អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាវិបត្តិរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសកាតាកំពុងឈានទៅរកភាពធូរសា្រល?

សំឡេង ០៥:២០
មហាក្សត្រ​អារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud (រូបស្តាំ) និង​នាយករដ្ឋមន្រ្តីកាតា Sheikh Abdullah bin Nasser bin Khalifa Al Thani ក្នុង​ឱកាស​ជំនួបកំពូលក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សរៀបចំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១០ ធ្នូ
មហាក្សត្រ​អារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud (រូបស្តាំ) និង​នាយករដ្ឋមន្រ្តីកាតា Sheikh Abdullah bin Nasser bin Khalifa Al Thani ក្នុង​ឱកាស​ជំនួបកំពូលក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្សរៀបចំក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី១០ ធ្នូ Reuters

អស់​រយៈពេល ២ឆ្នាំ​កន្លះ​ដែល​រាជាណាចក្រប្រេង​ចំនួន​ពីរ​នៅ​តំបន់​ដើមបូព៌ា គឺ​អារ៉ាប៊ីសាអូឌីត និង​កាតា​បាន​ប្រឈម​មុខ​ដាក់​គ្នា។ តែ​គេ​បាន​សង្កេត​ឃើញ​ថា វិបត្តិ​មួយ​នេះ​ហាក់​ចាប់​ផ្តើម​ធូរស្រាល​បន្តិច​វិញ។ ទំនាក់ទំនង​ផ្ទាល់​រវាង​ក្រុង​រីយ៉ាដ និង​ក្រុង​ដូហា​បាន​បន្ត​កើត​មាន​ញឹកញាប់​តាម​ផ្លូវ​កីឡា មធ្យោបាយ​ឃោសនាមហាជន និង​តាម​ផ្លូវទូត។ គួរ​រម្លឹក​ថា​កាល​ពី​​ថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៧ អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្ត ៥ប្រទេស​បាន​សម្រេច​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា។ ការ​សម្រេចចិត្តកាល​ណោះ​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត​លើក​ហេតុផល​ចំនួន ២ ទៅ​ពន្យល់ ទី១ កាតា​បាន​គាំទ្រ និង​ចិញ្ចឹម​អង្គការ​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម និង​អង្គការ​អាល់កៃដា ទី២ កាតា​មាន​សមានចិត្ត អាណិតអាសូរ​ដល់​ប្រទេស​អ៊ីរ៉ង់ និង​ចលនា​អ៊ីស្លាមជ្រុលនិយម​មួយ​ចំនួន។ ហេតុអ្វី​បាន​ជា​វិបត្តិ​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​កាតា​កំពុង​ឈាន​ទៅ​រក​ភាព​ធូរសា្រល?

ផ្សាយពាណិជ្ជកម្ម

គេ​ប្រហែល​ជា​នៅ​មិន​ទាន់​អាច​និយាយ​ពី​ការ​បិទបញ្ចប់​វិបត្តិ​ការទូត​រវាង​បងប្អូន​គូសត្រូវ​ទាំង​ពីរ​នៅ​ក្នុង​តំបន់​បាន​នៅ​ឡើយ​ទេ តែ​គេ​អាច​និយាយ​បាន​ពី​ការ​លេច​ចេញ​នូវ​សញ្ញា​ធូរស្រាល​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា។ សញ្ញា​ធូរស្រាល​នោះ​បាន​កើត​មាន​កាល​ពី​ថ្ងៃទី១០ ធ្នូ ចំ​ថ្ងៃ​ជំនួបកំពូល​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រពែក្ស​រៀបចំ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ នា​ឱកាស​នោះ នាយករដ្ឋមន្រ្តី​កាតា​ព្រះអង្គម្ចាស់​អាប់ដាឡា បិន ខាលីហ្វា អាល់ថានី​ត្រូវ​បាន​ទទួល​ដោយ​មហាក្សត្រ​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ជាមួយ​ទឹកមុខ​ញញឹម និង​ការ​ឆ្លើយឆ្លង​គ្នា​ដោយ​កំប្លែង​ទៀត​ផង។ កាល​ពី​ជំនួបកំពូល​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រពែក្ស​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​អារ៉ាប៊ីសាអូឌីត​ដដែល ព្រះអង្គម្ចាស់​ខាលីហ្វា អាល់ថានី​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​ទទួល​យ៉ាង​រាក់ទាក់​ដូច​គ្នា​នេះ​ដែរ។

ទោះ​បី​ជា​ការ​ផ្សះផ្សា​អារ៉ាប៊ីសាអូឌីត និង​កាតា​នៅ​មិន​ទាន់​ជា​របៀបវារៈ​ក៏​ដោយ​ក៏​គេ​អាច​និយាយ​បាន​ថា កម្រិត​នៃ​ការ​ស្អប់ខ្ពើម​គ្នា​រវាង​បងប្អូន​គូសត្រូវ​ទាំង​ពីរ​នៅ​ក្នុង​តំបន់​អារ៉ាប៊ី​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ ក្រុម​កីឡាបាល់ទាត់​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន​បាន​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​តំបន់​ឈូងសមុទ្រ​ពែក្ស​រៀបចំ​ក្នុង​ប្រទេស​កាតា​នា​ដើម​ខែ​ធ្នូ​នេះ។ កាល​ពី ២ឆ្នាំ​មុន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និង​បារ៉ែន​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​កាតា និង​ដែល​ការ​ប្រកួត​កាល​ណោះ​ត្រូវ​បាន​លើក​ទៅ​រៀបចំ​ក្នុង​ប្រទេស​កូវ៉ែត​វិញ។ តាម​ពិត​ទៅ សញ្ញា​ធូរស្រាល​តាម​រយៈ​រូបភាព​កីឡា​នេះ​មិនមែន​កើត​ឡើង​ដោយ​ឯកឯង​ឯណា។

គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ជួប​សន្ទនា​គ្នា​ដោយ​សម្ងាត់​រវាង​ភាគី​ទាំង​ពីរ​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​ដោយ​មាន​ប្រទេស​កូវ៉ែត​ធ្វើ​ជា​អន្តរការី​ផ្លូវការ។ បើ​គេ​ជឿ​លើ​កាសែត Wall Street Journal រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាតា​លោក​ម៉ូហាម៉េដ បិន អាប់ឌែលរ៉ាម៉ាន់ អាល់ថានី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ខែ​តុលា។ ចំណែក​កាសែត​បារាំង Le Monde ដែល​បាន​ស្រង់​ប្រភព​ជាក់ច្បាស់​ពី​កាតា​ឲ្យ​ដឹង​ថា មាន​ជំនួប​ទ្វេភាគី​ថ្នាក់ប្រេសិត​យ៉ាង​តិច ២ទៀត​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា។ ជំនួបទី១ បាន​រៀបចំ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស និង​ជំនួបទី២ បាន​ធ្វើ​ឡើង​នា​ឱកាស​ពិធី​ឡើង​គ្រងរាជ​ជា​ផ្លូវការ​រវាង​ព្រះចៅ​អធិរាជប៉ុន​ណារូហ៊ីតូ​ក្នុង​ថ្ងៃទី២២ តុលា។ កាល​ណោះ ប្រេសិត​កាតា​លោក​ឆេក តាមីម អាល់ថានី​បាន​ជួប​សន្ទនា​ជាមួយ​មនុស្សជំនិត​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បិន សាលម៉ាន។

រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា តើ​អ្នក​ណា​ដែល​បាន​បោះ​ដៃ​រក​អ្នក​ណា​មុន​គេ និង​ថា ហេតុអ្វី​បាន​ជា ២ឆ្នាំ​កន្លះ​ក្រោយ​មក សញ្ញា​នៃ​ភាព​ធូរស្រាល​ទើប​បាន​លេច​ឡើង​រវាង​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​ដូហា?។ មាន​ចម្លើយ​ច្រើន​ចំពោះ​សំណួរ​នេះ តែ​អ្វី​ដែល​សំខាន់ គឺ​បរិបទ​សព្វថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ទាំង​នៅ​កាតា​ក៏​ដូច​ជា​នៅ​អារ៉ាប៊ីសាអូឌីត។ បន្ទាប់​ពី​រង​ការ​ឈឺ​ចាប់​ដោយ​ទណ្ឌកម្ម​របស់​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​ជិត​ខាង​ខ្លះ​មក កាតា​បាន​ប្រឹងប្រែង​ខ្លួន​ឯង​តាម​រយៈ​ការ​ជួយ​គាំទ្រ​ពី​អ្នក​ផ្សេង ពិសេស​ពី​អ៊ីរ៉ង់ និង​តួកគី រួម​ទាំង​ការ​ធានា​ពី​ក្រុម​ប្រទេស​ដៃគូ​បស្ចិមលោក។ នៅ​អាប៊ីសាអូឌីត រាជទាយាទ​បិន សាលម៉ាន​កំពុង​បន្ត​ដុះលាង​រូបភាព​ដែល​ប្រឡាក់​ដោយ​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី។

កត្តា​សំខាន់​មួយ​ទៀត គឺ​កំណើន​ឥទ្ធិពល និង​តួនាទី​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់​ត្រូវ​បាន​គេ​សង្ស័យ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​នៅ​ក្នុង​ឈូងសមុទហ្រ​អូម៉ង់​នា​ពាក់​កណ្តាល​ខែ​មិថុនា និង​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​លើ​ស្ថានីយប្រេង​អារ៉ាប៊ីសាអូឌីត​ចំនួន​ពីរ​កាល​ពី​ថ្ងៃទី១៤ កញ្ញា។ អារ៉ាប៊ីសាអូឌីត​សង្ឃឹម​លើ​អាមេរិក​ដើម្បី​ចាត់​ការ​អ៊ីរ៉ង់ តែ​នៅ​ទីបំផុត ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​យល់​ថា មិនមែន​ជា​រឿង​ល្អ​ទេ​ដែល​អាមេរិក​ត្រូវ​លូកដៃ​អន្តរាគមន៍។ ទីក្រុង​រីយ៉ាដ​បាន​យល់​ភ្លាម​ថា អាមេរិក​នឹង​មិន​ប្រថុយ​បង្ហូរ​ឈាម​ដើម្បី​ខ្លួន​ទេ ហើយ​ខ្លួន​ត្រូវ​តែ​ព្យាយាម​ដោះស្រាយ និង​សម្របសម្រួល​ជម្លោះ​ក្នុង​តំបន់​ដោយ​ខ្លួន​ឯង។ ការងារ​នៅ​ចំពោះ​មុខ​សម្រាប់​អារ៉ាប៊ីសាអូឌីត គឺ​ផ្សះផ្សារ​ជាមួយ​កាតា​នោះ​ឯង។

តែ​ដើម្បី​អាច​ធ្វើ​យ៉ាង​នេះ​បាន ទីក្រុង​រីយ៉ាដ​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​អ្នក​ផ្សេង ពិសេស​ក្រុម​ប្រទេស​ប្រឆាំង​កាតា​ដែល​មាន​អេមីរ៉ាតអារ៉ាប់រួម​ជា​អ្នកប្រឆាំង​កាតា​ផ្កាប់​មុខ។ រាជទាយាទ​ម៉ូហាម៉េដ បិន ហ្សាយេដ​ជា​ព្រះអង្គម្ចាស់​ដ៏​មាន​ឥទ្ធិពល​របស់​អេមីរ៉ាតអារ៉ាប់រួម។ ម្យ៉ាង​ទៀត អេមីរ៉ាតអារ៉ាប់រួម និង​កាតា​ក៏​ជា​ប្រទេស​ប្រជែង​គ្នា​ផ្ទាល់​នៅ​ឆាក​ការទូត​វប្បធម៌ និង​កីឡា​ដែរ។ ឃើញ​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​ថ្មី​នៅ​តំបន់​ឈូងសមុទ្រពែក្ស​នឹង​មិន​ចរចា​ត្រឹម​រវាង​អារ៉ាប៊ីសាអូឌីត និង​កាតា​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ដែរ​រវាង​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាម៉េដ បិនសាម៉ាន និង​រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម​ម៉ូហាម៉េដ បិន ហ្សាយេដ​ដែល​ជា​បុរសខ្លាំង​ពីរ​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ