អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​តម្លៃ​ប្រេង​ធ្លាក់ចុះ​បែរជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អឺរ៉ុប?

សំឡេង ០៣:៤០
ធនាគារកណ្តាល​អឺរ៉ុប​បានកាត់បន្ថយ​អត្រាការប្រាក់ ព្រមទាំង​បញ្ចេញ​សាច់ប្រាក់​ជាច្រើន​មក​ក្នុង​ទីផ្សារ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច
ធនាគារកណ្តាល​អឺរ៉ុប​បានកាត់បន្ថយ​អត្រាការប្រាក់ ព្រមទាំង​បញ្ចេញ​សាច់ប្រាក់​ជាច្រើន​មក​ក្នុង​ទីផ្សារ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច REUTERS/Lee Jae-Won/Files

កាលពីថ្ងៃ​ចន្ទ ការិយាល័យស្ថិតិអឺរ៉ុប​បាន​ចេញផ្សាយ​នូវ​តួលេខ​មួយ ដែល​បង្ហាញ​ឲ្យឃើញ អំពី​ដំណើរវិវឌ្ឍ​ដ៏​គួរ​ឲ្យ​បារម្ភ នៃ​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។ អ្ន​កវិភាគជាច្រើន​យល់​ថា ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងឆៅ គឺ​ជា​កត្តា​ដ៏ចម្បងមួយ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ត្រូវ​ប្រឈមមុខ​នឹង​​បញ្ហា​សេដ្ឋកិច្ច​​​នៅពេលនេះ។ តើ​ហេតុអ្វី​បានជាការ​ធ្លាក់​ចុះនៃ​តម្លៃប្រេង​បែរជា​បង្ក​ផលប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​បែបនេះ​ទៅវិញ?

ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ្នក​ប្រើប្រាស់​ប្រេង និង​ផលិតផល​ដែល​ធ្វើ​ពីប្រេង ឬ​ដែល​ប្រើ​ប្រេង ការធ្លាក់ចុះ​នៃ​តម្លៃប្រេងឆៅ គឺ​ជា​ដំណឹងល្អមួយ​។ ក៏ប៉ុន្តែ សម្រាប់​សេដ្ឋកិច្ច​ជាតិវិញ វា​មិនប្រាកដ​ថា​ជា​ចំណុចល្អ​នោះទេ។ នេះ​ជា​អ្វី ដែល​កំពុងតែ​កើតឡើង នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។

នៅ​ក្នុងតំបន់​ចាយលុយ​អឺរ៉ូ តម្លៃប្រេង និង​តម្លៃ​ថាមពល​ដែល​ផលិត​ដោយ​ប្រេង​បាន​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ៨% នៅ​ក្នុង​ខែកុម្ភៈ​នេះ ហើយ​ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេងនេះ​​ក៏​​បាន​ទាញ​តម្លៃ​ទំនិញ​ជាច្រើន​ផ្សេងទៀត​ឲ្យ​ធ្លាក់​ចុះ​​ទៅតាម​នោះដែរ។ ជាលទ្ធផល ​បើ​យោងតាម​តួលេខ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​អឺរ៉ុប ហៅកាត់​ថា Eurostat នៅ​ក្នុងខែ​កុម្ភៈកន្លងទៅនេះ តម្លៃទំនិញ​ទូទៅ​គិតជា​មធ្យម​នៅ​ក្នុង​តំបន់ចាយលុយ​អឺរ៉ូ (ដែល​មាន​​សមាជិក​ចំនួន ១៩​ប្រទេស) បាន​ធ្លាក់​ចុះ​រហូតដល់​ទៅ ០,២% ដែល​នេះ​គឺ​ជា​លើកទី១ ចាប់តាំង​ពី​ខែ​កញ្ញា ឆ្នាំ​ទៅមិញ។

បើ​ស្តាប់​មើល​ទៅ តម្លៃទំនិញ​ធ្លាក់​ចុះ​គួរ​តែ​ជា​ដំណឹង​ល្អ ជាពិសេស សម្រាប់​អ្នក​​ទិញ​។ ក៏ប៉ុន្តែ តាមការពិត ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទំនិញ​ជាទូទៅ អាច​នឹង​បង្ក​គ្រោះថ្នាក់​ទៅដល់​​​សេដ្ឋកិច្ច​ជាតិ​​ទាំងមូល រួម​ទាំង​អ្នក​ទិញ​ទំនិញ​ផង​ដែរ គឺ​បញ្ហា​ដែល​គេ​ហៅ​ថា “វិបត្តិ​បរិត្តផរណា”។ តើ​វិបត្តិ​នេះ​មាន​យន្តការ​បែបណា?

បើ​និយាយ​ឲ្យ​សាមញ្ញ​ងាយយល់ នៅ​ពេល​ដែល​តម្លៃ​ទំនិញ​ជាទូទៅ​​ធ្លាក់ចុះ ហើយ​បន្ត​ធ្លាក់ចុះ​ជាលំដាប់ អ្នក​ទិញ​នាំគ្នា​ផ្អាក​ទិញ​ទំនិញ ដោយ​ចេះតែ​នាំ​គ្នាគិត​ថា ​ចាំ​ទំនិញ​​ធ្លាក់ចុះ​​កាន់តែ​ទាបជាងនេះ​​ចាំ​ទិញ​ទើប​ចំណេញ។ នៅ​ពេល​ដែល​គ្រប់​គ្នា​គិតបែបនេះ ទំនិញ​នៅ​លើ​ទីផ្សារ​​ត្រូវ​សល់​លក់​មិនដាច់ ហើយ​អ្នក​លក់​​ត្រូវ​បង្ខំ​ចិត្ត​បញ្ចុះ​តម្លៃ​បន្ថែម​ទៀត។

នៅ​ពេល​ដែល​តម្លៃ​ទំនិញ​កាន់តែ​ធ្លាក់ចុះ អ្នក​លក់​ត្រូវ​​បាត់បង់​ចំណូល​កាន់តែ​ច្រើន រោងចក្រ​ផលិត​ទំនិញ​ក៏​បាត់បង់ចំណូល ហើយ​​ត្រូវ​​បង្ខំ​ចិត្ត​កាត់បន្ថយ​បុគ្គលិក ឬ​ក៏​អាច​ឈាន​ទៅ​ដល់​បិទ​រោងចក្រ​តែម្តង​ក៏មាន។ នៅ​ពេល​នោះ ​វិបត្តិ​អ្នក​អត់ការងារ​ធ្វើ​នឹង​កើត​មាន​ឡើង។ នៅ​ពេល​នោះ​ហើយ​ ដែល​បញ្ហា​បរិត្តផរណា​នឹង​ជះ​ឥទ្ធិពល​​អាក្រក់​ ចំពោះ​សេដ្ឋកិច្ច​ជាតិជាទូទៅ។ អ្នក​​ទិញ​ទំនិញ ដែល​ពីដំបូង គិតថា​ ខ្លួន​គួរ​តែ​ជា​អ្នក​ទទួល​ផល​​ចំណេញ​ពី​​ការ​ធ្លាក់ថ្លៃ​ទំនិញ​នោះ ក៏​នឹង​ត្រូវ​ក្លាយ​ជា​ជនរងគ្រោះ​វិញ​ដែរ ដោយ​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អត់ការងារធ្វើ ហើយ​ត្រូវ​បាត់បង់​​ប្រាក់ចំណូល។ ដល់ពេលនោះ បើ​ទោះជា​​ទំនិញ​មាន​តម្លៃ​ថោក​ប៉ុណ្ណា​ក៏ដោយ បើ​គ្មាន​លុយ​ទិញទេ​នោះ​ ក៏​វា​គ្មាន​ប្រយោជន៍​អ្វី​នោះដែរ!

វិបត្តិ​បែបនេះ គេ​ធ្លាប់​ឃើញ​កើតមាន​​ជាច្រើន​លើក​ណាស់​មក​ហើយ កាលពីពេល​កន្លងទៅ ដូចជា នៅ​ក្រោយ​​វិបត្តិសេដ្ឋកិច្ច​ពិភព​​លោក​ក្នុង​ទសវត្សរ៍​​ទី៣០ និង​ជាពិសេស គឺ​នៅប្រទេស​ជប៉ុន ដែលត្រូវ​ជួប​នឹង​វិបត្តិ​បរិត្តផរណា​ តាំង​​ពីទសវត្សរ៍​ទី៩០​ងើបខ្លួន​មិនរួច​រហូតមកទល់​នឹងសព្វថ្ងៃ។

ចាប់តាំង​ពី​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០០៨​មក ​បញ្ហា​បរិត្តផរណា​ កំពុងតែ​ជាក្តីបារម្ភ​ដ៏ធំមួយ សម្រាប់​​​តំបន់​ចាយលុយ​អឺរ៉ូ។ ហេតុដូច្នេះ​ហើយ​បានជា​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ចាត់វិធានការ​ជាច្រើន រួមមាន​ការ​បញ្ចុះ​អត្រាការប្រាក់ និង​ការ​បញ្ចេញ​សាច់ប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​ទៅក្នុង​ទីផ្សារ ក្នុងគោលដៅ​ធ្វើយ៉ាងណា ជំរុញ​អត្រា​អតិផរណា​ប្រចាំឆ្នាំ​​ឲ្យ​កើនឡើង​នៅ​ក្នុង​រង្វង់​២% ដោយសារ​តែ​អ្នក​សេដ្ឋកិច្ច​ជាទូទៅ​យល់ថា ទាល់តែ​មាន​អតិផរណា​ប្រចាំឆ្នាំ​ក្នុងរង្វង់ ២% ទើប​សេដ្ឋកិច្ច​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​អាច​មាន​កំណើន​គ្រប់គ្រាន់ ក្នុងការ​បង្កើតការងារ​ដល់​ប្រជាជន ហើយ​អាច​ដោះស្រាយ​វិបត្តិ​អ្នក​អត់ការងារធ្វើ​បាន។

គេ​នៅចាំបានថា កាលពីដើមខែ​កុម្ភៈ​នេះ លោក​ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) អគ្គទេសាភិបាល​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ធ្លាប់​បាន​អះអាង​ថា នយោបាយ​ដែល​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ដាក់ចេញ​កន្លងមក កំពុងតែ​ផ្តល់​មកវិញ​នូវ​លទ្ធ​ផល​ជាវិជ្ជមាន។ ក៏ប៉ុន្តែ អត្រា​អតិផរណា​អវិជ្ជមាន -០,២% ដែល​មាន​នៅក្នុង​តួលេខ​របស់ Eurostat កាល​ពីថ្ងៃ​ចន្ទ​នេះ វា​បង្ហាញ​ផ្ទុយ​ពីនេះ​ទៅវិញ ហើយ​នេះ​​ប្រាកដ​​ជា​នឹងក្លាយ​ជា​​សម្ពាធ​ដ៏ធំមួយ​ដល់​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប ដែល​គ្រោង​នឹង​ជួប​ប្រជុំគ្នា នៅថ្ងៃ​ទី១០ ខែ​មីនា​ខាងមុខនេះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ