អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាឡេស្ទីនព្រមានបញ្ឈប់រាល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល

សំឡេង ០៧:៤៧
ប្រមុខដឹកនាំប៉ាឡេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) ​ព្រមាននៅថ្ងៃទី​២០ឧសភាថា បញ្ឈប់រាល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល។
ប្រមុខដឹកនាំប៉ាឡេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) ​ព្រមាននៅថ្ងៃទី​២០ឧសភាថា បញ្ឈប់រាល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល។ REUTERS/Shannon Stapleton

ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​ព្រមាន​បញ្ឈប់​រាល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​អ៊ីស្រាអែល ជុំវិញ​គម្រោង​កាត់​យក​ដែន​ដី​ប៉ាឡេស្ទីន​ទៅ​ដាក់​បញ្ចូល​ជា​ដី​អ៊ីស្រាអែល។  ចំណែក​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខនៃ​​អង្គការ​សហប្រជាជាតិ​ បាន​ព្រមាន​អ៊ីស្រាអែល​ថា គម្រោង​កាត់ដី​ប៉ាឡេស្ទីន​នេះ​គឺ​ជា​ការរំលោភ​ច្បាប់​អន្តរជាតិ ហើយ​ថា អឺរ៉ុប​នឹង​រៀបចំ​ធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​ឆ្លើយតប​ចំពោះ​អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

​គម្រោងកាត់ដីពីសំណាក់​អ៊ីស្រាអែល​កាត់​យក​​យ៉ាង​ណា​ខ្លះ ?

គម្រោង​ការនេះ កើតក្រោយ​​ការ​សម្រុះ​សម្រួល​គ្នាបង្កើត​រដ្ឋាភិបាល​ចម្រុះ​​​រវាងមេបក្សប្រឆាំងអ៊ីស្រាអែល​និងអ្នកកាន់អំណាចចាស់វស្សា លោក នេតាន់យ៉ាហូ ហើយក៏​អនុលោម​ទៅតាម​គម្រោង​សំណើ​«សន្តិភាព»​ដែល​ស្នើឡើង​ជា​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក​។ តាម​គម្រោង ​អ៊ីស្រាអែលកាត់យកដីក្នុងតំបន់ស៊ីហ្សកដានី និងតំបន់វាលទំនាបទន្លេហ្សកដង់ មកធ្វើជារបស់ខ្លួន ​ហើយនឹងត្រូវ​​ចាប់​ផ្តើម​អនុវត្ត ​ពី​ថ្ងៃទី ១​កក្កដា ២០២០​ ខាងមុខ​នេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហូ បញ្ជាក់​ថា«​ល្មមដល់​ពេល​ហើយ»។​

បើ​តាម​ផែន​​ការ  ​អ៊ីស្រាអែល​នឹង​កាត់​យកដីជាច្រើន​ផ្នែក​ ​នៃ​តំបន់​ស៊ីហ្សកដានី ហើយនិង​​ដី​ស្រែចម្ការធ្វើ​ដំណាំកសិកម្ម​​ ព្រមទាំង ​ដីធ្លី​​លំនៅដ្ឋាន​របស់​ពលរដ្ឋជ្វីហ្វ​​អ៊ីស្រាអែល ប្រមាណ​ជា​១៣០ ឱ្យ​មក​ជា​ដែន​ដី​របស់​អ៊ីស្រាអែល​ជាផ្លូវការ​។

ចំពោះ​ប៉ាឡេស្ទីន​និង​សហគមន៍​អន្តរជាតិ, ទង្វើ​អត្តនោម័ត​របស់​អ៊ីស្រាអែល រំលោភ​លើ​ច្បាប់​អន្តរជាតិ និង បំពាន​កិច្ចព្រមព្រៀម​ក្រុង​អូស្លូ ដែល​ធ្វើ​នៅដើម​ទសវត្សរ៍​១៩៩០។  ​សន្តិសញ្ញានោះ​បាន​​បែង​ចែក​ដី​​ស៊ីហ្សកដានី ជាបីផ្នែក គឺ​តំបន់​ អា បេ និងសេ។  នៅ​តំបន់​សេ​នេះ ​បច្ចុប្បន្ន​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អ៊ីស្រាអែល ស្ទើរតែ​៦០ភាគរយ ហើយនិង​មាន​ទំហំដី​​​​ប្រមាណ​ជា​៣០ភាគរយនៃ​​តំបន់​ស៊ីហ្សកដានី ដែល​អ៊ីស្រាអែល​ប្រុងនឹង​កាត់​យក ធ្វើ​ជា​កម្មសិទ្ធ​ដាច់​មុខ​។ ប្រសិន​បើ​អ៊ីស្រាអែល កាត់​យក​ដីនេះ បាន​មែននោះ គឺ​នឹង​ពង្រីង​ព្រំដែន​ដី​ខាង​កើត​របស់​ប្រទេស​ជ្វីហ្វ​មួយ​នេះ ឱ្យ​មាន​ព្រំដែន​ ទៅ​​ជាប់នឹង​​​រាជាណាចក្រ​ហ្សដានី តែម្តង។

ទោះយ៉ាងនេះក្តី​ គេ​ក៏​ត្រូវ​ដឹងដែរថា តំបន់​ស៊ីហ្សកដានី មាន​ជន​ជាតិ​ប៉ាឡេស្ទីន រស់នៅ​​ ដល់ទៅ​ជាង ២,៧លាន​នាក់ ចំណែក​ជនជាតិជ្វីហ្វ​អ៊ីស្រាអែល ​មានតែ​ជាង​៤៥ម៉ឺន​នាក់​តែប៉ុណ្ណោះ​។

តើសហគមន៍អន្តរជាតិ មានជំហរដូចម្តេច​?

ចំពោះ​អង្គការសហប្រជាជាតិ គឺ បាន​សម្តែង​ក្តីព្រួយ​បារម្ភ​បន្ថែមទៀត ពីថ្ងៃទី​២០ឧសភា​។​ តាមរយៈ​អ្នក​តំណាង​នៅ​​អង្គការសហប្រជាជាតិ  ឯកអគ្គរដ្ឋទូត​និងរាជទូត ចំនួន​៥ប្រទេស គឺ ប៊ែលស្ស៊ិក បារាំង អាល្លឺម៉ង់ អេស្តូនី និង​ប៉ូឡូញ បាន​ប្រជុំគ្នា​តាម​វីដេអូ Conférence និង​បាន​ដាស់តឿនក្រើន​​រម្លឹក​ប្រាប់​អ៊ីស្រាអែល ថាកំពុងតែ​​រំលោភ​ច្បាប់​អន្តរជាតិ​ និង​ស្នើឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ជាបន្ទាន់ ​គម្រោង​ការកាត់​យកដី​​ជាឯកតោភាគីបែប​នេះ។

«សហភាព​អឺរ៉ុប ចង់ចាត់វិធានការ រួមគ្នាលើគម្រោងរបស់ អ៊ីស្រាអែល»

ភាគី​អន្តរជាតិផ្សេងទៀត​ ពិសេស​សហភាព​អឺរ៉ុប គឺ​រដ្ឋ​សមាជិក​ចំនួន​២៥ ក្នុង​ចំណោម​២៧ប្រទេស បាន​ថ្កោលទោស​អ៊ីស្រាអែលជាខ្លាំង​។ មិនតែប៉ុណ្ណោះ ប្រមុខ​ការ​ទូត​បារាំង លោក Jean-Yves Le Drian ពីថ្ងៃ​២០ឧសភា បាន​ព្រមាន​ចាត់​វិធានការ​រួម ចំពោះ​អ៊ីស្រាអែល​ទៀត​ផង។ វិធានការ​រួម​នេះ គេនៅ​មិន​ទាន់​ដឹង​ថា ជាអ្វី​ឱ្យ​ប្រាកដនោះទេ តែ​រដ្ឋមន្ត្រី​ការបរទេ​សបារាំង បញ្ជាក់ថា កំពុង​ពិភាក្សា​ជាមួយ​ភាគីពាក់ព័ន្ធ​​ជាច្រើន​ផ្សេងទៀត។

ក៏ប៉ុន្តែ ​រដ្ឋមន្ត្រីការបរទេសលុចហ្សំបួរវិញ លោក Jean Asselborn កាលពីថ្ងៃ១៩ឧសភា បានលើកឡើង​សង្កត់ធ្ងន់ថា  «បើសិនជា អ៊ីស្រាអែល នៅតែរឹងរូសកាត់យកដីប៉ាឡេស្ទីនមកធ្វើជារបស់ខ្លួននោះ គឺវាមិនខុសពីការដែលរុស្ស៊ីចូលទៅទន្ទ្រានប្លន់យកតំបន់គ្រីម៉េពីអ៊ុយក្រែននោះទេ»។

កាលពីពេល​ដែល​ រុស្ស៊ី ដាក់​ដីគ្រីម៉េ ចូល​ជាឧបសម្ព័ន្ធ​រុស្ស៊ីវិញ នៅឆ្នាំ​២០១៤ គឺ រុស្ស៊ី​ ​ត្រូវ​សហភាព​អឺរ៉ុប​ ដាក់​ទណ្ឌកម្មធ្ងន់ធ្ងរ​ ជា​​ច្រើន​ ទាំង​សេដ្ឋកិច្ចនិង​នយោបាយ ​ ​រហូត​មកទល់​នឹង​ពេលនេះ។ ដូច្នេះ ប្រសិន​បើ​ អ៊ីស្រាអែល ហ៊ាន​ខ្លាំងដៃ​បន្តិច​ទៀត​ ទំនង​ជាអាច​ត្រូវ​ព្រនង​ទណ្ឌកម្ម​របស់ ​សហភាព​អឺរ៉ុប ក៏អាច​ថាបាន។​

ប៉ាឡេស្ទីន អាចធ្វើអ្វីបានខ្លះ ចំពោះសកម្មភាពយ៉ាងគឃ្លើន​របស់​អ៊ីស្រាអែល?

ប៉ាឡេស្ទីន ខឹងខ្លាំងណាស់នៅពេល​នេះ ប្រមុខដឹកនាំប៉ាឡេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) ​ព្រមាននៅថ្ងៃទី​២០ឧសភាថា បញ្ឈប់រាល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអ៊ីស្រាអែល ជុំវិញគម្រោងកាត់យកដែនដីប៉ាឡេស្ទីនទៅដាក់បញ្ចូលជាដីអ៊ីស្រាអែល។

ផ្ទុយទៅវិញ​ ​អាជ្ញាធរជាន់ខ្ពស់​ប៉ាឡេស្ទីន លោក Mahmoud al-Aloul ​បានអះអាង​​នៅថ្ងៃព្រហស្បត្តិ៍​ ទី​២១ឧសភា ថា កិច្ចសហការជាមួយ​​ភ្នាក់ងារ​សន្តិសុខអ៊ីស្រាអែល បាន​ដាច់​ថ្ងៃតាំងតែពីល្ងាចថ្ងៃ​ពុធ​មកហើយ។​  មិនតែប៉ុណ្ណោះ ប៉ាឡេស្ទីន ក៏បាន​ផ្តាច់កិច្ចសហការ​​ជាមួយ​សហរដ្ឋអាមេរិក​ដែរ។ សហរដ្ឋអាមេរិក​ដែល​នៅ​ពីក្រោយ​ខ្នង ជួយ​គាំទ្រ​អ៊ីស្រាអែល និងជាអ្នក​គូសវាស​ប្លង់​នៃគម្រោង​កាត់​យក​ដីស៊ីហ្សកដានី​នេះតែម្តង។

គម្រោង​ស្នើ​របស់​សហរដ្ឋ​អាមេរិក គឺ​ព្រម​ឱ្យ​ ប៉ាឡេស្ទីន បង្កើត​រដ្ឋ​ឯករាជ្យ តែអាមេរិក​ទទួល​ស្គាល់​ Jérusalem ថា​ជា​រដ្ឋធានីផ្តាច់​មុខរបស់​​អ៊ីស្រាអែល កាលពីខែមករា ដើមឆ្នាំនេះ ហើយ​ ប៉ាឡេស្ទីន អាច​ដាក់​តាំង​រដ្ឋ​ធានី ត្រឹមតែ​ជាយៗ​ក្រុង Jérusalem ប៉ុណ្ណោះ បើ ​ប៉ាឡេស្ទីន ចង់បាន​។ សំណើ​បែបនេះ គឺ ប៉ាឡេស្ទីន យល់ថា អយុត្តិធម៌ណាស់​ និងបាន​ទាត់ចោល​ជាយូរច្រើន​ខែ​មកហើយ។​​

បើ​តាម​អ្នក​វិភាគ​ស្ថានការណ៍​ជាច្រើន, ជំហរនៃការ​ផ្តាច់​ទំនាក់ទំនង​ រាប់ទាំង​កិច្ចសហការ​ផ្នែក​សន្តិសុខ ពី​សំណាក់​អាជ្ញាធរ​ប៉ាឡេស្ទីន នៅពេល​នេះ គឺ​អាច​នឹង​បង្ក​ការ​ប៉ះទង្គិច​គ្នា​ និងអាច​កើត​ហិង្សា​បង្ហូរឈាម​ ព្រមទាំង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្សនៅក្នុង​តំបន់​ស៊ីហ្សកដានី​ទៀត​ផង ។

ចំពោះ​មុខ​ស្ថានការណ៍តានតឹង, ប៉ាឡេស្ទីន ក៏​ប្រឹងពឺត​​ធ្វើយុទ្ធនាការ​ការ​ទូត នៅ​លើ​ឆាកអន្តរជាតិ និង​នៅ​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​ខំ​បបួល​បង្កូក​ប្រកាស​ឱ្យ​​ប្រទេស​សមាជិក​សម្ព័ន្ធ​អារ៉ាប់ មានបែប​យ៉ាង​ អារ៉ាប់​ប៊ីសាអូឌីត ជាដើម​ ឱ្យ​មកជួយ​គិតគូរ ​ជួយ​ដោះស្រាយ ព្រមទាំងកៀងគរ​ប្រទេស​អារ៉ាប់ដែលជា​សត្រូវ​របស់ ​អ៊ីស្រាអែល​ ឱ្យ​ជួយ​ពួតដៃគ្នា​ឆ្លើយ​តប​​ចំពោះសត្រូវរួម គឺ​​អ៊ីស្រាអែល។​ មិន​តែប៉ុណ្ណោះ អាជ្ញាធរ​ប៉ាឡេស្ទីន ថែមទាំង​បាន​និយាយថា គេ​បាន​បបួល​ រុស្ស៊ី របស់​លោក វ្ល៉ា​ឌីមៀរ ពូទីន ឱ្យ​ជួយ​គិតគូរ​រឿង​នេះដែរ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ