អានតួអត្ថបទ
ថៃ

ហេតុការណ៍​បាញ់​រះ​នៅ​ប្រទេស​ថៃ៖ ខ្មាន់​កាំភ្លើង​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​​ក្នុង​ផ្សារ​ទំនើប

កង​កម្លាំង​ប៉ូលីស​ថៃ ក្នុង​ពេល​ឡោម​ព័ទ្ធ​ផ្សារ​ទំនើប Terminal 21 - ជា​ទី​ដែល​ខ្មាន់​កាំភ្លើង​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន
កង​កម្លាំង​ប៉ូលីស​ថៃ ក្នុង​ពេល​ឡោម​ព័ទ្ធ​ផ្សារ​ទំនើប Terminal 21 - ជា​ទី​ដែល​ខ្មាន់​កាំភ្លើង​ចូល​ទៅ​សម្ងំ​លាក់​ខ្លួន LILLIAN SUWANRUMPHA / AFP

ហេតុការណ៍​បាញ់​រះ​នៅ​ខេត្ត​នគររាជ​សីមា​របស់​ថៃ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ បន្ទាប់​​ពី​ខ្មាន់​កាំភ្លើង​ត្រូវ​កង​កម្លាំង​ប៉ូលីស​ថៃ​បាញ់​សម្លាប់​នៅ​វេលា​ម៉ោង​ជាង​៩​ព្រឹក ​ថ្ងៃ​អាទិត្យ​ទី​០៩​កុម្ភៈ​នេះ នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនើប Terminal 21 ជា​ទី​ដែល​ខ្មាន់​កាំភ្លើង​ចូល​ទៅ​លាក់​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​។ អាជ្ញាធរ​គូស​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​នេះ ខ្មាន់​កាំភ្លើង​ដែល​ជា​ទាហាន​ថៃ បាន​បាញ់​សម្លាប់​មនុស្ស​អស់​២០​នាក់ ក្នុង​នោះ​មាន​២​នាក់​ជា​កង​កម្លាំង​ប៉ូលីស​។

ផ្សាយពាណិជ្ជកម្ម

នៅ​ខេត្ត​នគរ​រាជសីមា ឬ​ខូរ៉ាត ប្រតិបត្តិការណ៍​តាម​ប្រមាញ់​ខ្មាន់​កាំភ្លើងដែល​បាញ់​រះ​សម្លាប់​មនុស្ស​អស់​២០​នាក់ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១៧​ម៉ោង ពោល​គឺ​ចាប់​តាំង​ពី​ពេល​ដែល​ខ្មាន់​កាំភ្លើង​ចាប់​ផ្ដើម​បាញ់​រះ​មនុស្ស​នៅ​តាម​ផ្លូវ មុន​ពេល​​ចូល​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ផ្សារ​ទំនើប Terminal 21 កណ្ដាល​ទីប្រជុំ​ជន​ខូរ៉ាត នៅ​ម៉ោង​៥​ល្ងាច ថ្ងៃសៅរ៍ ទី​០៨ កុម្ភៈ​។

អាជ្ញាធរ​ថៃ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​រាប់​រយ​នាក់ ឡោម​ព័ទ្ធ​ផ្សារ​ទំនើប Terminal 21 ក្នុង​គោលដៅ​បញ្ឈប់​សកម្មភាព​ខ្មាន់​កាំភ្លើង និង​រំដោះ​ប្រជាជន​ដែល​ជាប់​ខ្លួន​នៅ​ក្នុង​ផ្សារ។ ពេញ​មួយ​យប់​ថ្ងៃ​សៅរ៍ រហូត​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​នេះ កង​កម្លាំង​ប៉ូលីសថៃ​​បាន​ប្រើ​ប្រាស់​វិធី​ជា​ច្រើន​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​​ខ្មាន់​កាំភ្លើង ក្នុង​នោះ មាន​ទាំង​ការចរចា​​លួងលោម​ពី​សំណាក់​ម្ដាយ​របស់​ខ្មាន់​កាំភ្លើង ព្រម​ទាំង​ប្រើ​ប្រាស់​ឧបករណ៍​ដ្រូន​ថត​យក​ការណ៍, ប៉ុន្តែ​វិធី​ទាំង​នោះ​ពុំ​បាន​ទទួល​ផល​ឡើយ​។ នៅ​ទី​បំផុត កង​កម្លាំង​ប៉ូលីស​ថៃ បាន​សម្រេច​ចិត្តបាញ់​សម្លាប់​​ខ្មាន់​កាំភ្លើង​ដ៏​ឃោរឃៅ នៅ​វេលា​ម៉ោង​ប្រមាណ​៩ ព្រឹក​ថ្ងៃ​អាទិត្យ ទី​០៩​កុម្ភៈ​នេះ។

សូម​ជម្រាប​ថា ខ្មាន់​កាំភ្លើង​បង្ក​ហេតុ​បាញ់​រះ​សម្លាប់​មនុស្ស​ឥត​ត្រា​ប្រណី​រូប​នេះ ឈ្មោះ ចក្រាផាន់ ធ័មម៉ា គឺ​ជា​នាយ​ទាហាន​ម្នាក់​ដែល​មាន​ជំនាញ​ខាង​បាញ់​កាំភ្លើង​រយៈ​ចម្ងាយ​ឆ្ងាយ​។ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៨​កុម្ភៈ បុរស​រូប​នេះ​បាន​ចូល​ទៅ​បាញ់​សម្លាប់​មេ​បញ្ជា​ការ​របស់​ខ្លួន ព្រម​ទាំង​ម្ដាយ​ក្មេក​របស់​មេ​បញ្ជាការ ដោយ​សារ​ទំនាស់​ផ្ទាល់​ខ្លួន​​។ ក្រោយ​ពី​នោះ ចក្រាផាន់ បាន​ចូល​ទៅ​​លួច​យក​កាំភ្លើង គ្រាប់​កាំភ្លើង អាវុធ​ជាតិ​ផ្ទុះ និង​រថយន្ត​ហ្ស៊ីប​មួយ​គ្រឿង​​ពី​បន្ទាយ​ទាហាន ដោយ​​បាន​បាញ់​ឲ្យ​ស្លាប់​ទាហាន​ម្នាក់​នៅ​ទី​នោះ និង​ធ្វើ​ឲ្យ​របួសចំនួន២​​នាក់​ទៀត​។ ចក្រាផាន់ បាន​បើក​ការ​បាញ់​រះ​ជា​បន្ត​បន្ទាប់​តាម​ផ្លូវ​ចេញ​ពី​បន្ទាយ​ទាហាន រហូត​ដល់​ផ្សារ​ទំនើប Terminal 21។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក ចក្រាផាន់ បាន​សរសេរ​បញ្ជាក់​ថា ការ​បាញ់​សម្លាប់​មេ​បញ្ជាការ គឺ​គេ​ធ្វើ​ឡើង​ដើម្បី​សងសឹក​។ ចំណែកការ​បាញ់​រះ​​ក្រៅ​ពីនោះ គឺ​ជា​ទង្វើ​ការពារ​ខ្លួន​សុទ្ធ​សាធ​។ យ៉ាង​ណា​ក៏​ដោយ សាធារណមតិ​ថៃ ហាក់​ទទួល​យក​មិន​បាន​ទេ មូលហេតុ​ការពារ​ខ្លួន​ដែល​លើក​ឡើង​ដោយ​ខ្មាន់​កាំភ្លើង​នេះ។ ទទួល​យក​មិន​បាន​ដោយ​សារ​តែ​នៅ​ក្នុង​វីដេអូ​ជា​ច្រើន​​ដែល​គេថត​បាន គឺ​ថា គ្មាន​នរណា​ទៅ​វាយ​ប្រហារ​ខ្មាន់​កាំភ្លើង​រូប​នេះ​ឡើយ​។ ផ្ទុយ​មក​វិញ គឺ​មាន​តែ​ខ្មាន់​កាំភ្លើង​ម្នាក់​ឯង​ប៉ុណ្ណោះ ដែល​នៅ​សុខ​ៗ បើក​ការ​បាញ់​រះ​ទៅ​លើ​មនុស្ស​ម្នា​នៅ​តាម​ទីសាធារណៈ​។

គិត​ត្រឹម​រសៀល​ថ្ងៃ​អាទិត្យ​នេះ ស្ថានការណ៍​នៅ​ផ្សារ​កើត​ហេតុ​ហាក់​បាន​ធូរ​ស្រាល​បន្តិច​ហើយ ប៉ុន្តែ​កង​កម្លាំង​មាន​សមត្ថកិច្ច​ថៃ បន្ត​ឈរ​ជើង​នៅ​ទី​នោះ​ដើម្បី​ត្រួត​ពិនិត្យ​បរិវេណ​ផ្សារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយ​បារម្ភ​ក្រែង​ថា ខ្មាន់​កាំភ្លើង​បាន​បង្កៃ​ទុក​នូវ​អាវុធ​ជាតិ​ផ្ទុះ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការ​បាញ់​រះ​នៅ​ខេត្ត​នគររាជ​សីមា​ប្រទេស​ថៃ​នេះ តួ​លេខ​អ្នក​ស្លាប់​ផ្លូវ​ការ​ផ្ដល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច គឺ​មាន​ចំនួន​២០​នាក់​។ ចំណែក​អ្នក​របួស​មាន​ប្រមាណ​៥០​នាក់ ក្នុង​នោះ​៩​នាក់​កំពុង​ត្រូវ​ជួយ​សង្គ្រោះ​បន្ទាន់​ដោយ​ការ​វះ​កាត់ ២០​នាក់​កំពុង​ទទួល​ការ​ព្យាបាល​បឋម និង​ចំនួន​ដែល​នៅ​សេស​សល់​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។ លោក​នាយករដ្ឋ​មន្ដ្រី​ថៃ ប្រាយុទ្ធ​ចាន់​អូឆា បាន​អញ្ជើញ​ទៅ​ដល់​ខេត្ត​នគររាជសីមា នា​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​រះ​នេះ នៅ​តាម​មន្ទីរ​ពេទ្យ​ធំ​ៗ​ក្នុង​ទី​ប្រជុំ​ជន​ខូរ៉ាត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ