អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតសភាអ៊ីរ៉ង់៖ក្រុមអ្នកអភិរក្សនិយមកំពុងត្រៀមខ្លួនទទួលជ័យជម្នះ?

សំឡេង ០៦:១៤
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានីចូលរួមបោះឆ្នោត ថ្ងៃទី២១ កុម្ភៈ ២០២០
ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានីចូលរួមបោះឆ្នោត ថ្ងៃទី២១ កុម្ភៈ ២០២០ Reuters

នៅ​ថ្ងៃ​សុក្រ ទី២១ កុម្ភៈ មាន​ពលរដ្ឋ​អ៊ីរ៉ង់​ប្រមាណ​ជា ៥៧លាននាក់​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី​ចំនួន ២៩០នាក់​នៅ​ក្នុង​រដ្ឋសភា។ តែ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ជិត ១៤ ៥០០នាក់ មាន​តែ ៧ ១៥០នាក់​ដែល​ក្រុមប្រឹក្សា​ឆ្មាំរដ្ឋធម្មនុញ្ញ​អនុម័ត​ទទួល​យក។ អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​អ្នកអភិរក្សនិយម​ដែល​គេ​ស្គាល់​ជា​អ្នកតឹងតែង​និយម​កំពុង​ត្រៀមខ្លួន​ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​លើក​នេះ។ ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​បាន​ចូលរួម​បោះឆ្នោត​មុន​គេ​នៅ​ពេល​បើក​ទ្វារ​ការិយាល័យ​បោះឆ្នោត។ ក្នុង​ឱកាស​នោះ លោក​ខាមេណី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​ច្រើន​កុះករ និង​មិន​ភ្លេច​រម្លឹក​ថា ការ​ចូលរួម​បោះឆ្នោត​ជា​កាតព្វកិច្ច​សាសនា។

ផ្សាយពាណិជ្ជកម្ម

នៅ​អ៊ីរ៉ង់ គេ​អាច​ប្រដូច​ក្រុមប្រឹក្សា​ឆ្មាំរដ្ឋធម្មនុញ្ញ​ជា​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត ពោល​ជា​ស្ថាប័ន​មួយ​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​ការ​រៀបចំ​បោះឆ្នោតជាតិ និង​ជា​អ្នកសម្រេច​ទទួល​យក ឬ​ច្រាន​ចោល​បេក្ខជន​ដែល​បាន​ឈរ​ឈ្មោះ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ពី​ភាព​លំអៀង​របស់​ក្រុមប្រឹក្សា​មួយ​នេះ​ទេ ព្រោះ​សមាជិក​ភាគ​ច្រើន​ជា​អ្នកអភិរក្សនិយម។ អ៊ីចឹង​ហើយ​បាន​ជា​បេក្ខជន​ឈរ​ឈ្មោះ​ដែល​ក្រុមបឹ្រក្សា​មួយ​នេះ​បាន​ទាត់​ចោល​ច្រើន​ជា​ឥស្សរជន​មក​ពី​ក្រុម​អ្នកកំណែទម្រង់និយម។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ រដ្ឋាភិបាល​អ៊ីរ៉ង់​ជា​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​ក្រុម​អ្នកកំណែទម្រង់និយម និង​អ្នកកណ្តាលនិយម​ដែល​គាំទ្រ​ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី ហើយ​រូប​លោក​រ៉ូហានី​ក៏​ជា​អ្នក​កំណែទម្រង់និយម និង​អ្នកកណ្តាលនិយម​ម្នាក់​ដែរ។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ ២០២១ ដែល​ជា​លើក​ទី១១ គិត​តាំង​ពី​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ សម្ព័ន្ធ​នៃ​ក្រុម​អ្នកកំណែទម្រង់និយម និង​អ្នកកណ្តាលនិយម​មិន​បាន​បញ្ជូន​បេក្ខជន​រួម​គ្នា​ទេ។ ករណី​បាន​ជំរុញ​គណបក្ស​កំណែទម្រង់​ទាំង ៨គណបក្ស​ឲ្យ​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​ដាច់​ដោយឡែក​របស់​ខ្លួន។ តើ​ហេតុផល​នេះ​ឬ ដែល​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ឆ្មាំរដ្ឋធម្មនុញ្ញ​ទាត់​ចោល​បេក្ខជន​ដែល​ភាគច្រើន​មក​ពី​គណបក្ស​កំណែទម្រង់និយម?។ នេះ​អាច​ជា​ហេតុផល​មួយ តែ​បើ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច និន្នាការនយោបាយ​នៅ​អ៊ីរ៉ង់​ច្រើន​តែ​មាន​នៅ​ខាង​ក្រុម​អ្នក​អភិរក្សនិយម ឬ​ហៅ​ថា​អ្នក​តឹងតែង​និយម។ ស្ថាប័ន​សភា និង​ប្រធានាធិបតី​សព្វថ្ងៃ​ស្ថិត​ក្នុង​ដៃ​អ្នកកំណែទម្រង់និយម និង​ជា​អ្នកកណ្តាលនិយម។

តែ​មាន​ស្ថាប័ន​សំខាន់ៗ និង​មាន​ឥទ្ធិពល​ខ្លាំង​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​អ្នក​អភិរក្សនិយម ដូច​យ៉ាង​ក្រុមប្រឹក្សា​ឆ្មាំរដ្ឋធម្មនុញ្ញ តុលាការ និង​សភា​ក្រុម​អ្នកជំនាញ​ដែល​មាន​តួនាទី​ជា​អ្នក​ជ្រើសរើស​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់។

ពលរដ្ឋ​អ៊ីរ៉ង់​ទូទៅ​មិន​សប្បាយចិត្ត​នឹង​រដ្ឋាភិបាល​សព្វថ្ងៃ

បើ​សភា​ថ្មី​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ក្រុម​អ្នកអភិរក្សនិយម គឺ​មក​ពី​ពលរដ្ឋ​អ៊ីរ៉ង់​ភាគច្រើន​មិន​សប្បាយចិត្ត​នឹង​តុល្យការ​នយោបាយ សេដ្ឋកិច្ច និង​ការបរទេស​របស់​រដ្ឋាភិបាល​ផុតអាណត្តិ​ក្រោម​ប្រធានាធិបតី​លោក​ហាសាន រ៉ូហានី។ គួរ​រម្លឹក​ថា​នា​ការ​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ ២០១៦ ពលរដ្ឋ​អ៊ីរ៉ង់​បាន​បោះឆ្នោត​ឲ្យ​ក្រុម​អ្នកកំណែទម្រង់និយម និង​ក្រុម​អ្នកកណ្តាលនិយម។ លោក​រ៉ូហានី​ដែល​ជា​អ្នកកំណែទម្រង់និយម និង​អ្នកកណ្តាលនិយម​ម្នាក់ និង​ដែល​បាន​ជាប់​ឆ្នោត​ដំបូង​ក្នុង​ឆ្នាំ ២០១៣ រួច​ជាប់​អាណត្តិថ្មី​ក្នុង​ឆ្នាំ ២០១៧ បាន​សន្យា​ច្រើន​ណាស់ ពិសេស​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ និង​បើក​ចំហ​ប្រទេស​ទៅ​កាន់​ពិភពលោក​ដោយ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ។

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​លោក​រ៉ូហានី​សម្រច​បាន​ជាមួយ​សហគមន៍​អន្តរជាតិ​ជា​ភស្តុតាង​មួយ និង​បាន​ហុច​ក្តីសង្ឃឹម​ធំធេង​ណាស់​ដល់​ពលរដ្ឋ​អ៊ីរ៉ង់។ កិច្ចព្រមព្រៀង​មួយ​នេះ​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ចំនួន​ចេញ​ពី​អ៊ីរ៉ង់។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​រំពឹង និង​ក្តីសង្ឃឹម​ទុក​របស់​ពលរដ្ឋ​អ៊ីរ៉ង់​ហាក់​បន្ត​នៅ​ជា​សុបិន្ត។ លើស​ពី​នេះ និង​តាំង​ពី​ក្រោយ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង រួច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់ ស្ថានភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់​បាន​ធ្លាក់​ដុនដាប​យ៉ាង​ខ្លាំង​រហូត​មាន​អត្រា​អតិផរណា​ដល់​ទៅ ៥០%។ គេ​ចាំ​មិន​ភ្លេច​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ពលរដ្ឋ​អ៊ីរ៉ង់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល តែ​បាន​រង​ការ​វាយបង្រ្កាប​យ៉ាង​បង្ហូរ​ឈាម។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា គឺ​តុល្យការ​របស់​រដ្ឋាភិបាល​ផុតអាណត្តិ​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ខកចិត្ត​ខ្លាំង និង​អាច​ផ្តល់​ជ័យជំនះ​ឲ្យ​ក្រុម​អ្នកអភិរក្សនិយម។

អ៊ីរ៉ង់​កំពុង​បោះ​ជំហាន​ចូល​ផ្លូវ​ប្រវត្តិសាស្រ្ត​ច្រំ​ដែរ?

អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង និង​កំពុង​តាម​មើល គឺ​កំណើន​របស់​ក្រុម​អ្នកអភិរក្សនិយមជ្រុល។ អ៊ីរ៉ង់​នឹង​ធ្លាក់​ក្នុង​ផ្លូវ​ប្រវត្តិសាស្រ្ត​ច្រំ​ដែរ បើ​ក្រុម​អ្នកអភិរក្សនិយមជ្រុល​មាន​អំណាច។ អ៊ីចឹង​ហើយ​បាន​ជា​សូម្បី​តែ​ក្រុម​អ្នកអភិរក្សនិយម​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​គ្រប់​រូប​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​ច្រើន​កុះករ​ដែរ ពិសេស​ពលរដ្ឋ​ដែល​ខកចិត្ត​នឹង​តុល្យការ​របស់​រដ្ឋាភិបាល​ផុតអាណត្តិ។ គេ​នៅ​មិន​ទាន់​ដឹង​ពី​អត្រា​អ្នក​ចូលរួម​បោះឆ្នោត តែ​គ្រប់​គ្នា​បារម្ភ​ពី​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​តិចតួច។

បើ​ក្រុម​អ្នកអភិរក្សនិយមជ្រុល​មាន​សម្លេងភាគច្រើន​នៅ​ក្នុង​សភា អ្វីៗ​នឹង​ចាប់​ផ្តើម​ពី​សូន្យ មាន​ន័យ​ថា ការ​ប្រឈម​មុខ​គ្នា​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក ពិសេស​ជាមួយ​អាមេរិក​នឹង​កើន​ខ្លាំង​ជាង​សព្វថ្ងៃ។ គេ​ត្រូវ​រង់ចាំ​នៅ​ឆ្នាំ ២០២១ ទើប​មាន​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ តែ​បើ​ក្រុម​អ្នកអភិរក្សនិយម​ឈ្នះឆ្នោត​សភា​ពេល​នេះ ប្រធានាធិបតី​សព្វថ្ងៃ​លោក​រ៉ូហានី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រឈម ឬ​សម្រប​ខ្លួន​ជាមួយ​ពួក​អ្នកអភិរក្សនិយម​ទេ។ ពិត​ជា​រឿង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​លោក​រ៉ូហានី​ក្នុង​ការ​បន្ត​ផែនការ​កំណែទម្រង់ និង​នយោបាយ​បើក​ចំហ​ទៅ​កាន់​បស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ