អានតួអត្ថបទ
អ៊ីរ៉ង់

ធ្លាក់យន្តហោះប៊ូអ៊ីងអ៊ុយក្រែន ៖ អ៊ីរ៉ង់ប្រឈមនឹងការរិះគន់អន្តរជាតិនិងបាតុកម្មក្នុងប្រទេស

បាតុកម្ម​និស្សិត​អ៊ីរ៉ង់​នៅ​ក្រុង​តេហេរ៉ង់​ ថ្ងៃទី ១១​មករា ២០២០
បាតុកម្ម​និស្សិត​អ៊ីរ៉ង់​នៅ​ក្រុង​តេហេរ៉ង់​ ថ្ងៃទី ១១​មករា ២០២០ Atta KENARE / AFP

អារម្មណ៍​ ខឹង​សម្បារ និង​ខក​ចិត្ត បាន​ផុស​ឡើង​នៅ​អ៊ីរ៉ង់ នៅ​ពេល​បាន​ឮអាជ្ញាធរ​​ប្រកាសថា​ យន្តហោះ​អ៊ុយក្រែន​ធ្លាក់​ដោយ​សារ​គ្រាប់​មីស៊ីល​ដែល​យោធា​បាញ់​ច្រលំ។ ការ​​​ប្រមូល​ផ្តុំ​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ​របស់​ក្រុម​​សិស្សនិស្សិត​អ៊ីរ៉ង់ ក៏​បាន​ក្លាយ​ជា​ចលនា​បាតុកម្ម តាម​ដង​ផ្លូវ។ ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​​រដ្ឋាភិបាល​អ៊ីរ៉ង់​ភ្លាម​ ថា​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្ក្រាប​សម្លាប់​រង្គាលមួយ​ទៀត​លើ​​បាតុករបាន​ឡើយ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អ៊ីរ៉ង់​រង​សម្ពាធ​ខ្លាំង​បំផុត និង​មក​ពី​គ្រប់ទិសទី ! លោក​ ដូណាល់ ត្រាំ បាន​ព្រមាន​នៅ​ល្ងាច​មិញ ថា​មិនអាច​មាន​ការ​សម្លាប់​រង្គាល​មួយ​ទៀត នៅ​អ៊ីរ៉ង់​ លើ​ក្រុម​បាតុករ​សន្តិនិយម​បាន​ឡើយ​ ហើយ​មិន​ត្រូវ​មាន​ការ​កាត់​ផ្តាច់​អ៊ីនធ័រនែត​ទៀត​ ដូច​អ្វី​ដែលធ្លាប់​កើត​ឡើង​ម្តង​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩បាន​ដែរ។ ពិភពលោក​កំពុង​ផ្តោត​ចក្ខុ​លើ​អ៊ីរ៉ង់ ! នេះ​ជា​ការ​សារទ្វីត​របស់​លោក​ប្រធានាធិបតី​អាមេរិក។

នៅ​ល្ងាច​ថ្ងៃសៅរ៍​ទី ១១​មករា​ សិស្សនិស្សិត​អ៊ីរ៉ង់​​ជា​ច្រើន​សិប​រយ​នាក់ បាន​មក​ជួប​ជុំ​គ្នា​រៀប​ចំ​ពិធី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ១៧៦​នាក់​​​ ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​ដែល​យោធា​អ៊ីរ៉ង់​បាញ់​ច្រលំ កាលពី​ថ្ងៃ​ពុធ។ ការ​ប្រមូល​ផ្តុំ​ នៅ​សកលវិទ្យាល័យដ៏​ល្បី​ល្បាញ ប្រចាំ​ក្រុង​តេហេរ៉ង់ បាន​ប្រែក្លាយ​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​ចលនា​បាតុកម្ម​ចង​កំហឹង។

ពលរដ្ឋ​អ៊ីរ៉ង់​ភាគ​ច្រើន​ខឹង​នឹង​​រដ្ឋាភិបាល​ថា​ហេតុ​អ្វី​មិន​បិទ​ដែនអាកាស ក្រោយ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​អាមេរិក​ដើម្បី​បញ្ចៀស​ការ​ភ័ន្ត​ច្រលំ និង​ហេតុអ្វី​បាន​ជាមាន​តែ​ប្រមុខ​យោធា​ទ័ព​អាកាស​នៃ​ឆ្មាំ​បដិវត្តម្នាក់​​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​កំហុស​ម្នាក់ឯង...

ហ្វូង​បាតុករ​បាន​ស្រែក​បរិហារ​អាជ្ញាធរ​អ៊ីរ៉ង់​ថា ជា​ជន​ភូតភរ និង​បាន​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​កាត់​ទោស​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សោកនាដកម្ម​នេះ ដែល​បើ​តាម​ក្រុមបាតុករ អាជ្ញាធរ​កំពុង​សាកល្បង​បិទ​បាំងការពារ។

ភ្លាម​មួយ​រំពេច​ ​ចលនា​បាតុកម្ម​ត្រូវបានបំបែក​ដោយ​ប៉ូលិស និង​ការ​​ចាប់ខ្លួន​បាតុករ​ជា​ច្រើន​នាក់​ផង ក្នុង​នោះ​មាន​ម្នាក់​​ជា​​ឯកអគ្គរាជ​ទូត​អង់គ្លេស​ប្រចាំ​តេហេរ៉ង់។ អ៊ីរ៉ង់​ចាប់​​ឯកអគ្គរាជទូត​រូប​នេះ ពីបទ​បាន​ញុះ​ញង់​បាតុករ​អ៊ីរ៉ង់​ឱ្យ​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល។ មួយ​ម៉ោង​ក្រោយមក​ អ៊ីរ៉ង់​បាន​ដោះលែង​មន្ត្រីទូត​អង់គ្លេស​វិញ ប៉ុន្តែ​សំឡេង​ថ្កោល​ទោស​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ និង​ទាមទារ​ឱ្យ​អ៊ីរ៉ង់​ធ្វើ​ការ​សុំ​ទោស​ជា​ផ្លូវ​ការ​ បន្ត​លាន់​ឡើង​យ៉ាង​ទ្រហឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ