អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

សំឡេង ០៥:៣៤
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោកមូន ចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោកមូន ចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ Sakchai Lalit/Pool via REUTERS

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលដៅយ៉ាងមុតស្រួច ដើម្បីស្រូបយកអ្នកវិនិយោគកូរ៉េខាងត្បូង ឲ្យទៅរកស៊ីនៅក្នុងស្រុកឲ្យបានច្រើន ដើម្បីបំប៉នដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ដោយឡែក ដោយសារតែចំនួននៃការចូលមកវិនិយោគរបស់កូរ៉េ នៅតែមិនច្រើនដូចការរំពឹងទុក រដ្ឋាភិបាលថៃបានខិតខំបង្កើតជាគម្រោងការ សំខាន់ៗមួយចំនួន ដើម្បីអាចទាក់ទាញអ្នកវិនិយោគកូរ៉េខាងត្បូង ឲ្យងាកទៅបោះទុនរកស៊ីនៅក្នុងប្រទេស ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ ហេតុអ្វីបានជាថៃ ចង់បានកូរ៉េខាងត្បូង ជាដៃគូជំនួញខ្លាំងម្ល៉េះ? ហើយថាតើ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានដាក់ចេញនូវគម្រោងផែនការអ្វីខ្លះ ដើម្បីទាក់ទាញវិនិយោគិនកូរ៉េខាងត្បូងឲ្យទៅរកស៊ីក្នុងស្រុកថៃ?

ផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំទៅមិញ រដ្ឋាភិបាលថៃធ្លាប់បាននិយាយទាំងភ្ញាក់ផ្អើលផង នៅពេលដែលដឹងថា ចំនួននៃការវិនិយោគរបស់កូរ៉េខាងត្បូងនៅក្នុងប្រទេស មានចំនួនតិចតួចស្តួចស្តើងខ្លាំង។ ចាប់តាំងពីពេលនោះមក ថៃបានព្យាយាមយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគិនកូរ៉េខាងត្បូង។

ជាក់ស្តែង នៅដើមសប្តាហ៍នេះ ក្រៅតែពីបានប្រកាសស្វាគមន៍ការវិនិយោគរបស់កូរ៉េខាងត្បូងហើយ រដ្ឋាភិបាលថៃ ក៏បានបង្ហាញឆន្ទៈ គាំទ្រនិងជួយសម្រួលដល់វិនិយោគិនកូរ៉េខាងត្បូងទាំងអស់។ បន្ថែមពីលើនេះ រដ្ឋអំណាចថៃ ថែមទាំងបញ្ជាឲ្យបង្កើតជាក្រុមប្រឹក្សាវិនិយោគ និងភ្នាក់ងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជាជំនួយដល់ក្រុមហ៊ុន ក៏ដូចជាវិនិយោគិនកូរ៉េ ដែលចង់រកស៊ីនៅថៃ។

ជាការពិត រដ្ឋាភិបាលថៃ ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា ខិតខំស្រូបយកការវិនិយោគខ្លាំងបែបនេះ ត្រូវគេដឹងថា គឺស្របទៅតាមការដាក់ចេញនូវផែនការថ្មីរបស់រដ្ឋ។ ជាគម្រោងផែនការ កែប្រែមុខមាត់ប្រទេស តាមរយៈគំនិតផ្តួចផ្តើមថ្មីមួយដែលមានឈ្មោះថា “ចក្ខុវិស័យប្រទេសថៃ៤.០”។​ វាជាចក្ខុវិស័យ ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចថៃ ដែលធ្លាប់តែជាប្រទេសដែលមានសេដ្ឋកិច្ចអាស្រ័យលើវិស័យកសិកម្ម ឲ្យក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើប្រព័ន្ធឌីជីថលវិញ។

សម្រាប់ថៃ ថៃពិតជាដឹងច្បាស់ហើយថា មិនអាចសម្រេចមហិច្ឆតានេះ ដោយឯកឯងបានោះទេ ហើយដើម្បីសម្រេចគោលបំណងខាងលើនេះបាន ថៃត្រូវការ ការវិនិយោគពីប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ហើយកូរ៉េខាងត្បូង គឺជាប្រទេសដែលស្ថិតនៅក្នុងជម្រើសរបស់ថៃ។ ពីខាងភាគីកូរ៉េខាងត្បូងវិញ កូរ៉េក៏បានបង្ហាញពីចំណាប់អារម្មណ៍ ចង់វិនិយោគលើផ្នែកនេះជាមួយនឹងថៃវិញដែរ។

ជាក់ស្តែង កាលពីថ្ងៃអង្គារទី៣ កញ្ញា ពេលទៅជួបពិភាក្សា ជាមួយ លោកប្រាយុទ្ធ ចាន់អូចា ក្នុងវេទិកាធុរកិច្ចថៃ-កូរ៉េ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន បានពាំនាំទៅជាមួយលោកផងដែរនូវ អ្នកវិនិយោគ បូករួមទាំងតំណាងក្រុមហ៊ុនឯកជនកូរ៉េចំនួនជាង ៥០០។

មិនតែប៉ុណ្ណោះ នៅមួយថ្ងៃមុនវេទិកាធុរកិច្ចថៃ-កូរ៉េ តាមរយៈកិច្ចប្រជុំដោយឡែកមួយផ្សេងទៀត លោកមូន ចែអ៊ីន បានសន្យារួមគ្នានឹងប្រមុខដឹកនាំថៃ ថានឹងពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រនឹងគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងថ្នាក់តំបន់រវាងគ្នាផងដែរ។

ស្របពេលជាមួយគ្នានេះ លោកប្រាយុទ្ធ បានលើកឡើងដោយសុទិដ្ឋិនិយមដែរថា នេះ គឺជាពេលវេលាដ៏ល្អបំផុតមួយ សម្រាប់ប្រទេសថៃ និងកូរ៉េខាងត្បូង ក្នុងការរឹតចំណងមិត្តភាព និងការក្លាយជាដៃគូពាណិជ្ជកម្មល្អនឹងគ្នា។

លោកប្រាយុទ្ធ ថាកូរ៉េខាងត្បូង ធ្លាប់មានបទពិសោធន៍ផ្លាស់ប្តូរប្រទេសឲ្យមានសេដ្ឋកិច្ចរីកចម្រើន ដូច្នោះហើយលោកសង្ឃឹមថាប្រទេសថៃអាចរៀនសូត្របទពិសោធន៍ល្អនេះ ពីកូរ៉េបាន តាមរយៈការធ្វើមុខជំនួញផ្នែកបច្ចេកវិទ្យារួមគ្នា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។

មួយវិញទៀត បើតាមការចុះផ្សាយរបស់កាសែត Bangkok Post ដដែល ក្រៅតែពីគម្រោងកែប្រែរចនាសម្ព័ន្ធវិស័យសេដ្ឋកិច្ចជាតិដោយប្រព័ន្ធឌីជីថល រដ្ឋថៃ ក៏បានបង្កើតចេញជាគម្រោងមួយផ្សេងទៀតមាន​ឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេស ហៅកាត់ជាភាសាអង់គ្លេសថា (EEC)។ តាមរយៈគម្រោងនេះ ថៃចង់អភិវឌ្ឍ បណ្តាខេត្តនៅភាគខាងកើតរបស់ប្រទេស ឲ្យក្លាយទៅជាតំបន់ដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់អាស៊ាន។

គម្រោងនេះ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់វិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើបៗ និងច្នៃប្រឌិតមានដូចជា ផ្នែកជីវគីមី គីមីឥន្ធនៈ មនុស្សយន្ត អាកាសចរណ៍ ហើយនិងរថយន្តអគ្គិសនីជាដើម។ ទាំងនេះ គឺអ្វីដែលរដ្ឋអំណាចថៃ ប្រមើលឃើញ ថាអាចស្រូបយកការវិនិយោគពីក្រុមហ៊ុនកូរ៉េខាងត្បូងបាន។

ជាក់ស្តែង ប្រមុខរដ្ឋាភិបាលថៃ លោកប្រាយុទ្ធចាន់ អូចា បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូង អាចបណ្តាក់ទុនបានក្នុងវិស័យបច្ចេកវិទ្យាមួយចំនួន ក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេសរបស់ថៃ។

ជាមួយគ្នានេះ តាមរយៈការអះអាងដែលមានចុះផ្សាយក្នុងកាសែត Bangkok Post កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ២០១៩ លោកប្រយុទ្ធ បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមកបោះទុនរកស៊ី លើផ្នែកបច្ចេកវិទ្យា នៅក្នុងខេត្តភាគខាងកើតនៃប្រទេសថៃ នឹងបង្កើតឱកាសល្អ។ ជាឱកាសដែលពួកគេ អាចប្រើប្រាស់ប្រទេសថៃ ដើម្បីជាយានឆ្ពោះទៅពង្រីកការរកស៊ីរបស់ពួកគេ ទៅកាន់ប្រទេសប្រទេសផ្សេងៗទៀត នៅក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់អាចសន្និដ្ឋាននៅឡើយទេ ថាតើថៃ អាចសម្រេចនូវ គោលបំណងរបស់ខ្លួនទាំងពីរបានឬអត់។ ទី១ គឺ ការកែប្រែសេដ្ឋកិច្ចថៃ ឲ្យក្លាយជាសេដ្ឋមួយដែលពឹងផ្អែកលើវិស័យឌីជីថល និងទី២ ធ្វើឲ្យបណ្តាខេត្តនៅភាគខាងកើតរបស់ប្រទេស ក្លាយទៅជាតំបន់ដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់អាស៊ាន។

តែទោះជាយ៉ាងណាក្តី គេគិតថា ក្តីសង្ឃឹមរបស់ថៃអាចលេចចេញជារូបរាងឡើង ពីព្រោះថានៅខណៈនេះ កូរ៉េខាងត្បូង ហាក់បង្ហាញនូវសញ្ញាភ្លើងខៀវ ក្នុងការចូលទៅវិនិយោគក្នុងស្រុកថៃ។

ជាក់ស្តែង ថ្មីៗនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចែអ៊ីន បាននិយាយថាកូរ៉េខាងត្បូងនិងថៃ មានឱកាសច្រើន ក្នុងការក្លាយជាដៃគូពាណិជ្ជកម្មនឹងគ្នា។ ជាមួយគ្នានេះ លោកបានបន្ថែមថា នៅក្នុងដៃរបស់កូរ៉េខាងត្បូង មានអ្វីដែលប្រទេសថៃត្រូវការ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដែលក្នុងនោះរួមមាន បច្ចេកវិទ្យាផលិតរថយន្តឆ្លាតវៃ ថាមពល និងបច្ចេកវិទ្យាឌីជីថលជាដើម៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ