អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

លោកអាឡាំង ហ្រ្គេះថា អ៊ីស្រាអែលនឹងជួបការលំបាកនៅពេលប៉ាឡេស្ទីនឈប់សហការក្នុងផ្នែកសន្តិសុខ

ពលរដ្ឋប៉ាឡេស្ទីន​ក្នុង​តំបន់ហ្កាហ្សា​ដុត​ទង់ជាតិ​អ៊ីស្រាអែល​
ពលរដ្ឋប៉ាឡេស្ទីន​ក្នុង​តំបន់ហ្កាហ្សា​ដុត​ទង់ជាតិ​អ៊ីស្រាអែល​ Reuters

នៅ​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ ទាហាន​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា។ កងទ័ព​អ៊ីស្រាអែល​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​បាញ់​គ្រាប់រ៉ូកែត​ជា​ថ្មី​របស់​ពួក​ហាម៉ាស់​លើ​ទឹកដី​អ៊ីស្រាអែល​ប៉ែក​ខាងត្បូង។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​បង្ហាញ​ផែនការសន្តិភាព​សម្រាប់​ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ដែល​ប៉ាឡេស្ទីន​បាន​ច្រានចោល​មក មាន​គ្រាប់រូកែត​ជា​ច្រើន​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាក្សា​ចូល​ទឹកដី​អ៊ីស្រាអែល។ ដោយឡែក​នៅ​ក្នុង​ជំនួប​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​នៃ​សម្ព័ន្ធអារ៉ាប់​ក្នុង​ថ្ងៃ​សៅរ៍ ទី១ កុម្ភៈ ប្រមុខរដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ះមូដ អាបាស់​បាន​ប្រកាស​ផ្តាច់​រាល់​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​អ៊ីស្រាអែល។ តើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន​យ៉ាង​ដូច​នេះ​អាច​នឹង​ជះ​ផលវិបាក​អ្វី​ខ្លះ​ដល់​ប្រទេស​អ៊ីស្រាអែល?

ផ្សាយពាណិជ្ជកម្ម

« ដំបូង​គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​អ្វី​ដែល​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ប្រកាស​នឹង​ត្រូវ​អនុវត្ត​ជាក់ស្តែង​ដែរ ឬ​អត់ ព្រោះ​ថា ប៉ាឡេស្ទីន​ធ្លាប់​បាន​ប្រកាស​ដូច​គ្នា​នេះ​ចំនួន​ពីរ​ដង​រួច​ហើយ តែ​មិន​បាន​អនុវត្តន៍​ច្បាស់លាស់​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នេះ​ពិត​ជា​រឿង​មួយ​ដ៏​ពិបាក​ខ្លាំង​ណាស់​សម្រាប់​អ៊ីស្រាអែល។ ពិបាក​ខ្លាំង​ជាង​គេ​គឺ​បញ្ហា​សន្តិសុខ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ការ​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​អាស្រ័យ​ទាំង​ស្រុង​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប៉ាឡេស្ទីន។ ជា​គោលការណ៍ គឺ​កម្លាំង​ប៉ូលិស​ប៉ាឡេស្ទីន​ជា​អ្នក​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ ពិសេស​នៅ​ក្នុង​តំបន់ A ដែល​ពួក​គេ​ជា​អ្នក​គ្រប់គ្រង។

ចុះ​បើ​ប៉ាឡេស្ទីន​លែង​រវល់​ដោយ​ឈប់​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អ៊ីស្រាអែល ឈប់​ដោះដូរ​ព័ត៌មាន ឬ​មួយ​ក៏​ឈប់​សហការណ៍​ជាមួយ​អ៊ីស្រាអែល តើ​វា​អាច​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ៊ីស្រាអែល។ ពិតណាស់ កងទ័ព និង​ប៉ូលិស​អ៊ីស្រាអែល​អាច​ចេញ ចូល​ក្នុង​តំបន់​នោះ​ដោយ​សេរី និង​ពេល​ណា​ក៏​បាន​ដែរ តែ​ពួក​គេ​នឹង​មិន​សូវ​មាន​ព័ត៌មាន និង​ជួប​ការ​លំបាក​ខ្លាំង។ វា​អាច​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ហើយ​មាន​បុគ្គលិក​ខ្លះ​នៅ​ក្នុង​សេវាសន្តិសុខ​អ៊ីស្រាអែល​បាន​សម្តែង​ក្តីបារម្ភ​រួច​ហើយ។ បន្ទាប់​មក វា​ក៏​អាច​ជះ​ផលវិបាក​ដល់​ការ​បោះឆ្នោត​នៅ​អ៊ីស្រាអែល​ដែរ។

អ្វី​ដែល​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ចាត់​ទុក​ជា​ជោគជ័យ​អាចនឹង​ប្រែ​ក្លាយ​ជា​គ្រោះ​មហន្តរាយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ