អានតួអត្ថបទ

នៅអ៊ីស្រាអែល​ គ្រូពេទ្យ​​អ៊ីស្លាម​និងជ្វីហ្វ​ ពួតដៃគ្នា​ប្រយុទ្ធ​នឹង​កូវីដ១៩​

ទិដ្ឋភាពគិលានុបដ្ឋាកពីរនាក់ ថ្វាយបង្គំព្រះព្រមគ្នាតែព្រះផ្សេងគ្នា នេះ កើតឡើងនៅសហរដ្ឋអាមេរិក តែនាំឱ្យគេមានការចាប់អារម្មណ៍ជាខ្លាំង នៅអ៊ីស្រាអែល។
ទិដ្ឋភាពគិលានុបដ្ឋាកពីរនាក់ ថ្វាយបង្គំព្រះព្រមគ្នាតែព្រះផ្សេងគ្នា នេះ កើតឡើងនៅសហរដ្ឋអាមេរិក តែនាំឱ្យគេមានការចាប់អារម្មណ៍ជាខ្លាំង នៅអ៊ីស្រាអែល។ MAGEN DAVID ADOM/AFP

នៅ​អ៊ីស្រាអែល  បុគ្គលិកសុខាភិបាល​ កាន់​សាសនា​អ៊ីស្លាម​ និង​ជ្វីហ្វ បាន​សហការគ្នា​ ក្នុង​ជួរមុខ ​ដើម្បីប្រយុទ្ធប្រឆាំង​ការ​រីករាលដាល​នៃ​មេរោគកូរ៉ូណាថ្មី​។​ ក្រុម​បុគ្គលិកសុខាភិបាល​កាន់​សាសនា​អ៊ីស្លាម​ ដែល​ជាជន​ជាតិ​ភាគតិច ​ បាន​ស្នើឱ្យគេគិតគូរ​ពី​វិសមភាព​សង្គម និង​​បញ្ឈប់​ការ​រើស​អើង​ជាតិ​សាសន៍​ ហើយ​បំបាត់​ការ​ស្អប់ខ្ពើម​។​ ចំណែក​នៅក្នុង​វិស័យ​នយោបាយវិញ អ្នកនយោបាយ​ប្រឆាំង​និង​អ្នក​កាន់អំណាច ក៏​បាន​​បែរមុខ​ងាករកគ្នានិង​ជជែកគ្នា ក្នុងគ្រាអាសន្ន​វិបត្តិ​កូវីដ១៩នេះ​ដែរ​។  គួរ​ជ្រាបថា នៅអ៊ីស្រាល គិត​ត្រឹមថ្ងៃអាទិត្យ ទី​២៩មីនា​ មាន​អ្នក​ឆ្លងកូវីដ​១៩ ចំនួន​ជាង​ ៣ ៨០០ នាក់ ហើយ​ស្លាប់​ជាង​១០នាក់។​ 

ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃមកនេះ បណ្តាញ​សង្គម​អ៊ីស្រាអែល​ ល្បីផ្សាយ​ខ្លាំង ពី​បុ​គ្គលិកពេទ្យ​ពីរនាក់ ម្នាក់​កាន់សាសនា​អ៊ីស្លាម ម្នាក់ទៀត ជ្វីហ្វ​។ នៅពេល​ដល់​ម៉ោង​ថ្វាយ​បង្គំ​ព្រះ ម្នាក់​លត់ជង្គង់ ​ក្រាបលើកម្រាលព្រំ បែរក្បាលទៅ​វិហារអ៊ីស្លាម La Mecque ហើយ ម្នាក់ទៀត ឈរ​បន់ស្រន់ ​បែរមុខ​ឆ្ពោះ​ទៅក្រុង​ Jérusalem ។​ ទិដ្ឋភាពគិលានុបដ្ឋាកពីរ​នាក់ ថ្វាយបង្គំព្រះព្រម​គ្នាតែព្រះ​ផ្សេងគ្នា​ នេះ កើតឡើងនៅសហរដ្ឋ​អាមេរិក តែនាំឱ្យគេ​មាន​ការ​ចាប់អារម្មណ៍​​ជាខ្លាំង នៅ​អ៊ីស្រាអែល​។ ​

«យើងគ្មាន​អ្វី​ខុសគ្នាទេ! នៅអ៊ីស្រាអែល​ គ្រូ​ពេទ្យ​ជ្វីហ្វ​និងអ៊ីស្លាម  ធ្វើ​ការ​រួម​គ្នា ប្រកៀកស្មាគ្នា នៅសមរភូមិ​​ជួរមុខជាមួយគ្នា ​ដើម្បីប្រយុទ្ធ​នឹង​កូរ៉ូណាវីរុស​ ហើយ​នឹង​បិទខ្ទប់​​ការរីក​រាលដាលនៃ​​ជំងឺ​ស្អប់​ខ្ពើម»​។ នេះជាប្រសាសន៍​របស់​​លោក Rafi Walden អនុប្រធាន​មន្ទីរពេទ្យ Sheba នៅជិត​ក្រុង​ Tel-Aviv។ ​លោក​បញ្ជាក់ថា  មន្ទីរពេទ្យ Sheba ​​ជាប់ឈ្មោះជាមន្ទីរពេទ្យល្អ​​ប្រសើរ​ នៅក្នុង​ពិភពលោក​  ក៏​ដោយសារតែបុគ្គលិក​ពេទ្យ ធ្វើ​ការ​ចម្រុះគ្នា ទាំង​អ៊ីស្លាម​និងជ្វីហ្វ។ បើ​តាម​​អនុប្រធាន​មន្ទីរពេទ្យដដែល​​, «ក្រុម​បុគ្គលិកផ្នែក​ជួយ​សង្គ្រោះ​ ធ្វើ​ការ​ងារ​រួមគ្នា ​ចម្រុះ​សាសនា​នេះ គឺមាន​តាំង​ពីយូរមកហើយ មិនមែនទើបតែ​មាន​ ​នៅពេល​ផ្ទុះ​មេរោគកូរ៉ូណាថ្មីៗ​នេះទេ។​ ហើ​យប្រសិន​បើ​គ្មាន​ការ​ចូលរួម​ពីក្រុម​គ្រូ​​ពេទ្យ​អ៊ីស្លាម​ទេ​ ម្ល៉េះ​សម​ប្រព័ន្ធសុខាភិបាល​អ៊ីស្រាអែល​រំលំ​ដួល​បាត់ទៅហើយ»។ នេះបើតាម​ការអះអាង​របស់​លោក​ Rafi Walden។

នៅក្នុង​សង្គម​អ៊ីស្រាអែល ប្រជាជន​ភាគតិច​កាន់សាសនា​អ៊ីស្លាម មាន​ប្រមាណ​២០ភាគរយ។ ពួក​គេ​​ជាកូនចៅ​តជំនាន់​របស់​ជនជាតិ​ប៉ាឡេស្ទីន ហើយរស់​លើដី​នេះ តាំងពីមុន​ពេល​ដែល​អ៊ីស្រាអែល​ប្រកាស​បង្កើត​រដ្ឋ​ នៅ​ឆ្នាំ​១៩៤៨ មកម្ល៉េះ។ ពលរដ្ឋ​ក្រុម​អ៊ីស្លាម​នេះ តែងត្រូវ​រងការម៉ាក់ងាយ រើសអើង ហើយ​តំបន់​ដែល​ពួក​គេ​រស់​នៅ ​ក្រីក្រ​ជាង​កន្លែង​ពលរដ្ឋ​​អ៊ីស្រាអែល​ដើមកំណើត​ជ្វីហ្វ។ អាយុ​សង្ឃឹម​រស់​របស់ពួក​គេ តិច​ជាង​ពលរដ្ឋ​ជ្វីហ្វ​បួនឆ្នាំ​ (ការសិក្សាមួយ​របស់មជ្ឈមណ្ឌល​ Taub ឆ្នាំ២០១៧)។​ សូម្បីតែពេល​ផ្ទុះ​កូរ៉ូណា ក៏​ពលរដ្ឋ​អ៊ីស្រាអែល​កាន់សាសនាអ៊ីស្លាម បាន​ទទួល​ការធ្វើ​​តេស្ត​រក​មេរោគ បាន​ចំនួន​តិច​ជាង​ពលរដ្ឋ​​អ៊ីស្រាអែល​ដើមកំណើត​ជ្វីហ្វដែរ។​

ដោយឡែក នៅក្នុង​វិស័យ​នយោបាយ​វិញ ​អ៊ីស្រាអែលជាប់គាំង​នយោបាយជាង១ឆ្នាំមកហើយ​ ​លោក ​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីផុតអាណត្តិ នៅតែបន្តកាន់អំណាច​ ដឹកនាំរដ្ឋាភិបាល​​«ក្នុងគ្រាអាសន្ន​ជាតិ»។ ចំណែក​លោក បេន្នី ហ្កាន់ស៍ មេបក្ស​ប្រឆាំង​ បានសុខចិត្ត​ចូលរួម​ជួយ​គិតគូរ​ដោះស្រាយរឿង​ជាតិ​ ដែល​«ឋិត​ក្នុង​គ្រាអាសន្ន​»។ ពីចុងសប្តាហ៍នេះ អ្នកនយោបាយ​ធំៗទាំងពីរ​ បាន​បោះដៃរកគ្នា ហើយជជែក​គ្នា​បាន«ជឿនលឿនចម្រើន​ទៅមុខ គួរឱ្យកត់សម្គាល់​» ដើម្បីចរចា​បង្កើតរដ្ឋាភិបាល​ចម្រុះ និង​ដើម្បី​រក​វិធី​ទប់​ស្កាត់​កូវីដ​១៩​ នៅអ៊ីស្រាអែល​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ