អានតួអត្ថបទ
កម្ពុជា-អាស៊ាន

កូរ៉ូណាវីរុស៖ នាយករដ្ឋមន្ត្រី​ថា​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មក​វិញ​!

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្វាគមន៍អ្នកដំណើរលើនាវា Westerdam កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅផែក្រុងព្រះសីហនុ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្វាគមន៍អ្នកដំណើរលើនាវា Westerdam កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅផែក្រុងព្រះសីហនុ REUTERS/Soe Zeya Tun

ពេល​នេះ​អ្វីៗ​ច្បាស់​លាស់​ហើយ ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មក​វិញ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នា ព្រឹកថ្ងៃទី​២២ ខែ​កុម្ភៈ​នេះ បន្ទាប់​ពី​ម៉ាឡេស៊ី​អះអាង​ថា​ស្ត្រី​ជនជាតិ​អាមេរិចកាំង​ម្នាក់ ដែល​ធ្លាប់​រក​ឃើញ​ថា​មាន​ផ្ទុក​កូរ៉ូណាវីរុស ឬCOVID-19 ពេល​នេះ​លែង​មាន​មេរោគ​នេះ​ហើយ​។

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន តាម​រយៈទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​កុម្ភៈ បាន​សរសេរ​ថា ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​បរទេស​ខ្លះ ​លើ​ការ​ពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ ដែល​ជិះ​លើ​នាវា Westerdam បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ទង្វើ​មនុស្ស​ធម៌របស់​ខ្លួនអស់​រយៈពេល​ជិត​មួយ​សប្តាហ៍។ លោក​ហ៊ុន សែន បន្តថា ទេវតា​ពិត​ជា​មាន​ភ្នែក ពេល​នេះ​អ្វីៗ​ច្បាស់​លាស់​ហើយ​ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មក​វិញ​។ មិន​មាន​មនុស្ស​ណា​ម្នាក់​ ដែល​ជិះ​លើ​នាវា​ខ្នាត​យក្ស Westerdam ឆ្លង COVID-19 នោះ​ទេ។​ នេះបើតាមការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី

កាល​ពីថ្ងៃទី​២១​ ខែ​កុម្ភៈ សារព័ត៌មាន The Straits Times បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​ឧបនាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ស្រី Wan Azizah ថា ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​អាយុ​៨៣​ឆ្នាំ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Sungai Buloh នា​ពេល​នេះ​មិន​មាន​មេរោគ​កូរ៉ូណា​វីរុស​ទៀត​ទេ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់​។

ភ្លាមៗ​បន្ទាប់​ពី​ការ​ប្រកាស​របស់​ម៉ាឡេស៊ី ក្រសួងសុខាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតីនៃ​លទ្ធផល ដែល​បាន​ប្រកាស​ជា​បន្ត​បន្ទាប់ ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​ភ័ន្ត​ច្រឡំ ​សម្រាប់​អ្នក​ដំណើរ​តាម​នាវា Westerdam ទាំង​អស់ ហើយ​ក៏​បង្ក​ឲ្យ​មាន​ការ​រើសអើង ធ្វើ​ឲ្យ​អ្នក​ដំណើរ ដែល​មិន​មាន​ផ្ទុក​នូវ​វីរុស COVID-19 នោះ​មាន​ការ​ខកខាន​ជា​ច្រើន​ថ្ងៃ​ក្នុង​ការ​បន្ត​ជើង​ហោះ​ហើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​។

សូម​រំលឹក​ជូន​ថា ស្ត្រីអា​មេរិក​អាយុ​៨៣​ឆ្នាំ រូប​នោះ និង​ស្វាមី បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពីថ្ងៃទី១៥ កុម្ភៈ ក្នុង​ចំណោម​អ្នក​ដំណើរ​១៥៤​នាក់​នៅ​លើនា​វា Westerdam។ ទៅ​ដល់ទឹក​ដីម៉ាឡេស៊ី អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ បាន​រក​ឃើញ​ថា​ស្ត្រី​រូប​នេះ មាន​កូរ៉ូណា​វីរុស ឯប្ដី​របស់​គាត់ មិន​មាន​ឡើយ​។ បន្ទាប់​ពីការ​ទាមទារ​ពី​កម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ភាគី​ម៉ាឡេស៊ី​ក៏​បាន​ធ្វើ​តេស្ត​ជា​លើកទី២ ដែល​ចេញ​លទ្ធផល​ដូច​គ្នា គឺ ស្ដ្រី​រូប​នោះ មាន​ផ្ទុក​មេរោគ​កូរ៉ូណាវីរុស ឬ COVID-19។

ក្រសួង​សុខាភិបាល​កម្ពុជា តាម​រយៈលិខិត​របស់​ខ្លួន​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ បាន​លើក​ថា អង្គការ​សុខភាព​ពិភព​លោក និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺ​ឆ្លង​របស់​អាមេរិក បាន​រួម​សហការ​គ្នា​ជា​មួយ​កម្ពុជា ធ្វើ​តេស្ត​លើ​អ្នកដំណើរ និង​អ្នក​បំរើ​ការងារ​លើនាវា Westerdam ដែល​នៅ​សេស​សល់​ចំនួន ១ ៥៨០នាក់ នៅ​ភ្នំពេញ និង​ខេត្តព្រះ​សីហនុ ហើយ​ទទួល​លទ្ធផល​អវិជ្ជមាន​វីរុស COVID-19 ទាំង​អស់​។ ដូច្នេះ​ ករណី​ស្ត្រី​អាយុ៨៣​ឆ្នាំ នៅ​ម៉ាឡេស៊ី គឺ​មាន​លទ្ធផល​តេស្តវីរុស​ COVID-19 មិន​ប្រក្រតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ