អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បញ្ហា​ប្រឈម​សំខាន់ៗ សម្រាប់​ការបោះឆ្នោត​សភា នៅ​អាហ្វហ្កានីស្ថាន

សំឡេង ០៤:១២
បុរសអាហ្វហ្កានីស្ថានម្នាក់ទៅចុះឈ្មោះសម្រាប់ការបោះឆ្នោតសភាលើកទី៣ នៅក្រុងកាប៊ូល ថ្ងៃទី២៣​ មេសា ២០១៨
បុរសអាហ្វហ្កានីស្ថានម្នាក់ទៅចុះឈ្មោះសម្រាប់ការបោះឆ្នោតសភាលើកទី៣ នៅក្រុងកាប៊ូល ថ្ងៃទី២៣​ មេសា ២០១៨ REUTERS/Mohammad Ismail

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក្រោយការ​ផ្តល់រំលំរបប​គ្រប់គ្រងក្រុមតាលីបង់ បានប្រកាសថា នឹងធ្វើការ​បោះឆ្នោត​សភាជាលើកទី៣ នៅថ្ងៃទី២០ខែតុលាខាងមុខ បន្ទាប់ពីការបោះឆ្នោត​នេះត្រូវបានពន្យាពេល​ជាច្រើនដង តាំងពីឆ្នាំ២០១៥។ ដំណើរការចុះឈ្មោះ​បោះឆ្នោត​បានចាប់ផ្តើម​តាំង​ពីពាក់កណ្ដាលខែមេសានេះ តែទោះជាយ៉ាងណាក្តី ការរៀបចំការបោះឆ្នោតលើកនេះ​មានបញ្ហា​ប្រឈមធំៗ​ចំនួន៣គឺ បញ្ហាអសន្តិសុខ កង្វះថវិការ និងការមិនទុកចិត្ត​លើគណៈកម្មាធិការ​រៀបចំការ​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

ក្រោយពេលរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានប្រកាសថា នឹងធ្វើការបោះឆ្នោតសភាលើកទី៣នៅថ្ងៃទី២០ខែតុលា មន្ទឹលសង្ស័យពីបណ្ដាជននៅមានថា តើការបោះឆ្នោតពិតជាអាចធ្វើទៅតាមការកំណត់លើកចុងក្រោយនេះ ឬពន្យាពេលម្តងទៀត ដូចដែលបានធ្វើឡើងជាច្រើនលើករួចមកតាំងពីឆ្នាំ២០១៥។

បញ្ហាអសន្តិសុខ អាចនឹងក្លាយជាកត្តាដ៏ធំបំផុតដែលរាំងស្ទះដល់ការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន។

តាំងពីការិយាល័យចុះឈ្មោះបោះឆ្នោតចាប់ផ្តើមដំណើរការ ពីថ្ងៃទី១៤មេសា រហូតមកដល់ថ្ងៃទី២៣មេសា ក្រុមប្រដាប់អាវុធយោធាប្រឆាំងរដ្ឋាភិបាល បានធ្វើការវាយប្រហារលើការិយាល័យយ៉ាងតិច៣កន្លែង ដែលក្នុងនោះរួមមានភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់មនុស្សប្រមាណ៦០នាក់និងរបួស១១២នាក់ នៅការិយាល័យចុះឈ្មោះបោះឆ្នោតមួយកន្លែងក្នុងក្រុងកាប៊ូល កាលពីថ្ងៃអាទិត្យទី២២ មេសា នេះ។

អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន​ បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកថា ក្នុងចំណោមការិយាល័យចុះឈ្មោះបោះឆ្នោតសរុប ចំនួន៧,៣៥៥ មានការិយាល័យចំនួន១,១២២ ស្ថិតក្រោមការគំរាមកំហែងផ្នែកសន្តិសុខ កម្រិតមធ្យម និង១,១២០ផ្សេងទៀតប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ កម្រិតធ្ងន់។

មន្ត្រីអាជ្ញាធរអាហ្វហ្កានីស្ថានបានលើកឡើងថា ការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាបញ្ហាចោទក៏គួរអោយព្រួយបារម្ភមួយ ដោយហេតុថាតំបន់សំខាន់ៗមួយចំនូនរបស់រអាហ្វហ្កានីស្ថានត្រូវបានកាន់កាប់ដោយក្រុមតាលីបង់ និងក្រុមប្រដាប់អាវុធយោធាផ្សេងទៀត។ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន អាចគ្រប់គ្រងបានត្រឹមតែជាង៥០ភាគរយនៃដែនដីប្រទេសប៉ុណ្ណោះ។

បញ្ហាកង្វះថវិការ អាចនឹងក្លាយជាបញ្ហាប្រឈមសំខាន់មួយផងដែរ សម្រាប់ការរៀបចំការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន។

ថវិការជាង១ពាន់លានដុល្លា ត្រូវបានចំណាយទៅលើការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៦។ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានបង្ហាញដោយដឹងថា អាហ្វហ្កានីស្ថានត្រូវការកញ្ចប់ថវិការប្រមាណ១២០លានដុល្លា សម្រាប់រៀបចំការបោះឆ្នោតសភានិងក្រុមប្រឹក្សាស្រុកខាងមុខនេះ។ ក្នុងនោះ គេត្រូវការប្រមាណ ២៨.៤លានដុល្លាសម្រាប់រៀបចំចុះឈ្មោះបោះឆ្នោតសភានៅខែតុលា។

កន្លងមក ម្ចាស់ជំនួយអន្តរជាតិបានផ្តល់នូវថវិការដែលគេត្រូវការសម្រាប់ការបោះឆ្នោតទាំងឡាយនៅប្រទេសអាហ្វហ្កានីស្ថាន។ សម្រាប់ការបោះឆ្នោតសភាលើកទី៣នេះ អង្គភាពបេសកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្កានីស្ថាន ដែលហៅកាត់ថា UNAMA ប្រកាសកាលពីចុងឆ្នាំ២០១៧ ថានឹងប្រមូលមូលនិធិអន្តរជាតិចំនួន៩០ភាគរយនៃកញ្ចប់ថវិការ២៨.៤លានដុល្លា ដែលគេត្រូវការ ដើម្បីរៀបចំចុះឈ្មោះអ្នកបោះឆ្នោត។ ក្រៅពីនេះ ពុំទាន់មានអង្គការអន្តរជាតិ ឬប្រទេសជំនួយណាមួយចេញមុខប្រកាស ផ្តល់ជំនួយសម្រាប់ការបោះឆ្នោតសភាខាងមុខនោះទេ។

បញ្ហាប្រឈមមួយផ្សេងទៀត អាចជាការមិនទុកចិត្តលើគណៈកម្មាធិការរៀបចំការបោះឆ្នោត។

ចាប់តាំងពីវិបត្តិក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤មក ប្រជាពលរដ្ឋអាហ្វហ្កានីស្ថានពុំទុកចិត្តលើគណៈកម្មាធិការរៀបចំការបោះឆ្នោតទៀតនោះទេ។ គួររំលឹកថា កាលពីឆ្នាំ២០១៤ ការបោះឆ្នោតប្រធានាធិបតី មានការក្លែងបន្លំដ៏ធំ ដែលនាំអោយលទ្ធផលត្រូវបដិសេធចោលទាំងស្រុង ហើយមានការបោះឆ្នោតសារជាថ្មីជាលើកទី២។

ទោះបីជាពេលថ្មីៗនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថា នឹងព្យាយាមធ្វើអោយការបោះឆ្នោតខាងមុខនេះ មានភាពសេរីនិងយុត្តិធម៌ក៏ដោយក្តី ក៏ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនមិនចង់ទៅបោះឆ្នោត​ ដោយពួកគេយល់ឃើញថា សម្លេងនៃសន្លឹកឆ្នោតរបស់ពួកគេ​ ប្រហែលជាមិនត្រូវបានរាប់ចូល ដូចពេលបោះឆ្នោតឆ្នាំ២០១៤ដូច្នេះដែរ។

ដោយហេតុថា អាហ្វហ្កានីស្ថានកំពុងប្រឈមទៅនឹងបញ្ហាធំៗដែលបានរៀបរាប់ខាងលើ គឺបញ្ហាអសន្តិសុខ កង្វះថវិការ និងការមិនទុកចិត្តលើគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនប្រាកដនោះទេដែលថា ការបោះឆ្នោតសភាលើកទី៣នៅអាហ្វហ្កានីស្ថាន អាចនឹងធ្វើទៅបានក្នុងខែតុលាតាមការកំណត់។ តែទោះជាយ៉ាងណាក្តី រដ្ឋាភិបាល​អាហ្វហ្កានីស្ថានបានបង្ហាញនូវភាពសុទិដ្ឋិនិយមចំពោះការរៀបចំបោះឆ្នោតសភាលើកនេះ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ