អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊ីរី៖តើគេអាចបញ្ជៀសថ្លុកឈាមនៅក្នុងខេត្តអ៊ីដឡិបដែលជាជម្រកចុងក្រោយរបស់ពួកឧទ្ទាមបានដែរ ឬទេ?

សំឡេង ០៤:៣១
នៅស៊ីរី តើគេអាចបញ្ជៀសថ្លុកឈាមនៅក្នុងខេត្តអ៊ីដឡិបដែលជាជម្រកចុងក្រោយរបស់ពួកឧទ្ទាមបានដែរ ឬទេ?
នៅស៊ីរី តើគេអាចបញ្ជៀសថ្លុកឈាមនៅក្នុងខេត្តអ៊ីដឡិបដែលជាជម្រកចុងក្រោយរបស់ពួកឧទ្ទាមបានដែរ ឬទេ? Abdulaziz KETAZ / AFP

នៅ​ក្នុង​ប្រទេស​ស៊ីរី ខេត្តអ៊ីដឡិប​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​បន្ត​រង​ការ​វាយប្រហារ​ពី​កម្លាំងទ័ព​រដ្ឋាបាល​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​ដោយ​មាន​ជំនួយ​ពី​កម្លាំងទ័ព​រុស្ស៊ី។ កម្មវត្ថុ​របស់​ទីក្រុង​ដាម៉ាស់ គឺ​រំដោះ​ខេត្តអ៊ីដឡិប​ពី​កណ្តាប់ដៃ​ពួកប្រឆាំង។ តែ​ទន្ទឹម​គ្នា​នេះ កម្លាំងទ័ព​តួកគី​បែរ​ជា​បាន​ចូល​ខ្លួន​អន្តរាគមន៍​ជួយ​គាំទ្រ​កម្លាំង​ពួក​ឧទ្ទាម។ នៅ​ថ្ងៃ​អាទិត្យ ទី១៦ កុម្ភៈ ទ័ពរដ្ឋាភិបាល​ស៊ីរី​បាន​ប្រកាស​ពី​ការ​រុល​ទៅ​មុខ​ដោយ​ដណ្តើម​បាន​ទីតាំង​មួយ​ភាគ​ពី​ពួក​ឧទ្ទាម។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពេល​នេះ គឺ​សោកនាដកម្ម​មនុស្សធម៌​នៅ​អ៊ីដឡិប​ដែល​កំពុង​រស់នៅ​ដោយ​ជនស៊ីវិល ៣លាននាក់​ជាមួយ​នឹង​ក្រុមឧទ្ទាមប្រដាប់អាវុធ​ប្រមាណ​ជា ២ ០០០នាក់។ តើ​គេ​អាច​បញ្ជៀស​ថ្លុកឈាម​នៅ​អ៊ីដឡិប​បាន​ដែរ ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល ៩ឆ្នាំ​នៃ​សង្រ្គាមស៊ីវិល​ដែល​ស៊ីរី​បាន​ស្គាល់​តាំង​ពី​ឆ្នាំ ២០១១ គ្មាន​ថ្ងៃ​ណា​ដែល​ប្រទេស​អារ៉ាប់​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​មិន​ស្គាល់​សោកនាដកម្ម​មនុស្សធម៌​ឡើយ។ តែ​ទំហំ​សោកនាដកម្ម​ដែល​កំពុង​កើត​មាន​នៅ​ជុំវិញ​ខេត្តអ៊ីដឡិប​សព្វថ្ងៃ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​នា​ពេល​កន្លង​មក​ទេ។ ជាមួយ​នឹង​ពលរដ្ឋ​រស់នៅ​ចំនួន ៣លាននាក់ ខេត្តអ៊ីដឡិប​ជា​ជម្រក​ចុង​ក្រោយ​របស់​ក្រុមប្រឆាំង​ដែល​មាន​គ្នា​ប្រមាណ​ជា ២ ០០០នាក់ និង​ដែល​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​របស់​ប្រធានាធិបតី​អាសាដ​កំពុង​ប្រើ​កម្លាំង​វាយដណ្តើម​យក​មក​កាន់កាប់​ក្នុង​ដៃ​វិញ។ តែ​ក្រៅ​ពី​ចំណាត់ការ​របស់​ទ័ពរដ្ឋាភិបាល​ស៊ីរី ក៏​មាន​ការ​លូកដៃ​ពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​តួកគី​ដែរ។

រុស្ស៊ី​បាន​ជួយ​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី ហើយ​តួកគី​បាន​ជួយ​គាំទ្រ​ដល់​ក្រុមប្រឆាំង​ដែល​ក្រុង​ដាម៉ាស់​ហៅ​ជា​ពួក​ឧទ្ទាម។ អ្វី​ជា​ការ​កត់សម្គាល់ ជម្លោះ​ប្រដាប់​អាវុធ​យ៉ាង​ក្តៅគគុក​នៅ​អ៊ីដឡិប​ពេល​នេះ​មិន​បាន​គិត​ដល់​ជីវិត​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​យ៉ាង​មន្ទីរពេទ្យ សាលារៀន ឬ​មួយ​ក៏​ផ្សារទេ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ ក្រុង​មូស្គូ និង​ក្រុង​អង់ការ៉ា​បាន​ព្រមព្រៀង​លើ​បទឈប់​បាញ់​មួយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តឹងតែង​នៅ​ក្នុង​ខេត្តអ៊ីដឡិប។ តាម​រយៈ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​នេះ រុស្ស៊ី និង​ស៊ីរី​បាន​យល់ព្រម​ផ្អាក​ការ​វាយប្រហារ​លើ​ខេត្តអ៊ីដឡិប។ ចំណែក​តួកគី​មាន​តួនាទី​ជា​អ្នក​បង្ខំ​ពួក​ជីហាត​នៃ​ចលនា Hayat Tahrir Al-Cham ឲ្យ​ចាកចេញ​ពី​ជួរ​មុខ​នៃ​សមរភូមិ​ប្រយុទ្ធ​នៅ​ខេត្តអ៊ីដឡិប។ តែ​បញ្ហា​នៅ​ត្រង់​ថា កងទ័ព​តួកគី​មិន​អាច​ធ្វើ​បាន ឬ​មួយ​ក៏​មិន​ចង់​ធ្វើ។

គួរ​រម្លឹក​ថា គឺ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ដែល​ទ័ពរដ្ឋាភិបាល​ស៊ីរី​បាន​បើក​ការ​វាយប្រហារ​លើ​ខេត្តអ៊ីដឡិប​ដោយ​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​ចំនួន ៧០០ ០០០នាក់​បង្ខំចិត្ត​រត់​ចោល​ផ្ទះសម្បែង។ « គឺ​ជា​ការ​រត់ភៀសខ្លួន​ដ៏​សម្បើម​នៅ​ក្នុង​សង្រ្គាមអាក្រក់​ក្រៃលែង​នៃ​ជំនាន់​របស់​យើង » នេះ​ជា​ឃ្លា​របស់​លោក Jan Egeland ប្រធាន​ក្រុមប្រឹក្សា​ន័រវែស​ដើម្បី​ជនភៀសខ្លួន។ ក្នុង​ថ្ងៃ​អង្គារ ទី១១ កុម្ភៈ កងទ័ព​រដ្ឋាភិបាល​ស៊ីរី​វាយ​យក​បាន​ពី​ពួក​ឧទ្ទាម​នូវ​ផ្លូវហាយវ៉េ M៥ ដែល​ជា​ផ្លូវ​យុទ្ធសាស្រ្ត​មួយ​ត ភ្ជាប់​ប៉ែក​ខាង​ជើង និង​ខាង​ត្បូង​រវាង​ទីក្រុង​ដាម៉ាស់ និង​ខេត្តអ៊ីដឡិប។ នៅ​ម្ខាង​មាន​កម្លាំង​ស៊ីរី​រួម​កម្លាំង​ជាមួយ​រុស្ស៊ី និង​នៅ​ម្ខាង​ទៀត​មាន​កម្លាំង​ពួកប្រឆាំង​គាំទ្រ​ដោយ​តួកគី វាសនាអាក្រក់​សម្រាប់​ខេត្តអ៊ីដឡិប​ប្រហែល​មិន​អាច​ចៀស​រួច​ទេ។ ចង់ ឬ​មិន​ចង់​ចាប់​ពី​ពេល​នេះ​ត​ទៅ រុស្ស៊ី និង​តួកគី​ដែល​ធ្លាប់​ជា​ដៃគូ​នឹង​គ្នា​ហាក់​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​មួយ​ដែល​អាមេរិក និង​អឺរ៉ុប​លែង​មាន​ទឹកមាត់ប្រៃ​ទៀត​ឡើយ។

ខណៈ​ដែល​ភាព​តានតឹង​កំពុង​កើន​ឡើង​រវាង​ក្រុង​មូស្គូ និង​ក្រុង​អង់ការ៉ា ហានិភ័យ​ពិត​ចំពោះ​ខេត្តអ៊ីដឡិប​មិនមែន​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​ប្រឆាំង​ទេ តែ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ផ្ទាល់​រវាង​តួកគី និង​ស៊ីរី ឬ​មួយ​ក៏​រវាង​តួកគី និង​រុស្ស៊ី​តែ​ម្តង។ តួកគី​ដែល​កំពុង​ទទួល​ជនភៀសខ្លួន​ជាង ៣លាន​កន្លះ​នាក់​ឲ្យ​ជ្រកកោណ​លើ​ទឹកដី​ខ្លួន​យល់​មិន​ច្រឡំ​ទេ​ថា ការ​វាយបំបែក​សំបុក​ពួកប្រឆាំង​នៅ​ខេត្តអ៊ីដឡិប​នឹង​ធ្វើ​ឲ្យ​មាន​ជនភៀសខ្លួន​ហូរ​ចូល​ប្រទេស​ខ្លួន​បន្ថែម​ទៀត។ ឃើញ​ថា​នៅ​ចំពោះ​មុខ គ្មាន​ទេ​ដំណោះស្រាយ​ល្អ​សម្រាប់​អ៊ីដឡិប។ តែ​ការ​នាំ​គ្នា​បន្ត​ប្រើ​ផ្លូវយោធា​ជា​ដំណោះស្រាយ​ចុង​ក្រោយ គឺ​ជា​សេណារីយ៉ូ​ដ៏​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។

ភាព​បរាជ័យ​របស់​ប្រទេស​អឺរ៉ុប និង​អាមេរិក​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ផ្ទៃក្នុង​ស៊ីរី​ដោយ​កង្វះ​យុទ្ធសាស្រ្ត និង​ឆន្ទៈ​ពិតប្រាកដ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​កន្លះលាននាក់ និង​បាន​បន្សល់​ទុក​ជនភៀសខ្លួន​ជា​ច្រើន​លាននាក់។ នៅ​ចំពោះ​មុខ​ពេល​នេះ ប្រហែល​ជា​គ្មាន​ទេ​ដំណោះស្រាយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ខេត្តអ៊ីដឡិប។ តែ​ដើម្បី​បញ្ជៀស​ថ្លុកឈាម និង​បញ្ជៀស​ផលវិបាក​មិន​អាច​គ្រប់គ្រង​បាន គឺ​ត្រូវ​តែ​មាន​បទឈប់​បាញ់​មួយ​ពិត​ប្រាកដ​ដែល​ចូលរួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ