អានតួអត្ថបទ

នេប៉ាល់​ សង្ឃឹម​សម្រេច​បាន​កិច្ចព្រមព្រៀង​វិនិយោគ​ច្រើន​ជាមួយ​ដៃគូ​ចិន ​

ប្រធានាធិបតីនេប៉ាល់លោកស្រី ប៊ីឌីយ៉ា បានដារី និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
ប្រធានាធិបតីនេប៉ាល់លោកស្រី ប៊ីឌីយ៉ា បានដារី និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។ Prakash Mathema/Pool via REUTERS

លោកប្រធានាធិបតីចិនស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងបង្អស់ ទៅដល់ប្រទេសនេប៉ាល់ នៅថ្ងៃសៅរ៍ ទី ១២ តុលា។ នេប៉ាល់ នៅថ្ងៃម្សិលមិញនេះ បានក្រាលព្រំក្រហម ទទួលស្វាគមន៍យ៉ាងរាក់ទាក់ចំពោះលោកស៊ី ជីនពីង អមដោយក្តីសង្ឃឹមថានឹងទទួលបានថវិកា ពីសមភាគីចិនយ៉ាងច្រើន តាមរយៈការវិនិយោគនានា។ មិនតែប៉ុណ្ណោះ អាជ្ញាធរនេប៉ាល់ ក៏បានចាត់វិធានការតឹងរ៉ឹងផងដែរ ការពារមិនឲ្យជនជាតិទីបេ អាចធ្វើបាតុកម្មបាន ក្នុងកំឡុងពេលដែលលោកស៊ី ស្នាក់នៅក្នុងប្រទេសនេប៉ាល់ រយៈពេល២ ថ្ងៃ រាប់ចាប់ពីថ្ងៃសៅរ៍ម្សិលមិញ។ 

ផ្សាយពាណិជ្ជកម្ម

ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា លោកប្រធានាធិបតីចិន ស៊ី ជីនពី បានបន្តដំណើរទស្សនកិច្ចភ្លាមភ្លែត ទៅកាន់ប្រទេសនេប៉ាល់ ដែលជាប្រទេសភូមិផងរបស់ឥណ្ឌា។

នេប៉ាល់ បានបើកទ្វារទទួលស្វាគមន៍លោកស៊ី ជីនពីង ដោយដៃពីរ។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គេឃើញ ប្រធានាធិបតីនេប៉ាល់លោកស្រី ប៊ីឌីយ៉ា បានដារី (Bidhya Bhandari) បានទៅទទួលលោកស៊ី ដោយផ្ទាល់នៅព្រលានយន្តហោះ ក្នុងទីក្រុងកដ្ឋមណ្ឌូ។

តាមរយៈ ដំណើរមកដល់របស់លោកប្រធានាធិបតីចិន ជាលើកទី១ ក្នុងរយៈពេល ២៣ ឆ្នាំ កន្លងមកនេះ រដ្ឋាភិបាលនេប៉ាល់ សង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ជាច្រើនជាមួយនឹង ភាគីចិន។ ក្នុងនោះមានដូចជា គម្រោងហេដ្ឋរចនាសម្ព័ន្ធ និងគម្រោងបង្កើតរោងចក្រវារីអគ្គិសនីជាដើម។

ពីខាងភាគីចិនប៉េកាំងវិញ លោកប្រធានាធិបតីស៊ី ជីនពីងរំពឹង ថានឹងអាចបង្កើនចំណងទាក់ទង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទ្វេឡើង ជាមួយនឹងប្រទេសនេប៉ាល់។ ទន្ទឹមគ្នានេះ លោកស៊ី ក៏រំពឹងអាចជំរុញឲ្យគម្រោងផ្លូវមួយ ក្រវ៉ាត់មួយ ដើរឆ្ពោះទៅមុខ ជាមួយនឹងនេប៉ាល់ផងដែរ។

គួរកត់សម្គាល់ថា នៅប៉ុន្មានថ្ងៃមុនការមករបស់លោកប្រធានាធិបតីចិន មានជនជាតិទីបេ ប្រមាណជា ១៨ នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានផងដែរប្រជាជននេប៉ាល់ចំនួន២ នាក់ ដែលជាអ្នកលក់ទងជាតិទីបេ ឬស្លាកសញ្ញាគាំទ្រទីបេ។ នេះបើតាម តំណាងយុទ្ធនាការអន្តរជាតិដើម្បីទីបេ (ICT)។

គួរជ្រាបដែរថា សព្វថ្ងៃនេះ នេប៉ាល់ គឺជាទីជម្រករបស់ប្រជាជនទីបេចំនួនប្រមាណ ២ម៉ឺននាក់។ ដោយមានសម្ពាធពីក្រុងប៉េកាំង អាជ្ញាធរនេប៉ាល់ បានប្រកាន់ភ្ជាប់នូវជំហរតឹងតែង ចំពោះរាល់សកម្មភាពរបស់ប្រជាជនទីបេ។

ជាក់ស្តែង​ នៅមុន និងកំឡុងពេលមកដល់ប្រទេសនេប៉ាល់ របស់លោកស៊ី ជីនពីង ប៉ូលិសនេប៉ាល់ជាច្រើន បានបង្ហាញខ្លួននៅកន្លែងដែលប្រជាជនទីបេ ស្នាក់នៅ និងបានប្រាប់ឲ្យពួកគេសំងំនៅតែក្នុងផ្ទះ និងកុំទៅណាឲ្យសោះ។

ជនជាតិ ទីបេម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សកម្មភាពរបស់អាជ្ញាធរនេប៉ាល់ គឺជាសកម្មភាពបំភិតបំភ័យ។ ហើយទាក់ទងរឿងនេះដែរ អាជ្ញាធរនេប៉ាល់ បានបដិសេធមិនបញ្ចេញយោបល់អ្វីទាំងអស់៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ