អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីរ៉ាក់​អាចនឹង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម

សំឡេង ០៥:០៩
ប្រជាជនអ៊ីរ៉ាក់ ដុតទង់ជាតិអាមេរិក នៅមុខ​ស្ថាន​ទូត​អាមេរិក ប្រចាំ​ក្រុង​បាកដាដ។ ថ្ងៃទី​​៣ មករា ២០២០
ប្រជាជនអ៊ីរ៉ាក់ ដុតទង់ជាតិអាមេរិក នៅមុខ​ស្ថាន​ទូត​អាមេរិក ប្រចាំ​ក្រុង​បាកដាដ។ ថ្ងៃទី​​៣ មករា ២០២០ REUTERS/Alaa al-Marjani

ស្ថានភាពនៅអ៊ីរ៉ាក់ មាន​ភាពវឹកវរខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពេលដែលកងទ័ពអាមេរិក បានបើកប្រតិបត្តិការសម្លាប់មន្ត្រីទាហានធំៗ១០នាក់ នៅក្នុងទឹកដីអ៊ីរ៉ាក់។ ព្រឹត្តិការណ៍នេះ បានបង្កឲ្យផ្ទុះកំហឹង ខឹងស្អប់អាមេរិកយ៉ាងខ្លាំង ពីសំណាក់ប្រជាជន។ ការប្រកាសឲ្យ​សងសឹកនឹងអាមេរិក បានផ្ទុះឡើងជាបន្តបន្ទាប់។ ពីសម្ព័ន្ធមិត្ត អ៊ីរ៉ាក់កំពុងតែចាត់ទុកអាមេរិក ជាសត្រូវ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមថា អាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ាក់ ហើយថែមទាំងទារឲ្យអ៊ីរ៉ាក់សងប្រាក់ថ្លៃសង់មូលដ្ឋានទ័ព​ទៀតផង។ ការគំរាមនេះ កំពុងធ្វើឲ្យមានការព្រួយបារម្ភថា អ៊ីរ៉ាក់អាចនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូចកាលជំនាន់ដើមទសវត្សឆ្នាំ​១៩៩០។

ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការសម្លាប់នាយឧត្តមសេនីយអ៊ីរ៉ង់ កាសឹម សូឡីម៉ានី កំពុងតែរុញវិបត្តិដើមបូព៌ា ឲ្យធ្លាក់កាន់តែជ្រៅ។ កំហឹងស្អប់អាមេរិក បានផ្ទុះឡើង។ អ៊ីរ៉ាក់​ ដែលពីមុនធ្លាប់សហការជាមួយអា​មេរិក កំពុងតែងាកទៅខាងអ៊ីរ៉ង់​។ ប្រជាជនអ៊ីរ៉ាក់ មានអារម្មណ៍ថា ជាតិសាសន៍​ខ្លួន ប្រទេសខ្លួន ត្រូវបានអាមេរិកមាក់ងាយខ្លាំងណាស់។ កំហឹងបានផ្ទុះ ការប្រកូក​ប្រកាសឲ្យសងសឹកនឹងអាមេរិក ក៏មានកាន់តែច្រើន។

ពងមាន់ជល់នឹងថ្ម

ក៏ប៉ុន្តែ សួរថាតើ អ៊ីរ៉ាក់មានលទ្ធភាព មានកម្លាំងអ្វី ធ្វើឲ្យអាមេរិក ព្រឺរោមដែរឬទេ? កាលពីថ្ងៃអាទិត្យ ទី៥មករា អមដោយកំហឹងឆាបឆួល រដ្ឋសភាអ៊ីរ៉ាក់ បាននាំគ្នាបោះឆ្នោត​ឈប់​សហការជាមួយអាមេរិក នៅក្នុងយុទ្ធនាការសម្ព័ន្ធមិត្តអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតភេរវកម្ម។ មានន័យថា អ៊ីរ៉ាក់ តំរូវឲ្យអាមេរិក ត្រូវដកទ័ពរបស់ខ្លួន ចេញឲ្យអស់ ពីទឹកដីអ៊ីរ៉ាក់។ ក្រសួងការពារជាតិអាមេរិក បានឆ្លើយតបថា អាមេរិក គោរពការសម្រេចនេះរបស់អ៊ីរ៉ាក់​ ហើយនឹង​ចាប់​​ផើ្តម​រៀបចំដកកម្លាំងទ័ព បន្តិចម្តងៗ ដោយធានាឲ្យបាន​​នូវសន្តិសុខ និង​ប្រសិទ្ធិភាព​។

អាមេរិក ព្រមដកទ័ពចេញមែន តែមិនមែនមានន័យថា អាមេរិកសុខ​ចិត្តចុះចាញ់​អ៊ីរ៉ាក់នោះទេ។ ប៉ុន្មានខែមុនរួចទៅហើយ មានមន្ត្រីទូតអាមេរិកម្នាក់ ធ្លាប់បានបង្ហើបប្រាប់​អ្នកយកព័ត៌មានបារាំង AFP ថារដ្ឋាភិបាល​អាមេរិក កំពុងតែពិចារណាចង់វាយឲ្យចំ​កញ្ចប់លុយរបស់អ៊ីរ៉ាក់។ មន្ត្រីរូបនោះបន្តថា បើដាក់ទណ្ឌកម្មមែន នោះគឺប្រៀបដូចជាអាមេរិក ទំលាក់គ្រាប់បរមាណូលើអ៊ីរ៉ាក់ដូច្នោះដែរ។ ព្រោះថាសេដ្ឋកិច្ចអ៊ីរ៉ាក់នឹងរលំ។ តើអាមេរិក​ អាចដាច់ចិត្តធ្វើបាបអ៊ីរ៉ាក់ របៀបនេះទៅរួចទេ ?

បើយើងក្រឡេក មកមើលបុគ្គលិកលក្ខណៈរបស់លោកដូណាល់ ត្រាំ វាបាន​បង្ហាញឲ្យឃើញច្បាស់ ថារដ្ឋាភិបាលអាមេរិក ប្រាកដជាមិនទុកឲ្យអ៊ីរ៉ាក់ ប្រកាសសត្រូវជាមួយខ្លួនដោយស្រួលនោះឡើយ​។ យ៉ាងណាមិញ លោកដូណាល់ ត្រាំ ទើបតែបានប្រកាសក្នុងសំដីយ៉ាងក្អេងក្អាងថា អ៊ីរ៉ាក់ចាំតែមើលចុះ ថាទណ្ឌកម្មសេដ្ឋកិច្ច​របស់អាមេរិក​ នឹងធ្ងន់កម្រិតណា។ ទណ្ឌកម្មនោះនឹងធ្ងន់ រហូតសឹងតែមានអារម្មណ៍ថា ​ទណ្ឌកម្មលើអ៊ីរ៉ង់ រាល់ថ្ងៃស្រាលជាងរាប់សិបដង។

ស្រមោលអតីតកាល នៃទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកមកលើអ៊ីរ៉ាក់

ការគំរាមដាក់ទណ្ឌកម្មនេះ ធ្វើឲ្យគេនឹកឃើញ ដល់អតីតកាល កាលពីដើមទសវត្សឆ្នាំ១៩៩០។ នៅពេលដែល​អ៊ីរ៉ាក់ ដឹកនាំដោយសាដាម ហ៊ូសេន កាលជំនាន់នោះ បានលើកទ័ពទៅឈ្លានពានកូវ៉េត អាមេរិក បាន​លើកទ័ពមួយវាយអ៊ីរ៉ាក់ ព្រមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ លើអ៊ីរ៉ាក់យ៉ាងធ្ងន់ ទៀតផង។ វាគឺជា​រយៈ​ពេលមួយដ៏លំបាក ដែលប្រជាជនអ៊ីរ៉ាក់ខ្លះ នៅ​ចាំបានយ៉ាងច្បាស់។

ទណ្ឌកម្ម​អាមេរិក កាលជំនាន់នោះ បានធ្វើឲ្យតម្លៃប្រាក់ឌីណា របស់អ៊ីរ៉ាក់ ធ្លាក់ចុះហៅមិនឮ។ ចំណូលដុលក្នុងស្រុកបានធ្លាក់មួយជា២។ ទណ្ឌកម្មអាមេរិក បានបិទមិនឲ្យមានប្រាក់ដុល្លារហូរចូលមកអ៊ីរ៉ាក់ ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការលក់ប្រេងឆៅ។ ក្នុងនាមជាប្រទេសនាំប្រេងចេញ លំដាប់ទី២នៃអង្គការOPEP អ៊ីរ៉ាក់មាន​ចំណូលបានមកពីការលក់ប្រេងឆៅ ដែលស្មើសឹងតែ៩០% នៃចំណូលរដ្ឋសរុប។ ដូច្នេះ ការបិទខ្ទប់ប្រាក់ដុល្លារ អាចនឹងធ្វើឲ្យអ៊ីរ៉ាក់គ្មានថវិកា សម្រាប់ចំណាយដំណើរការ​ទូទៅ ឬបើកប្រាក់ខែឲ្យបុគ្គលិករដ្ឋជាដើម។

អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ស្ថានភាពអ៊ីរ៉ាក់បច្ចុប្បន្ននេះ បើរងទណ្ឌកម្មសេដ្ឋកិច្ច​អាមេរិក គឺមិនមែនលំបាកវេទនាដូចកាលជំនាន់មុនទេ គឺធ្ងន់លើសមុន​រាប់​សិប​ដង។ ជាមួយនឹងប្រជាជនដែលមានចំនួន​ដល់ទៅ​៤០លាននាក់ ពោរពេញដោយសេចក្តីត្រូវការ ទំនិញប្រើប្រាស់គ្រប់ប្រភេទ រាប់ទាំង​រថយន្ត កុំព្យូទ័រ ទូរស័ព្ទទំនើប ជាដើម ។ល។ ទណ្ឌកម្មអាមេរិក ប្រាកដជាធ្វើឲ្យសេដ្ឋកិច្ច ការនាំចេញនាំចូល​របស់អ៊ីរ៉ាក់លំបាកខ្លាំង។

រោងចក្រមួយចំនួនធំ ដែលបានបិទទ្វារតាំងតែពីជំនាន់ទណ្ឌកម្មសេដ្ឋកិច្ចលើកមុន មានខ្លះមិនទាន់ទាំងបានបើកទ្វារមកវិញផង។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ អាគារស្ថាប័នរដ្ឋ មន្ទីរពេទ្យ ត្រូវស្ថិតក្នុងការខូចខាត គ្មានការថែរ​ទាំ យកចិត្តទុកដាក់ ដោយសារតែអំពើ​ពុករលួយ និងសង្រ្គាមរ៉ាំរ៉ៃមិនចេះចប់។ យុវជនអ៊ីរ៉ាក់ ម្នាក់ក្នុងចំណោម​៤នាក់ គ្មានការងារ​ធ្វើ។ បើមាន​ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមនាពេលនេះ គឺដូចសង្កត់អ៊ីរ៉ាក់ ដែលទន់ជង្គង់​ស្រាប់ទៅហើយនោះ ឲ្យរាបក្រាបនឹងដី។

កិត្តិយសធំជាងឆ្នាំងបាយ

តើអ៊ីរ៉ាក់ អាចចំណេញអ្វី ក្នុងការប្រកាសសត្រូវ ស្អប់អាមេរិក? ចំលើយគឺគ្មានចំណេញទេ មានតែខាត។ ក៏ប៉ុន្តែ កំហឹងរបស់ប្រជាជនអ៊ីរ៉ាក់ ចំពោះអាមេរិក វាមានកម្លាំងលើសពី​រឿងគិតថាចំណេញឬខាត ។ ជាច្រើនឆ្នាំមកហើយ ដែលប្រជាជនអ៊ីរ៉ាក់ មានអារម្មណ៍ថា ប្រទេសខ្លួន ស្ថិតក្រោមអាណានិគម​របស់អាមេរិក។ ជាមួយនឹងរដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ ប្រជាជនអ៊ីរ៉ាក់ កាន់តែខឹងស្អប់អាមេរិកខ្លាំង ព្រោះលោកដូណាល់ ត្រាំ បានមាក់ងាយកិត្តិយសអ៊ីរ៉ាក់។

លោកដូណាល់ ត្រាំ បាន​លើកឡើងថា មុននឹងដកទ័ពចេញ លោកនឹងឲ្យអ៊ីរ៉ាក់ សងប្រាក់មកវិញទាំងអស់។ គឺប្រាក់ដែលអាមេរិក​ បានចំណាយក្នុងការសាងសង់មូលដ្ឋានទ័ពធំៗ​ជាច្រើនកន្លែង សម្រាប់កងទ័ពអាមេរិកនៅទីនោះ។ បើអ៊ីរ៉ាក់មិនសងប្រាក់ គឺអាមេរិកមិនដកទ័ពចេញទេ។ សម្តីទាមទារឲ្យអ៊ីរ៉ាក់សង​ប្រាក់ ថ្លៃមូលដ្ឋានទ័ពអាមេរិក នៅអ៊ីរ៉ាក់នេះ គឺប្រៀបបានដូចជាការជេរប្រមាថមួយដ៏ធ្ងន់ ទៅលើប្រទេសអ៊ីរ៉ាក់។ ទោះ​ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក ធ្វើឲ្យមាន​ការ​លំបាកយ៉ាងណា ក៏ប្រជាជនអ៊ីរ៉ាក់ខ្លះ ប្រហែលជាលែងខ្វល់ហើយ។ ដល់ដំណាក់កាលមួយ ប្រាក់ដុល្លារមិនអាចយកទិញកិត្តិយសបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ