អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើមានអ្វីបង្កប់នៅពីក្រោយចលនាបះបោររបស់យុវជននៅអ៊ីរ៉ង់ពេលនេះ?

សំឡេង ០៤:៣៩
តើមានអ្វីដែលបង្កប់នៅពីក្រោយចលនាបះបោរអ៊ីរ៉ង់ពេលនេះ?
តើមានអ្វីដែលបង្កប់នៅពីក្រោយចលនាបះបោរអ៊ីរ៉ង់ពេលនេះ? ATTA KENARE / AFP

ក្នុង​ពេល​ដែល​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ស្ងប់ស្ងាត់​បន្តិច ស្ថានភាព​ផ្ទៃក្នុង​នៅ​អ៊ីរ៉ង់​ហាក់​បាន​កម្រើក​ឡើង​វិញ​ជាមួយ​នឹង​ក្បួនបាតុកម្ម​របស់​មហាជន ពិសេស​ក្រុម​យុវជន​តាំង​ពី​ថ្ងៃ​សៅរ៍ ទី១១​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី១៣ មករា។ ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​គ្រប់​ស្ថាប័ន​តាំង​ពី​ស្ថាប័ន​រដ្ឋាភិបាល យោធា និង​សាសនា​ត្រូវ​បាន​ក្រុម​បាតុករ​យុវជន​អ៊ីរ៉ង់​ចោទ​ពី​បទ​ភូតភរ​ក្នុង​រឿង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី៨ មករា បន្ទាប់​ពី​យន្តហោះ​នោះ​ទើប​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ក្រុង​តេហេរ៉ង់​បាន​ប៉ុន្មាន​នាទី។ គ្រោះថ្នាក់​កាល​ណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​អ្នកដំណើរ​ទាំង ១៧៦នាក់។ នៅ​ក្នុង​ជំហាន​ដំបូង រដ្ឋអំណាច​អ៊ីរ៉ង់​បាន​លើក​ឡើង​ពី​បញ្ហា​បច្ចេកទេស តែ​បាន​ទទួល​សារភាព​នៅ ៣ថ្ងៃ​ក្រោយ​មក​ថា ទាហាន​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ជា​អ្នក​បាញ់​យន្តហោះ​នោះ​ដោយ​អចេតនា។ តើ​ការ​និយាយ​ភូតភរ​របស់​រដ្ឋអំណាច​ក្នុង​រឿង​ធ្លាក់​យន្តហោះ​នេះ​ឬ​ដែល​ជា​ដើមចម​នៃ​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ពេល​នេះ?

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​សោះ ពលរដ្ឋ​អ៊ីរ៉ង់​បាន​បង្វែរ​ពី​ការ​គាំទ្រ​រដ្ឋាភិបាល​របស់​ខ្លួន​ប្រឆាំង​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្នុង​យប់​ថ្ងៃទី២ ឆ្លង​ចូល​ថ្ងៃទី៣ មករា​នៅ​អ៊ីរ៉ាក់​ទៅ​ជា​ការ​ប្រឆាំង​រដ្ឋាភិបាល​ខ្លួន​ឯង​នៅ​ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​កាល​ពី​ថ្ងៃទី៨ មករា​ទៅ​វិញ។ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​បាន​សម្លាប់​អ្នក​ដំណើរ​ទាំង ១៧៦នាក់​ពិត​ជា​សោនាដកម្ម​ធំធេង​ណាស់ ព្រោះ​ក្នុង​ចំណោម​អ្នក​ស្លាប់​ភាគច្រើន​ច្រើន​ជា​ជនជាតិ​អ៊ីរ៉ង់ ឬ​មាន​ដើមកំណើត​អ៊ីរ៉ង់។ សម្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក៏​ដូច​ជា​ពលរដ្ឋ​អ៊ីរ៉ង់​ភាគ​ច្រើន​ផ្សេង​ទៀត គឺ​ជា​ពេល​វេលា​កាន់​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពិធី​កាន់​ទុក្ខ​ក៏​បាន​ប្រែ​រូបភាព​ទៅ​ជា​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី កងឆ្មាំបដិវត្តន៍ និង​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។

ក្រុម​បាតុករ​អ៊ីរ៉ង់​បាន​កើត​ទុក្ខ មិន​សុខចិត្ត​នឹង​ការ​បង្វែរដាន និង​ការ​និយាយ​ភូតភរ​របស់​រដ្ឋអំណាច​ស្តីពី​មូលហេតុពិត​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ថ្ងៃ​ធ្លាក់​ភ្លាមៗ រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​បាន​ចេញ​មុខ​លើក​ឡើង​ពី​បញ្ហា​បច្ចេកទេស តែ​មាន​ប្រទេស​ខ្លះ​ដូច​យ៉ាង​អាមេរិក​បាន​សង្ស័យ​ពី​ការ​បាញ់​គ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​រួច​ទៅ​ហើយ។ គឺ​ទើប​តែ​នៅ ៣ថ្ងៃ​ក្រោយ​មក​ទើប​ទាហាន​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​បាន​ចេញ​មុខ​សារភាព​ថា ខ្លួន​ជា​បាន​បាញ់​យន្តហោះ​នោះ តែ​ជា​ការ​បាញ់​ដោយ​ភាន់ច្រឡំ។ ក្រោយ​ការ​សារភាព​របស់​ទាហាន​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ ប្រធានាធិបតី​លោក​រ៉ូហានី​ក៏​បាន​សម្តែង​ការ​សុំទោស​ជា​សាធារណៈ​ដែរ។ គួរ​បញ្ជាក់​ថា ការ​បាញ់​គ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​សំដៅ​យន្តហោះ​អ៊ុយក្រែន​ក្នុង​ថ្ងៃទី៨ មករា​បាន​ធ្វើ​ឡើង ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ទាហាន​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់មីស៊ីល​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់។

ដូច្នេះ​ចង់​ឬ​មិន​ចង់ ការ​ព្យាយាម​បង្វែរដាន និង​ការ​និយាយ​ភូតភរ​របស់​រដ្ឋអំណាច​ស្តីពី​មូលហេតុពិត​នៃ​ការ​ធ្លាក់​យន្តហោះ​អ៊ុយក្រែន​ពិត​ជា​ដើមចម​នៃ​កំហឹង​របស់​ពលរដ្ឋ​ពេល​នេះ ពិសេស​ក្រុម​យុវជន។ បើ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ វា​ជា​រឿង​មួយ​ធម្មតា តែ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ វា​អាច​ជា​រឿង​មួយ​គាប់ជួន​គ្នា​ល្អ​ណាស់​ទៅ​នឹង​ព្រឹត្តិការណ៍​បះបោរ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩។ កាល​ណោះ មាន​ពលរដ្ឋ​អ៊ីរ៉ង់​ប្រុស ស្រី ក្មេង ចាស់​ជា​ច្រើន​ពាន់​នាក់​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ និង​សឹង​នៅ​គ្រប់​ខេត្ត ក្រុង​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​សម្រេច​ដំឡើង​ថ្លៃ​តម្លៃ​ប្រេង។ បាតុកម្ម​កាលណោះ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បង្រ្កាប​យ៉ាង​ហិង្សា​ដោយ​បណ្តាល​ឲ្យ​មាន​ស្លាប់ របួស និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់។ ចំណែក​បាតុកម្ម​លើក​នេះ​ក៏​ត្រូវ​បាន​ទទួល​ការ​បង្រ្កាប​ដូច​គ្នា។

គេ​អាច​​និយាយ​បាន​ថា ដើមចម​នៃ​បាតុកម្ម​លើក​មុន និង​លើក​នេះ​មិន​ដូច​គ្នា​ទេ ព្រោះ​លើក​មុន​ជា​រឿង​សេដ្ឋកិច្ច តែ​លើក​នេះ​ជា​រឿង​នយោបាយ។ តែ​គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា បាតុកម្ម​ទាំង​ពីរ​មាន​បង្កប់​ជ្រៅ​ដោយ​កំណើន​កំហឹង​ក្តៅក្រហាយ​របស់​ប្រជាជន​ចំពោះ​របប​សព្វថ្ងៃ និយាយ​ជា​រួម និង​ចំពោះ​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន និយាយ​ដោយឡែក។ « ពួក​គេ​និយាយ​កុហក។ សត្រូវ​របស់​យើង​មិនមែន​អាមេរិក​ទេ សត្រូវ​របស់​យើង គឺ​នៅ​ទីនេះ » នេះ​ជា​សម្រែក​របស់​ក្រុម​បាតុករ។ « ស្លាប់​ទៅ​អ្នក​កាន់អំណាច​ផ្តាច់ការ » នេះ​ជា​សារ​ជេរ ប្រមាថ​ដែល​ក្រុម​បាតុករ​ផ្ញើ​ត្រង់​ទៅ​កាន់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី។ ឃើញ​ថា​ក្នុង​រូបភាព​ណា​ក៏​ដោយ ការ​ងើបបះ​ជា​បន្តបន្ទាប់​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ប្រឆាំង​រដ្ឋអំណាច​ជា​សក្ចីកម្ម​មួយ​ដែល​បញ្ជាក់​ថា ពួក​គេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដោយ​លែង​មាន​សង្ឃឹម និង​គ្មាន​ជំនឿ​ទុក​ចិត្ត​លើ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ទៀត​ឡើយ ទោះ​នៅ​ក្នុង​វិស័យ​នយោបាយ ឬ​សេដ្ឋកិច្ច។ សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​ញាំញី​ដោយ​ទណ្ឌកម្ម​អាមេរិកាំង។

ពិត​ណាស់ ព្រឹត្តិការណ៍​សម្លាប់​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី​ពី​អាមេរិក​ជា​រឿង​ដែល​ពលរដ្ឋ​អ៊ីរ៉ង់​មិន​អាច​អត់ឱន និង​បំភ្លេច​បាន​ទេ។ តែ​អ្វី​ដែល​សំខាន់​នៅ​ចំពោះ​មុខ គឺ​ការ​បន្ត​រស់​ក្នុង​ភាព​ថ្លៃថ្នូរ។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ភាព​វឹកវរ​ផ្ទៃក្នុង​នៅ​អ៊ីរ៉ង់​ពេល​នេះ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​របប​ដឹកនាំ​សព្វថ្ងៃ ពិសេស​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ការ​រៀបចំ​បោះឆ្នោត​សភា​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី២១ កម្ភៈ​ខាង​មុខ។ តើ​អាមេរិក​មាន​បាន​លូកដៃ​នៅ​ពី​ក្រោយ​វិបត្តិផ្ទៃក្នុង​អ៊ីរ៉ង់​ពេល​នេះ​ទេ។ តិច ឬ​ច្រើន និង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល គឺ​ពិត​ជា​មាន នេះ​ជា​ការ​លើកឡើង​របស់​ក្រុម​អ្នកវិភាគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ