អានតួអត្ថបទ

អារ៉ាប៊ីសាអូឌីត៖ ព្រះអង្គម្ចាស់​៣នាក់ ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រៀប​គម្រោង ប្រឆាំង​​ព្រះអង្គ​ម្ចាស់​​​​រាជ​ទាយាទ

ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ រាជទាយាទរាជវង្សអារ៉ាប៊ីសាអូឌីត។ ថ្ងៃទី ២៣ ខែធ្នូ ២០១៨
ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់ រាជទាយាទរាជវង្សអារ៉ាប៊ីសាអូឌីត។ ថ្ងៃទី ២៣ ខែធ្នូ ២០១៨ Bandar Algaloud/REUTERS

ព្រះអង្គម្ចាស់ក្នុងរាជវង្សអារ៉ាប៊ីសាអូឌីត ចំនួន​៣នាក់ត្រូវបាន​គេចាប់ឃាត់ខ្លួន។ បើផ្អែកតាមប្រភពពី​មន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ទាំង៣នាក់ ត្រូវជាប់សង្ស័យ ថាបានរៀបចំគម្រោង ធ្វើរដ្ឋប្រហារ ប្រឆាំងនឹងព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់។ សម្រាប់អ្នកវិភាគ ការចាប់ខ្លួន​ សមាជិករាជ​វង្ស ដែលមានទំនោរប្រឆាំងនេះ បានបង្ហាញបន្ថែមទៀត អំពីការរិតបន្តឹងអំណាចផ្តាច់ការ របស់ព្រះអង្គម្ចាស់ម៉ូហាម៉េដ បេនសាល់ម៉ាន់។

ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមព្រះអង្គម្ចាស់ទាំង៣នាក់ ដែលត្រូវគេចាប់ខ្លួន គឺមានព្រះអង្គម្ចាស់ Ahmed ben Abdelaziz al-Saoud ដែលត្រូវជាប្អូនប្រុសបង្កើត របស់ព្រះចៅ បេនសាល់ម៉ាន់ និងព្រះអង្គម្ចាស់ Mohammed ben Nayef ដែលត្រូវជាក្មួយប្រុស របស់ព្រះចៅ​បេនសាល់ម៉ាន់។ ប្រតិបត្តិការចាប់ឃាត់ខ្លួន ត្រូវបានគេធ្វើយ៉ាងសំងាត់ កាលពីថ្ងៃសុក្រទី៦មីនា។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ថ្លែងប្រាប់មន្ត្រីទូតប្រទេសលោកខាងលិច មុននឹងបែកធា្លយមកដល់ ប្រភពរបស់បណ្តាញសារព័ត៌មានបារាំង AFP។ យោងតាមប្រភពមួយទៀត ដោយមិនបញ្ចេញឈ្មោះ ព្រះអង្គម្ចាស់ទី៣ គឺឈ្មោះ Nawaf ben Nayef ត្រូវ​ជាប្អូនប្រុសរបស់ព្រះអង្គម្ចាស់ Mohammed ben Nayef។

ព្រះអង្គម្ចាស់ទាំង៣នាក់ ត្រូវជាប់ចោទពីបទឃុបឃិតគ្នា រៀបចំគម្រោងធ្វើរដ្ឋប្រហារ ផ្តួលរំលំព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់។ ប្រភពពីមន្ត្រីទូតប្រទេសបច្ចឹមលោកមួយចំនួន បានអះអាងថា ថាមន្ត្រីក្រសួងមហាផ្ទៃអារ៉ាប៊ីអាអូឌីតមួយចំនួន ព្រមទាំងមេទ័ពមួយចំនួនផង ក៏ត្រូវគេចាប់ខ្លួនដែរ ដោយជាប់សង្ស័យថាបានចូលរួមក្នុងគម្រោងឃុបឃិតនេះ។ កាសែត The Wall Street Journal ដែលបានចុះផ្សាយរឿងនេះមុនគេ បានលើកឡើងថា ព្រះអង្គម្ចាស់ទាំង៣នាក់ អាចប្រឈមនឹងទោសប្រហារជីវិត ឬជាប់គុកមួយជីវិត។ ចំណែកទីតាំងឃុំខ្លួន ស្ថិតនៅក្នុងអាថ៌កំបាំងគ្មាននរណាដឹងទេ។

គួររំលឹកថា ព្រះអង្គម្ចាស់ Ahmed ben Abdelaziz al-Saoud និង ព្រះអង្គម្ចាស់ Mohammed ben Nayef ធ្លាប់ជា​អ្នកដែលមាន​ឈ្មោះ ក្នុងបញ្ជីអាចឡើងស្នងរាជ បន្តពីព្រះចៅបេនសាល់ម៉ាន់ មុននឹងព្រះចៅបេនសាល់ម៉ាន់ សម្រេចតែងតាំងបុត្ររបស់ព្រះអង្គគឺព្រះអង្គម៉ូហាម៉េដ បេនសាល់ម៉ាន់។ សង្រ្គាម​នៅយេម៉េន អំពើ​ឃាតកម្មដ៏សាហាវទៅលើលោក ហ្សាម៉ាល់ ខាស្ហូជី នៅក្នុង​ស្ថានកុងស៊ុលក្នុងក្រុងអ៊ីស្តង់ប៊ូល បូកបន្ថែមនឹង​បញ្ហាសេដ្ឋកិច្ច​ដោយ​តម្លៃ​ប្រេងធ្លាក់ចុះខ្លាំង បានធ្វើ​ឲ្យ​​សមាជិក​រាជវង្ស​ខ្លះ​ ចេញមុខរិះគន់ព្រះអង្គម្ចាស់​រាជទាយាទ។

លោកស្រី Becca Wasser អ្នកវិភាគម្នាក់នៅ RAND Corporation នៅសហរដ្ឋអាមេរិក បានលើកឡើងថា គ្មានអ្វីភ្ញាក់ផ្អើលទេ ដែលព្រះអង្គម៉ូហាម៉េដ បេនសាល់ម៉ាន់ សម្រេចកម្ទេចចោលរាល់​ឧបសគ្គដែលរារាំងដល់ការឡើងសោយរាជ្យរបស់ខ្លួន។ ការចាប់ខ្លួនសមាជិករាជវង្ស​ទាំង៣នាក់នាពេលនេះ គឺជាការក្តាប់អំណាចយ៉ាងណែន មិនឲ្យមានអ្នកប្រឆាំង ព្រមទាំងជាសារផ្ញើទៅកាន់សមាជិករាជវង្សឯទៀត ឲ្យបិទមាត់​សំងំ​ខ្លបខ្លាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ