អានតួអត្ថបទ

ដោយសារ​ជំងឺ​កូវីដ​១៩ បទឈប់បាញ់ នៅ​ក្នុង​តំបន់ជម្លោះ​ក្នុងពិភពលោក ត្រូវ​បាន​ប្រកាស​ជាបន្តបន្ទាប់

អ្នកយាមពាក់ម៉ាស ខ្លាច​ឆ្លងមេរោគកូរ៉ូណា​នៅមន្ទីរពេទ្យ​ក្នុង​ក្រុង​សាណា​ប្រទេស​យេម៉ែន
អ្នកយាមពាក់ម៉ាស ខ្លាច​ឆ្លងមេរោគកូរ៉ូណា​នៅមន្ទីរពេទ្យ​ក្នុង​ក្រុង​សាណា​ប្រទេស​យេម៉ែន REUTERS - KHALED ABDULLAH

អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ថ្លែង​ស្វាគម ជំហរ​របស់​ក្រុមជម្លោះ​ប្រដាប់​អាវុធ នៅក្នុង​ប្រទេស​មួយ​ចំនួន ដូចជា ស៊ីរី យេម៉ែន​ជាដើម ដែល​បាន​ប្រកាស​ផ្អាក​ប្រយុទ្ធគ្នា​មួយរយៈ ដើម្បី ប្រឈម​ទប់ទល់​នឹង​វិបត្តិ​ជំងឺ​កូវីដ ១៩។ បទឈប់​បាញ់​របស់​ភាគីជម្លោះ នៅបណ្តា​ប្រទេស​កំពុង​មាន​សង្រ្គាមស៊ីវិល នឹង​អាច​ទទួល​ការគាំទ្រ នៅក្នុង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ។ 

ផ្សាយពាណិជ្ជកម្ម

ក្រុមជម្លោះប្រដាប់អាវុធ នៅ​ស៊ីរី យេម៉ែន ហ្វីលីពីន និង​កាមឺរូន​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​ការអំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែរស៍ ដែល​ បាន​អំពាវនាវ កាលពីថ្ងៃ​ចន្ទ ឲ្យ​មាន​បទឈប់បាញ់​ជា​បន្ទាន់ ដើម្បី​ការពារ​ជីវិត​ប្រជាជនស៊ីវិល ពី​ជំងឺ​រាតត្បាត​កូវីដ ១៩ នៅ​ក្នុង​បណ្តា​ប្រទេស​ដែលកំពុង​មាន​សង្រ្គាមស៊ីវិល។

នៅស៊ីរី ជាទី ដែលគេរកឃើញ មាន​ករណី​អ្នកផ្ទុកមេរោគកូរ៉ូណា លើកដំបូង នៅ​ក្នុង​តំបន់​អ៊ីដលិប ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង នៅ​ភាគ​ខាងជើងស៊ីរី ក្រុមប្រឆាំង​គួដស៊ីរី​បាន​ប្រកាស​គាំទ្រ គំនិត​ឲ្យមាន​បទឈប់បាញ់​មួយរយៈ និង​សន្យា​ថា ពួកគេ​នឹង​ព្យាយាម​កាត់បន្ថយ ការប្រឈមមុខ​យោធា ជាមួយ ភាគី​កងទ័ព​រដ្ឋាភិបាល នៅ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺឆ្លងរាតត្បាត​កូវីដ ១៩។

តាមអ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​ស៊ីវិល​ស៊ីរី ប្រមាណ ៤លាននាក់ ដែល​ត្រូវ​ផ្លាស់ទី ដោយសារ​សង្រ្គាមស៊ីវិល នឹង​អាច​ប្រឈម​ខ្លាំង នឹង​ជំងឺរាតត្បាត​កូវីដ ១៩ ដោយសារថា ប្រព័ន្ធ​សុខាភិបាល អគារ​មន្ទីរពេទ្យ រងការបំផ្លាញ ដ៏​ធ្ងន់ធ្ងរ ដោយសារ​សង្រ្គាមស៊ីវិល ដែល​អូសបន្លាយ​ពេល ជាង​៩​ឆ្នាំ​មក​ហើយ។

នៅយេម៉ែន​ឯណោះវិញ ភាគីជម្លោះ​សំខាន់ទាំងពីរ គឺ​កងទ័ព រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី សាអូឌីត និង​ក្រុមឧទ្ទាមហ៊ូទី គាំទ្រ​ដោយ​អ៊ីរ៉ង់ បានប្រកាស​ផ្អាក​ប្រយុទ្ធគ្នា​មួយរយៈ ផងដែរ ដោយសារ​តែ​ជំងឺកូវីដ​១៩។ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំប្រទេស​យេម៉ែន កាលពី​ថ្ងៃ​ម្សិលមិញ បាន​ថ្លែង​សាទរ ជំហរ​បទឈប់បាញ់​របស់​ភាគី​ជម្លោះ ក្នុង​ការប្រឈម​ទប់ទល់​នឹង​កូវីដ ១៩។ តាម​ប្រេសិត របស់​អង្គការ​សហប្រជាជាតិ បទឈប់បាញ់​រវាង​ភាគីជម្លោះ នឹង​អាច​ សម្រួល​បើកផ្លូវ​ឲ្យ​មាន​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ដែល​កំពុង​រងគ្រោះ​រួចទៅហើយ ដោយសារ​ភាពអត់ឃ្លាន និង​ជំងឺអាសន្នរោគ។

រហូតមកដល់ពេលនេះ យេម៉ែន នៅមិនទាន់​មាន​ករណី​អ្នកផ្ទុកមេរោគ​ណាម្នាក់​នៅឡើយទេ។ ប៉ុន្តែ គេ​បារម្ភថា ដូចជា​ប្រទេស​ផ្សេងទៀត ដែលកំពុង​រង​បំផ្លាញ​ញាំញី ដោយសារ​សង្រ្គាម​ស៊ីវិល យេម៉ែន​ ដែល​កំពុង​មាន​វិបត្តិ​មនុស្សធម៌ ខ្វះថ្នាំពេទ្យ ខ្វះ​មន្ទីរពេទ្យ នឹង​អាចជួប​គ្រោះ​អន្តរាយ​បាត់បង់​ជីវិត​មនុស្ស​មួយទៀត ដោយសារ កូវីដ ១៩ ដែល​គ្មាន​ថ្នាំព្យាបាល និង​គ្មានវាក់សាំង។

តាម​មន្រ្តី​របស់អង្គការ​សហប្រជាជាតិ ក្រៅតែពីយេម៉ែន និង​ស៊ីរី ក្រុមប្រដាប់អាវុធ នៅ​ប្រទេស​ពីរផ្សេងទៀត គឺ​ហ្វីលីពីន និង​កាមូរ៉ូន​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​ការអំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​បាន​ប្រកាស​ផ្អាក​ប្រយុទ្ធគ្នា​មួយរយៈ។ ក្រុមឧទ្ទាម​របស់​បក្ស​កម្មុយនិស្ត​ហ្វីលីពីន ដែល​បាន​បើកការប្រយុទ្ធ ចង់​ផ្តួលរដ្ឋាភិបាល​ហ្វីលីពីន​កន្លងមក បាន​ប្រកាស​បទឈប់បាញ់ កាលពី​ថ្ងៃអង្គារ​កន្លងទៅ។ សម្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បទឈប់បាញ់ នឹងក្លាយ​ជា​ឧទាហករណ៍ សម្រាប់​ការដាក់អាវុធ​ចុះ​នៅក្នុង​ពិភពលោក ដើម្បី ប្រមូលមនុស្ស ប្រមូលកម្លាំង ទុកប្រឆាំង​ទប់ទល់​នឹង​ជំងឺកូវីដ ១៩ ដែលកំពុង​រាតត្បាត ខ្លាំងពេញសកលលោក។

តាមមន្រ្តីអង្គការ​សហប្រជាជាតិ ដែលសុំ​មិនបញ្ចេញឈ្មោះ ជំហរ​បទឈប់បាញ់​របស់​ភាគី​ជម្លោះ ខាងលើ នឹង​អាច​ត្រូវ​ដាក់បញ្ចូល​ក្នុង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ