អានតួអត្ថបទ
តួកគី-ស៊ីរី

ដើម្បី បញ្ឈឺចិត្ត​តួកគី សភា​ស៊ីរី ទទួលស្គាល់​អំពើប្រល័យពូជសាសន៍ លើ​ជនជាតិ​អាមេនី

កូនចៅ​ជំនាន់​ក្រោយ​របស់​ជនរងគ្រោះអាមេនី ដែល​ស្លាប់​នៅក្នុង​អំពើប្រល័យពូជសាសន៍​ប្រព្រឹត្ត​ដោយ​ចក្រភព​អូតូម៉ង់
កូនចៅ​ជំនាន់​ក្រោយ​របស់​ជនរងគ្រោះអាមេនី ដែល​ស្លាប់​នៅក្នុង​អំពើប្រល័យពូជសាសន៍​ប្រព្រឹត្ត​ដោយ​ចក្រភព​អូតូម៉ង់ REUTERS/Murad Sezer

សភាស៊ីរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ កុម្ភៈ បាន​បោះឆ្នោត អនុម័ត ច្បាប់​ស្តី​ពី​ការទទួល​ស្គាល់ ផ្លូវការ​អំពើ​ប្រល័យពូជសាសន៍ ទៅ​លើ​ជនជាតិ​អាមេនី កាល​ពី​១០០​ឆ្នាំ​មុន។ ការសម្រេច​របស់សភាស៊ីរី ធ្វើឡើង​នៅ​ចំថ្ងៃ ដែល​តួកគី កូនចៅ​ជំនាន់ក្រោយ​នៃ​ចក្រភព​អូតូម៉ង់ (អ្នកប្រព្រឹត្ត​អំពើប្រល័យ​ពូជសាសន៍ លើ​ជនជាតិ​អាមេនី) បាន​ប្រកាសគំរាម​វាយប្រហារ​ទឹកដី​ស៊ីរី គ្រប់កន្លែង ក្នុងករណី​រដ្ឋាភិបាល ស៊ីរី បើក​ការវាយប្រហារ សម្លាប់​ទាហាន​តួកគី ក្នុង​ទឹកដី​ស៊ីរី។ 

ផ្សាយពាណិជ្ជកម្ម

នៅពេល​ភាពតានតឹង​ជាមួយ​តួកគី កើនឡើង​ដល់​កំរិត​កំពូល សភា ស៊ីរី បាន​អនុម័ត​ច្បាប់ មួយ ដែល​ទទួលស្គាល់ អំពើប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី ប្រព្រឹត្ត​ដោយ ចក្រភព​អូតូម៉ង់កាលពី​១០៤​ឆ្នាំ មុន (ក្នុង​សម័យ​សង្រ្គាម​លោកលើកទី ១ ពី​ឆ្នាំ ១៩១៥​ដល់ឆ្នាំ-១៩១៧)។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ សភា​ស៊ីរី​បាន​សំដែង​ការថ្កោលទោស អំពើ​ប្រល័យ​ពូជសាសន៍​របស់​ចក្រភព​អូតូម៉ង់​ទៅលើ​ជនជាតិ​អាមេនី ជាង ១លាន ៣សែននាក់ នៅ​ដើម​សតវត្សរ៍​ទី ២០។

គេ​វាយតម្លៃថា ដោយ​សម្រេច​ទទួល​ស្គាល់ អំពើប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អាមេនី របប​ស៊ីរី​របស់​លោកបាស្ហា អាល់អាសាដ កំពុង​ចង់ បញ្ឈឺចិត្ត​តួកគី ដែល​ជា​ប្រទេស​កើតចេញ​ពី​ចក្រភព អូតូម៉ង់។ ការសម្រេច​របស់​សភា​ស៊ីរី កើតឡើង​ចំពេល រដ្ឋាភិបាល​តួកគី ទើប​បាន​ប្រកាស គំរាម​វាយប្រហារ នៅ​គ្រប់​កន្លែង ក្នុង​ទឹកដី​ស៊ីរី ក្នុង​ករណី​របបស៊ីរី បើកការវាយប្រហារ​សាជាថ្មី ទៅលើ​ទីតាំង​របស់​ទាហាន​តួកគី នៅ​ក្នុង​ទឹកដី​ភាគខាងជើង ស៊ីរី។ រដ្ឋាភិបាល​តួកគី បាន​ព្រមាន​យ៉ាងដូច្នេះ បន្ទាប់ កងទ័ព​ស៊ីរី រួម​ជាមួយ​សម្ព័ន្ធមិត្ត​រុស្ស៊ី បើកការវាយប្រហារ​ទៅលើ​ទីតាំង ចុងក្រោយ​របស់​ក្រុមប្រឆាំង​ស៊ីរី នៅ​ភាគខាងជើង ទឹកដី​ស៊ីរី តាំង​ពី​ខែ​ធ្នូមក។ តាំង​ពី​ខែ​កុម្ភៈ តួកគី ដែល​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ក្រុមប្រឆាំង​ស៊ីរី នៅ​ភាគខាងជើង​ស៊ីរី គឺ​នៅតំបន់​Idleb បាន​រាប់ឃើញ ទាហានរបស់​ខ្លួន ចំនួន ១៤នាក់​ស្លាប់ និង​៤៥នាក់​រងរបួស នៅក្នុង​ការវាយប្រហារ​ផ្លូវអាកាស​របស់​រដ្ឋាភិបាល​ស៊ីរី។

នៅក្នុង​រឿង​ទទួល​ស្គាល់​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី ប្រជាជន​អាមេនី រហូតមក បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តួកគី ដែល ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​ចក្រភព​អូតូម៉ង់ ទទួល​ស្គាល់​អំពើប្រល័យពូជសាសន៍ និង​សុំទោសជាផ្លូវការ ​ដល់​ជនរងគ្រោះ។ ប៉ុន្តែ តួកគី វិញ បដិសេធ​មិនទទួល​ស្គាល់ ពាក្យ​ប្រល័យពូជសាសន៍​នោះទេ។ តួកគី ដែល​ទទួល​ស្គាល់​ថា មាន​ការសម្លាប់​រង្គាល អះអាងថា សង្រ្គាម​ស៊ីវិល ហើយនិង​គ្រោះអត់ឃ្លាន​ជាដើមហេតុ សម្លាប់​ទាំង​ប្រជាជន​អាមេនី(ពី ៣សែន ទៅ ៥សែននាក់) និង​ប្រជាជន​តួកគី កាលពី ក្នុង​អំឡុង​សង្រ្គាម​លោកលើទី១។

បដិសេធ​មិនទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​តួកគី កូនចៅ​ជំនាន់ក្រោយ​របស់​ប្រជាជន​អាមេនី នៅទូទាំង​ពិភពលោក នៅតែ​ទាមទារ​ឲ្យ​អន្តរជាតិ ទទួល​ស្គាល់​អំពើប្រល័យ​ពូជសាសន៍ ទៅលើ​ប្រជាជន​អាមេនី ជាង ១លាន ៣សែននាក់ កាលពី​ជាង​១០០​ឆ្នាំមុន។ រហូតមកដល់ពេលនេះ មាន​តែ​ប្រទេស​ជាង ៣០ប៉ុណ្ណោះ ដែល​នៅក្នុង​នោះ មាន​សភាអាមេរិក ដែល​បាន​ទទួល​ស្គាល់ និង​ចេញ​សេចក្តីសម្រេច​នានា​ថ្កោលទោស​អំពើប្រល័យពូជសាសន៍​លើ​ជនជាតិ​អាមេនី។ រាល់​ការសម្រេច​ទទួល​ស្គាល់ អំពើប្រល័យពូជសាសន៍ អាមេនី​តែងតែ​ធ្វើ​ឲ្យ​ទីក្រុង​អង់ការ៉ា ខឹងសម្បារ និង​ប្រកាស​ចាត់វិធានការ​សងសឹក​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ