អានតួអត្ថបទ
អ៊ីរ៉ង់ កូរ៉ូណាវីរុស

កូវីដ១៩៖ អង្គការគ្រូពេទ្យគ្មានព្រំដែន តម្លើង​​ម​ន្ទីរពេទ្យ​បណ្តោះអាសន្ន​ជួយ​អ៊ីរ៉ង់

បុគ្គលិកជំនាញ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ផ្លូវ​រដ្ឋធានី​តេអេរ៉ង់។
បុគ្គលិកជំនាញ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ផ្លូវ​រដ្ឋធានី​តេអេរ៉ង់។ AFP/File

គិតមកត្រឹមថ្ងៃទី២២មីនា យោងតាមតួលេខ​ផ្លូវការ អ៊ីរ៉ង់មានអ្នកឆ្លងមេរោគ​កូវីដ១៩ ចំនួន​ជាង​២១៦០០នាក់ ក្នុងនោះមានស្លាប់ចំនួន​១៦៨៥នាក់។ ប៉ុន្តែ​ យោងតាមអ្នកវិភាគខ្លះ តួលេខនេះ អាចតិចជាងតួលេខពិតជាក់ស្តែង ព្រោះដោយសារ​រដ្ឋាភិបាលអ៊ីរ៉ង់ មានទំលាប់លាក់លៀមការពិត។ ដោយឡែក អង្គការ​គ្រូពេទ្យគ្មានព្រំដែន បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអាទិត្យម្សិលមិញថា ខ្លួន​នឹងបញ្ជូន​ក្រុមគ្រូពេទ្យ ព្រមទាំង​សម្ភារៈចាំបាច់ ដើម្បីសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នមួយ​នៅអ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

សម្ភារៈដើម្បីដាក់តាំង តម្លើងធ្វើជា​មន្ទីរពេទ្យបណ្តោះអាសន្ន ទទួលអ្នកជំងឺបាន៥០នាក់ នឹងត្រូវដឹកទៅក្នុងពេលដ៏ឆាប់ ទៅកាន់ប្រទេស​អ៊ីរ៉ង់។ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) ដែលជាម្ចាស់ចំណាត់ការនេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន​៩នាក់របស់អង្គការ ក៏នឹងធ្វើដំណើរទៅ​ទីក្រុង​អ៊ីស្ប៉ាអង់ ជាទីដែលគេរៀបចំតម្លើង​មន្ទីរពេទ្យបណ្តោះអាសន្ននេះ។ ក្រុមគ្រូពេទ្យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន នឹងធ្វើការសហការជាមួយក្រុមគ្រូពេទ្យអ៊ីរ៉ង់ ក្នុងការជួយស្រោចស្រង់ជីវិតអ្នកជម្ងឺ ផ្ទុកមេរោគកូវីដ១៩។

សូមបញ្ជាក់ថា អ៊ីរ៉ង់ គឺជាប្រទេសលំដាប់ទី៣ ដែលមាន​អ្នកស្លាប់ដោយ​មេរោគកូវីដ១៩ ច្រើនបំផុត បន្ទាប់ពីចិន និងអ៊ីតាលី។ គិតត្រឹមថ្ងៃអាទិត្យទី​២២មីនា នៅអ៊ីរ៉ង់ មានអ្នកឆ្លងកូវីដ១៩ ចំនួន​២១៦២៨នាក់ នេះបើយោងតាម​តួលេខ​​ផ្លូវការ​របស់រដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងនោះមានស្លាប់​១៦៨៥នាក់។

តែយ៉ាងណាអ្នកវិភាគមួយចំនួន​ បានលើកឡើងថា តួលេខនេះអាចទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់។ ក្រុមគណបក្សប្រឆាំងអ៊ីរ៉ង់ នៅក្រៅប្រទេស បានលើកឡើងថា អ្នកស្លាប់អាច​មានចំនួន​លើស​​៨០០០នាក់ នៅអ៊ីរ៉ង់។ លោកស្រី Azadeh Kian អ្នកស្រាវជ្រាវសង្គមវិជ្ជា ជនជាតិបារាំងដើម​កំណើត​អ៊ីរ៉ង់ បានលើកឡើងថា កន្លងមក រដ្ឋាភិបាលអ៊ីរ៉ង់ ធ្វើមិនឲ្យគេទុកចិត្ត ដោយបានលាក់លៀម​ការពិត បំភ័ន្តតួលេខ ជាច្រើនលើក​មកហើយ។ លោក​ស្រី​អះអាងថា យោងតាមប្រភពពីអ្នកធ្វើការ​​នៅមន្ទីរពេទ្យ​នៅអ៊ីរ៉ង់ កាលពីពេលដំបូង អ្នកស្លាប់មួយចំនួនធំដោយ​មេរោគ​​កូវីដ១៩ ត្រូវគេចារថា ស្លាប់ដោយ​មាន​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ មិនមែន​ដាក់ថា​ ដោយ​មេរោគ​កូវីដ​១៩ទេ។

យ៉ាងណាមិញ លោកអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ បាន​ទទួលស្គាល់ថា រដ្ឋាភិបាលបានប្រកាស​និងចាត់វិធានការ​ប្រយុទ្ធនឹងមេរោគកូវីដ១៩នេះ មានភាពយឺតយ៉ាវបន្តិច។ មន្ត្រីរូបនេះបានលើកឡើងថា មេរោគកូវីដ១៩ ​ទំនងជា​បានចូលមកដល់អ៊ីរ៉ង់ នៅរវាងខែមករា តែអាជ្ញាធរបានទទួលស្គាល់ និងប្រកាសព័ត៌មាននៅ​ពាក់កណ្តាលខែ​កុម្ភៈ។

ដោយឡែក អង្គការសុខភាព​ពិភពលោក​ បានលើកឡើងថា ចំនួន​​អ្នកឆ្លង​កូវីដ១៩ ​នៅអ៊ីរ៉ង់ ​អាច​នឹងឡើង​ជាងនេះ​ខ្លាំង បើសិនជាអ៊ីរ៉ង់ អាចមានលទ្ធភាព​ធ្វើតេស្តស្វែងរក ឲ្យបានទូលំទូលាយជាងនេះ។ តែយ៉ាងណា​ក៏ដោយ អ្នក​នាំពាក្យ​​អង្គការ​សុខភាព​ពិភពលោក​បាន​ទទួលស្គាល់ថាសម្រាប់ពេលនេះ អ៊ីរ៉ង់កំពុងព្យាយាមធ្វើការ ទៅតាម​លទ្ធភាព​របស់ខ្លួន បើទោះបី​ជា​មាន​ការ​ខ្វះខាត​សម​្ភារៈ​ចាំបាច់ ​​ខ្លាំងយ៉ាងណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ