៤មករាថា សហរដ្ឋអាមេរិក បាន​ផ្ញើ​សារ​លិខិត​បញ្ជោះបោះសោកមួយ មកឲ្យអ៊ីរ៉ង់ ដោយបានផ្គើនអ៊ីរ៉ង់ថា បើចង់សងសឹក ចូរសងសឹកឲ្យស័ក្តិសមទៅនឹងអ្វីដែលអាមេរិកបានធ្វើ។ ដោយឡែក ប្រទេស​ធំៗជាច្រើន បានអំពាវនាវ ឲ្យមានការខាំមាត់សង្កត់ចិត្តរៀង​ៗខ្លួន ដើម្បីបញ្ចៀសភាពវឹកវរ នៅតំបន់ដើមបូព៌ា។

ផ្សាយពាណិជ្ជកម្ម

យោងតាមលោក អាលី ហ្វាដាវី អគ្គមេបញ្ជាការជាន់ខ្ពស់ នៃកងទ័ពឆ្មាំបដិវដ្តអ៊ីរ៉ង់ បានឲ្យដឹងថា អាមេរិកបានផ្ញើសារលិខិតមួយ មកកាន់អ៊ីរ៉ង់។ សារនោះមានន័យហៅឲ្យអ៊ីរ៉ង់សងសឹកអាមេរិកវិញ តែត្រូវសងសឹកឲ្យសមល្មម ទៅនឹងអ្វីដែលអាមេរិកបានធ្វើមកលើអ៊ីរ៉ង់។ មេទ័ពអ៊ីរ៉ង់រូបនេះ បានលើកឡើងថា អាមេរិក គ្មានសិទ្ធិអ្វីមកប្រាប់ ថាឲ្យអ៊ីរ៉ង់សងសឹកវិញ ក្នុងទំហ៊ំប៉ុណ្ណានោះទេ។ ហើយមិនមែនតែអ៊ីរ៉ង់ទេដែលសងសឹក គឺសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅដើមបូព៌ាទាំងមូលតែម្តង ដែលនឹងក្រោកឡើងសងសឹកអាមេរិក។

បើផ្អែកតាមស្ថានទូតស្វីសប្រចាំនៅក្រុងតេអេរ៉ង់​ គឺសហរដ្ឋអាមេរិក ពិតជាបាន​ផ្ញើរសារលិខិតមួយទៅឲ្យភាគីអ៊ីរ៉ង់មែន។ មន្ត្រីទូតស្វីសបានត្រឹមបញ្ជូនបន្ត ដោយពុំបានដឹងពីខ្លឹមសារនៃលិខិតនេះនោះឡើយ។ ដូចគ្នាដែរ លោកចាវ៉ាត់ ហ្សារីហ្វ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា អាមេរិក ពិតជាបានផ្ញើសារលិខិតមួយ ដ៏គួរឲ្យអស់សំណើចបំផុត មកឲ្យអ៊ីរ៉ង់។

សូមបញ្ជាក់ថា ក្រោយ​ប្រតិបត្តិការសម្លាប់នាយឧត្តមសេនិយអ៊ីរ៉ង់ និងឧត្តមសេនិយអ៊ីរ៉ាក់ នៅក្រុងបាដាដ កាលពីថ្ងៃសុក្រទី៣មករា កំហឹងរបស់ប្រជាជនអ៊ីរ៉ង់ខឹងនឹងអាមេរិក បានផ្ទុះឡើងយ៉ាងខ្លាំង។ នៅក្នុងពេលដង្ហែរសព មនុស្សម្នារបានស្រែកថា នឹងសងសឹង ហើយអាមេរិកត្រូវស្លាប់។ ថ្នាក់ដឹកនាំអ៊ីរ៉ាក់ជាច្រើននាក់បានអះអាងថា អាមេរិក​​បាន​បំពាន​អធិបតេយ្យភាព អ៊ីរ៉ាក់ដោយឥតអៀនខ្មាស។

ដោយឡែក នៅ​ឯអង្គការសហប្រជាជាតិឯណោះវិញ អគ្គរដ្ឋទូតអ៊ីរ៉ង់​បានលើកឡើងថា ចម្លើយតបទៅ​នឹងសកម្មភាពវាយប្រហារបែបយោធា គឺត្រូវតែជាសកម្មភាពវាយប្រហារបែបយោធាដែរ។ អ៊ីរ៉ង់និងឆ្លើយតបទៅអាមេរិកវិញ តែតាមរយៈអ្នកណា ដោយវិធីណា ឬនៅពេលណា គឺអនាគតជាអ្នកសម្រេច។

ប្រឈមនឹងការគម្រាមគ្នានេះ សហគមអន្តរជាតិ បានបង្ហាញការព្រួយបារម្ភជាខ្លាំងអំពីការផ្ទុះអាវុធ ហើយបានអំពាវនាវឲ្យគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ ខាំមាត់សង្កត់ចិត្តរៀងខ្លួន។ រដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ី ក៏ដូចជាបារាំង សុទ្ធតែបានទូរស័ព្ទទៅនិយាយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ ក្រសួងការបរទេសចិន និងក្រសួងការបរទេស​រុស្ស៊ី បានថ្កោលទោសទង្វើអាមេរិក ថាជាការបំពាន​ច្បាប់អន្តរជាតិដោយកំរោល។ ចិនបាន​អំពាវនាវឲ្យអាមេរិក "ឈប់បំពានអាងយ៉ាងប្រើអំណាចហួសប្រមាណ" តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ